ភ្នំពេញ៖ បុរសម្នាក់ត្រូវបានចរន្តអគ្គីសនី ឆក់បណ្ដាលឲ្យដួលប្រកាច់ស្លាប់ភ្លាមៗ នៅនឹង កន្លែង ខណៈពេលដែល គេរៀបចំអំពូលភ្លើង ដើម្បីបំភ្លឺហូបបាយ ប៉ុន្តែសំណាង អាក្រក់បានកាន់ប៉ះចំ មុខតំណរខ្សែភ្លើង ក៍ត្រូវឆក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាល ពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៤ នៅក្នុងភូមិត្រពាំងអញ្ចាញ ចាស់ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែល ស្លាប់ខាងលើឈ្មោះ ផាន ពៅ អាយុ២៥ឆ្នាំ មុខរបរកម្មករ រោងចក្រកាត់ដេរ មានប្រពន្ធឈ្មោះ យន ចាន់ណា អាយុ២៧ឆ្នាំ និងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ។តាមប្រភពព័ត៌មានបាន ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំអំពូលភ្លើង ដើម្បីបំភ្លឺហូបបាយនៅ ខាងក្រោមផ្ទះ ព្រោះនៅក្នុងផ្ទះរបស់គេ មានអំពូលភ្លើងតែមួយប៉ុណ្ណោះ គឺប្រើនៅលើផ្ទះផងនិងនៅក្រោមផ្ទះផង។
ខណៈនោះគេបានឡើងទៅដាក់អំពូល ពីលើផ្ទះចុះក្រោម ហើយព្រោះតែមិនប្រុងប្រយ័ត្ន បានកាន់ចំមុខតំណរខ្សែភ្លើង ទើបបណ្ដាលឲ្យឆក់ ស្លាប់ភ្លាមៗមួយរំពេច តែម្ដង ហើយក្រុមគ្រួសារមិនអាច នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបានទាន់ពេលវេលានោះឡើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅ កាន់ទីនោះធ្វើការពិនិត្យ និងកសាង សំណុំរឿងទៅតាមជំនាញ និងបានប្រគល់សាកសពឲ្យប្រពន្ធធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់