ព័ត៌មានជាតិ

នគរបាល​ប៉ុស្ដិ៍​បឹងទំពុន​ឃាត់ខ្លួន​បងប្រុស​លោក ឆាយ វិរៈ​យុទ្ធ ពី​បទ​ឆបោក​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​បង​ប្រុស​បង្កើត​របស់​តារា​ចម្រៀង​ដែល​កំពុងតែ​ពេញនិយម​លោក ឆាយ វីរៈ​យុទ្ធ ឈ្មោះ ឆាយ ពៅ អាយុ​៣៥​ឆ្នាំ​មុខរបរ​អ្នក​លេខ​ភ្លេង ស្នាក់នៅ​ភូមិ​ស្នែង​រលីង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​ទំ​ពុង ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​៨​ខែ​ឧសភា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ហាង​អិន​ធឺ​ណេត ស៊ី​អេច​ណេត តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ជនរងគ្រោះ​ឈ្មោះ សេង ចាន់​ស៊ីណា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​មុខរបរ​ជា​អ្នកសិល្បៈ មាន​ទីលំនៅ​ផ្ទះ​លេខ​២៧ ផ្លូវ 83BT ក្រុម​៦ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ បើ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​បានអោយដឹងថា កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២១​ខែ​មេសា​ឆ្នាំ​២០១៤​កន្លងទៅ នារី​រងគ្រោះ​កំពុង​ស្នាក់នៅ​ផ្ទះ​របស់​នា​ង​បន្ទាប់មក​ស្រាប់តែ​ឈ្មោះ ឆាយ ពៅ បាន​ទូរស័ព្ទ​មក​នាង​ថា​ស្អែក​រូប​គេ​ជួល​ឧបករណ៍​ភ្លេង (​អ័ក​) លេង​មួយ​ភ្លែត ខណៈពេល​នោះ​ឈ្មោះ ឆាយ ពៅ បាន​ព្យាយាម​និយាយ​លួងលោម​នាង​ចង់បាន​ឧបករណ៍​ភ្លេង​ទាំងយប់ ប៉ុន្តែ​នាង​មិន​ព្រម ដោយ​រូបនាង​ប្រាប់​ថា​ចាំ​ព្រឹក​ចាំ​មក​យក​រួច​នាង​ក៏​ដាក់​ទូរស័ព្ទ​ចុះ​។​

​លុះ​ព្រឹក​ឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​២១​ខែ​មេសា រូប​នាង​កំពុង​សំរាក​ឈ្មោះ ឆាយ ពៅ ក៏​បាន​មក​យក​ឧបករណ៍​ភ្លេង​(​អ័ក​) ដោយ​ជួប​ជាមួយ​ម្ដាយ​នាង​ជា​អ្នក​ប្រគល់អោយ ពេលនោះ​ឈ្មោះ ឆាយ ពៅ បាន​យក​ឧបករណ៍​ទៅ​បាត់​រហូត​ដល់​សព្វថ្ងៃ ហើយ​រូប​នាង​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​ប៉ុន្តែ​រូបគេ​បាន​បិត​ទូរស័ព្ទ ទើប​រូបនាង​សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​សុំ​ការអន្តរាគមន៍​ស្វែងរក​ឈ្មោះ ឆាយ ពៅ អោយ​ប្រគល់​ឧបករណ៍​ភ្លេង​អោយ​រូប​នាង​វិញ​។ បន្ទាប់ពី​សមត្ថកិច្ច​សួរនាំ​ពី​ឧបករណ៍​ឈ្មោះ ឆាយ ពៅ បាន​ប្រាប់ថា​រូបគេ​បាន​យក​ទៅ​ដាក់បញ្ចាំ​យកលុយ​ចាយ​អស់​ហើយ​។ បច្ចុប្បន្ន​បុរស​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍​បឹង​ទំ​ពុង​ឃាត់ខ្លួន​និង​សួរនាំ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-05-09_152246

Chay Virakyuth

មតិយោបល់