ស្ទឹងត្រែង៖ ប្រជាពលរដ្ឋជាង ១០០នាក់នៅក្នុងស្រុកសៀមប៉ាងបានផ្ទុះកំហឹង ខណៈដែលកម្លាំងអាវុធហត្ថដឹកនាំដោយលោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាតុលាការ ខេត្តស្ទឹងត្រែង ចុះបង្ក្រាបឈើប្រណិត នៅតាមផ្ទះរបស់ពួកគេ និងឈានដល់ការលើកគ្នាចូលទៅរំដោះយកគោយន្តកន្ត្រៃដឹកឈើ ២គ្រឿង ទូក១គ្រឿង នៅក្នុងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង ត្រឡប់មកវិញ កាលពីវេលាម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង បានឲ្យយដឹងថា នៅព្រឹកថ្ងៃទី២២ ខែឧសភាម្សិលមិញនេះ មានកម្លាំងអាវុធហត្ថ និងតុលាការដែលដឹកនាំដោយលោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញានៃសាលាតំបូងខេត្តស្ទឹងត្រែង រួមនឹងកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត បាននាំគ្នាចុះទៅចាប់ឈើតាមរោងសិប្បកម្ម និងតាមផ្ទះប្រជាពលរដ្ឋ។
ខណៈដែលកម្លាំអាវុធហត្ថចុះឆែកឆេរនៅតាមផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិផាបាំង ឃុំថ្មកែវ និងបានរឹបអូសឈើប្រណិតប្រភេទធ្នង់ ចំនួន៣សន្លឹក និងឈើនាងនួន ១១ដុំទៅកាន់រដ្ឋបាលព្រៃឈើ ហើយបានបន្តទៅធ្វើការចុះបង្ក្រាប ក្នុងឃុំសេកុបន្តទៀតនោះ ឈើដែលបង្ក្រាបបានជាច្រើនសន្លឹកទៀត ដែលមិនទាន់បានដឹកទៅកាន់រដ្ឋបាលព្រៃឈើផងនោះ ក៏បានត្រូវប្រជាពលរដ្ឋផ្ទុះកំហឹងឡើងតែម្តង។
ដោយសារតែមានការតវ៉ា និងផ្ទុះកំហឹងពីប្រជាពលរដ្ឋ និងខ្លាចមានអំពើហឹង្សាណាមួយកើតឡើងនោះ កម្លាំងអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរួម និងលោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញា នៃសាលាតំបូងខេត្តស្ទឹងត្រែង បានដកកម្លាំងវិលត្រឡប់មកខេត្តវិញ។
ក្រោយពីកម្លាំងសមត្ថកិច្ចបានដកចេញអស់ ប្រជាពលរដ្ឋជាង១០០នាក់ ដែលបានផ្ទុះកំហឹង ដោយសារសមត្ថកិច្ចចុះរឹបអូសឈើ នៅក្នុងផ្ទះរបស់ពួកគាត់ បានលើគ្នាចូលទៅរំដោះគោយន្តចំនួន ២គ្រឿងរួមទាំងឈើដែលជំនាញបង្ក្រាប និងទូកមួយគ្រឿង ដែលកម្លាំងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង បានបង្ក្រាបកាលពីប៉ុន្មានថ្ងៃកន្លងនេះយកទៅបាត់។
ពាក់ព័ន្ធនឹងការបង្ក្រាបឈើខាងលើនេះលោក ប៉ែន សារ៉ាតព្រះរាជអាជ្ញានៃសាលាដំបូងខេត្តស្ទឹងត្រែងទើបតែមកកាន់តំណែងថ្មីបានបញ្ជាក់តាមទូរស័ព្ទប្រាប់នៅព្រឹកថ្ងៃទី២៣ឧសភា២០១៤នេះថា ទាក់ទងនឹងការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ ដោយសារតែប្រជាពលរដ្ឋ មានការតវ៉ានិងក្លាចមានការប៉ះទង្គិចគ្នាជាមួយប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចដកចេញមកវិញ ដើម្បីបញ្ជៀសដ្ឋានការតានតឹង។
ដោយឡែកលោក ស្រស់ សារិន នាយរងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាងបានប្រាប់ឲ្យយដឹងថា ករណីដែលប្រជាពលរដ្ឋ ទៅវាយរំដោះយកគោយន្ត និងឈើនៅទីស្នាក់ការរបស់លោកនេះ កន្លងមកប្រជាពលរដ្ឋនៅភូមិខិះស្វាយ ឃុំព្រែកមាស ក៏ធ្លាប់បានកើតឡើង១លើករួចមកហើយនៅដើមឆ្នាំនេះ បានវាយដណ្តើមយកគោយន្ត១គ្រឿង។នេះជាលើកទី២ហើយ គោយន្តកន្ត្រៃចំនួន២គ្រឿង ទូក១គ្រឿង រួមទាំងនិងឈើប្រណីតមួយចំនួនត្រូវបានរំដោះយកទៅបាត់។ ចំណែកនៅព្រឹកថ្ងៃទី២៣នេះ ប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងទាំងនោះនៅមិនទាន់រំសាយកំហឹងនៅឡើយ ដោយសារថាព្រៃក្នុងទឹកដីស្រុកសៀមប៉ាង ក្រុមឈ្មួញតូចធំកំពុងសំរុកកាប់ យ៉ាងអនាធិបតេយ្យ ប្រជាពលរដ្ឋរកស៊ីតិចតួចត្រូវបានបង្ក្រាប។
ទាក់ទិននិងករណីតវ៉ានិងរំដោះវត្ថុតាងបទល្មើសព្រៃឈើ ចេញពីផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាងខាងលើនេះ គេមិនទាន់ដឹងថា សមត្ថកិច្ចមានវិធានការយ៉ាងណានៅឡើយទេ៕
មតិយោបល់