ព័ត៌មានជាតិ

រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​សិន​ទ្រី​តៃកុង​ងងុយដេក​បើក​បុក​បង្គោល​ភ្លើង​១​ដើម​បាក់​សង្កាត់​រថយន្ត​២​គ្រឿង​ចត​ស្ងៀម​រង​ការខូចខាត​

​ភ្នំពេញ ៖ បង្គោល​ភ្លើង​មួ​យ​ដើម​បាន​បាក់​សង្កាត់​ប៉ះ​ចំ​រថយន្ត​២​គ្រឿង​ចត​ស្ងៀម​រង​ការខូចខាត ខណៈ​ដែល​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​សិន​ទ្រី បើក​បុក​ចំ​ពេញទំហឹង ដោយសារ​តែ​តៃកុង​រថយន្ត​ងងុយដេក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩​ខែ​ឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សិន​ទ្រី បើក​ប្រមូល​សំរាម​ដូច​សព្វដង តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ត្រង់​ចំណុច​មុខ​ហាង​លក់​ម៉ូតូ​យីហោ ហ៊ុយ សា​ខន ស្រាប់តែ​រថយន្ត​ក៏​រេ​ចង្កូត​ទៅ​ខាងស្ដាំ ហើយ​ក៏​បុក​ចំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ មួ​យ​ដើម​បណ្ដាលអោយ​បាក់​សង្កាត់​ប៉ះ​ចំ​រថយន្ត​២​គ្រឿង មួយគ្រឿង​ម៉ាក​កាមរី និង​មួយ​គ្រឿង​ម៉ាក​លុច​ស៊ី​ស ៤៧០ ដែល​ចត​ស្ងៀម​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាលអោយ​រង​ការខូចខាត ចំណែក​តៃកុង​រថយន្ត​បន្ទាប់​ពី​បង្កហេតុ​រួច​ក៏​រត់គេចខ្លួន​បាត់​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ចុះមក​ត្រួតពិនិត្យ​និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​។​
2014-05-09_150952
​គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៧​ខែ​ឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​បេតុង​បុរី​សូ​នី ស្ថិតក្នុង​ភូមិ​ឫស្ស សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏​មាន​ករណី​ស្រដៀង​នេះ​ផង​ដែរ​បង្កឡើង​ដោយ រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​សិន​ទ្រី បាន​បើក​បុក​របង​ថ្ម​ដីឡូត៍​មួយ​កន្លែង​បណ្ដាលអោយ​បាក់​រង​ការខូចខាត ដោយសារ​តែ​តៃកុង​រថយន្ត​ងងុយដេក ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សិន​ទ្រី ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​២​នាក់ តាម​បណ្ដោយ​ផ្លូវ​បេតុង​បុរី​សូ​នី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង ហើយ​ក៏​បុក​ចំ​របង​ថ្ម​ដីឡូត៍​មួយ​កន្លែង​បណ្ដាល​អោយ​ធ្លាយ​ចូល​ក្បាល​រថយន្ត​គាល់​និង​របង ទៅមុខ​លែងរួច ចំណែក​របង​ថ្ម​បាន​បាក់​មួយ​ប្រឡោះ​ធំ​រង​ការខូចខាត សំណាង​ដែល​មិន​បង្ក​អោយមាន​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​។ បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់ នៅសល់តែ​បុរស​ម្នាក់​នៅ​ចាំ​រថយន្ត​។

​បើ​តាម​សំដី​របស់​បុរស​ដែល​នៅ​ចាំ​រថយន្ត​បានអោយដឹងថា​មូលហេតុ​ដែល​បណ្ដាល​អោយ​រថយន្តបុក​របង​ថ្ម​បែបនេះ​គឺ​ដោយសារ​តៃកុង​រថយន្ត​ងងុយដេក ហើយ​ងោក​មួយភាំង ក៏​បុក​របង​ថ្ម​តែម្ដង​។​
​ក្រោយពេល​កើតហេតុ​ម្ចាស់​ដី​ឡូត៍​បាន​ទំនាក់ទំនង​ទៅ​ដំណាង​ក្រុមហ៊ុន​អោយ​ចុះ​មក​មើល​និង​ធ្វើ​ការសង​សំណង​របង​ថ្ម​ដល់​ម្ចាស់​ដី​ឡូត៍​ដើម្បី​បញ្ចប់រឿង​៕

មតិយោបល់