ខេត្តកំពង់ឆ្នាំង ៖ កាលពីម៉ោងជាង ១០ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីគប់បំផ្ទុះគ្រាប់បែកក្នុងពិធីរាំវង់ធុងបាស់មួយ យ៉ាងហោចណាស់មានបុរសម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សប្រុសស្រី ៥ នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គ្រួសារប្រជាពលរដ្ឋ រស់ នៅភូមិ ឃុំ កើតហេតុខាងលើ បានទិញបាស់ថ្មីរួចក៏ចាក់សាករាំលេងកំសាន្ត និងបានហៅគ្នីគ្នាអ្នកភូមិមកលេងរាំវង់ និងមានកម្មវិធីផឹកស៊ីបន្តិចបន្តួច ។ ក្រោយពីរាំលេងបានរយៈពេលប្រមាណ២ម៉ោងក្រោយមក ស្រាប់តែមានអ្នកមានដទៃទៀតបំរុងចូលមករាំលេងក្នុងកម្មវិធីនោះផង ស្រាប់តែមានយុវជនម្នាក់ពាក់អាវក្រហម បានដើរកមកឈរក្បែររបងផ្ទះកន្លែងរាំធុងបាស់ ។ មួយសន្ទុះក្រោយមក ក៏មានសម្លេងគ្រាប់បែកផ្ទុះតែម្តង បណ្តាលអោយមនុស្ស ប្រុស ស្រី ចំនួន៦នាក់ រងរបួសធ្ងន់ និង ស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះ នៅមន្ទីពេទ្យខេត្តបង្អែកខេត្តកំពង់ឆ្នាំង ។ លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានប្រាប់អ្នកយកពត៌មានយើងអោយដឹងថា ជនដៃដល់ដែលគប់គ្រាប់បែកមកលើផ្លូវខាងមុខផ្ទះកន្លែងរាំវង់កំសាន្តខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ ហើយជនសង្ស័យនេះ
ឈ្មោះ កូវ ធីម ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បើតាម ចម្លើយសារភាពបានអោយដឹងថា ជនសង្ស័យបានទៅឃ្វាលគោក៍ប្រទះឃើញគ្រាប់បែករួចរើសយកមកទុកអស់រយៈពេលប្រមាណជាង២ខែមកហើយ លុះដល់ថ្ងៃកើតហេតុគេក៍យកគ្រាប់បែកមកគប់ទៅលើមនុស្សដែលមកពីភូមិផ្សេង ខណៈដែលកំពុងឈរនៅលើផ្លូវ
ខាងមុខផ្ទះតែម្តង ។ អធិការរូបនេះបានបន្តអោយដឹងថាជនរងគ្រោះ លុះមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤នេះ បានស្លាប់ម្នាក់ខណៈកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ជនរងគ្រោះដែលស្លាប់ឈ្មោះ ភោគ ខាត់ ភេទប្រុស អាយុប្រមាណ៦៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ៕
មតិយោបល់