កណ្តាលៈ នារីម្នាក់កំពុងជិះម៉ូតូ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបើកបុក បណ្តាលឲ្យបាក់ជើងម្ខាងរបួសធ្ងន់ធ្ងរ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០២ ស្ថិតក្នុងភូមិបត់តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១១០ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-3731 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿន ក៏បានជ្រុលចង្កូតទៅបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះបាក់ជើងម្ខាងសន្លប់ស្តូកស្តឹងតែម្តង ចំណែករថយន្តបង្កបានបើករត់គេចបាត់ស្រមោលតែម្តង។
នារីរងគ្រោះមិនទាន់បានស្គាល់ឈ្មោះនៅឡើយទេ ភ្លាមៗ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្តកណ្តាលដឹកយកទៅកាន់មន្ទីរពេទ្យជ័យជំនះ។ ចំណែកម៉ូតូ ត្រូវកម្លាំងជំនាញចរាចរណ៍ក្រុងតាខ្មៅយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
https://youtu.be/UEgBvBRQTVE
មតិយោបល់