ព័ត៌មានជាតិ

អង្គុយ​ផឹកស៊ី​សុខៗ​ត្រូវ​គេ​ដេញ​វាយ​បណ្ដាល​អោយ​បែកក្បាល​ហូរឈាម​ដោយ​មិន​ដឹង​មូលហេតុ

ភ្នំពេញ ៖ បុរស​៤​នាក់​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ចំណុច​ស្ពាន​នាគ​វត្តភ្នំ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​ចុះ​មក​វាយ​បណ្ដាលអោយ​បែកក្បាល​រួច​ថែមទាំង​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​ថែមទៀត​ដោយ​មិន​ដឹង​មូលហេតុ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដ​ម​កែង​ផ្លូវ​លេខ​១១៤ មុខ​មន្ទីរពេទ្យ ព្រះ​អង្គ​ឌួង ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។ ហេតុការណ៍​ខាងលើ​នេះ​ត្រូវ​ប្រភព​ព័ត៌មាន​ប្រាប់​ពី​មូលហេតុ​បានអោយដឹងថា គេ​បាន​ឃើញ​បុរស​៤​នាក់​អង្គុយ​ផឹកស៊ី​នៅ​ក្បែរ​ស្ពាន​នាគ​វត្តភ្នំ​ហើយ​បាន​ស្រែក​ឡូឡា​យ៉ាង​អាណាធិបតេយ្យ ខណៈ​នោះ​ផង​ដែរ​ស្រាប់តែ​លេចមុខ​បុរស​៤​ទៅ​៥​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប​មក​ឈប់​ហើយ​ស្ទុះ​មក​វាយ​ចំ​ពោះ​បុរស​ដែល​អង្គុយ​ផឹកស៊ី​ស្រែក​ឡូឡា​នោះ​បណ្ដាល​អោយ​បុរស​ម្នាក់​បែកក្បាល​ហូរឈាម​និង​ផ្សេង​ទៀត​រងរបួស ហើយ​ជន​មិន​ស្គាល់​មុខ​ទាំងនោះ​ថែមទាំង​មាន​កាំភ្លើង​ដក​ភ្ជង់​គំរាម​បាញ់​ទៅលើ​ក្រុម​បុរស​ទាំង​នោះ​ទៀត​ផង​។​ភ្លាមៗ​នោះ​ក្រោយពី​មានការ​វាយតប់​គ្នា​ហើយ​ក៏​ភាគី​ខាង​បង្ក​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល​អស់​តែម្ដង​។

បន្ទាប់ពី​កើតហេតុ​ប្រហែល​ជិត​កន្លះ​ម៉ោង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ​បានចុះ​អន្តរាគមន៍​មក​ដល់​កន្លែងកើតហេតុ​ក៏​បាន​ធ្វើការ​សួរនាំ​ពី​មូលហេតុ​ខាងលើនេះ​ទើប​ដឹងថា ប្រហែល​ជា​បុរស​៤​នាក់​ដែល​ជិះ​ម៉ូតូ​៣​គ្រឿង​ខាងលើ​ខឹង​មួរ​ម៉ៅ​និង​បុរស​ដែល​នាំគ្នា​អង្គុយ​ផឹកស៊ី​ស្រែក​ឡូឡា​ផ្អើល​គេ​ផ្អើល​ឯង​ទើប​ទ្រាំ​មិន​បាន​ក៏​មក​បញ្ចេញ​កំហឹង​ដាក់​ទៅលើ​ពួក​បុរស​ខាងលើ​នេះ​តែម្ដង​។​យ៉ាងណាមិញ​បុរស​ដែល​ត្រូវ​គេ​វាយ​រងរបួស​បែកក្បាល​ខាងលើ​នេះ​មិន​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ឡើយ​គ្រាន់តែ​ចង់​ដឹង​ថា​ហេតុអ្វី​បានជា​ពួកគេ​ត្រូវ​គេ​វាយ​ដោយ​មិន​ដឹង​មូលហេតុ​បែបនេះ​។​

ក្រោយ​កើតហេតុ​បុរស​ដែល​រងរបួស​ខាងលើ​នាំគ្នា​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​អោយ​មាន​រឿង​វែងឆ្ងាយ​ទល់​តែ​ទៀត​៕​
1

23

មតិយោបល់