ព័ត៌មានជាតិ

យុវជន​២​នាក់​ជិះ​ម៉ូតូ​គេច​ពី​គេ​ដេញ​វ៉ៃ​ភ័យ​ពេក​ជ្រុល​ទៅ​បុក​រ៉ឺម៉ូ​តូកង់​៣​រង​ការខូចខាត​

ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​មក​បុក​ម៉ូតូ​កង់​៣​ដែល​ចត​ស្ងៀម​បណ្ដាលអោយ​រង​ការខូចខាត​ដោយសារតែ​ពួកគេ​ភ័យ​ខ្លាំងពេក​ជិះ​ម៉ូតូ​គេច​ពី​គេ​ដេញ​វ៉ៃ កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​២១៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​បាន​ឃើញ​ក្មេងស្ទាវ​មួយក្រុម​ជិត​១០​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​និង​វាយ​យុវជន​២​នាក់​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​សលាយ​ទឹកក្រូច ដែល​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​២១៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ដោយសារ​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ​ពេក ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រ៉ឺម៉ក​ម៉ូតូ​កង់​៣​មួយ​គ្រឿង​ដែល​កំពុង​ចត​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវ​ធ្វើអោយ​ម៉ូតូ​រ៉ឺម៉ក​កង់​៣ កំពិត​ផ្នែក​ខាងក្រោយ​រង​ការខូចខាត ហើយ​ម៉ូតូ​ស្កូ​ពី​វិញ​ក៏​ខ្ទេច​ខូចខាត​ផ្នែក​ខាង​មុខ​ដូច​គ្នា​តែ​មិន​បណ្ដាល​អោយ​អ្នកជិះ​ម៉ូតូ​ស្កូប​ពី​នេះ​រងរបួស​ឡើយ​។​
​បន្ទាប់ពី​កើតហេតុ​ក្រុមក្មេងស្ទាវ​ដែល​បាន​ដេញ​វាយ​យុវជន​២​នាក់​នោះ ឃើញ​ដូចនេះ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​តែម្ដង​។ ក្រោយ​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​សុំទោស​និង​ម្ចាស់​រ៉ឺម៉ក​កង់​៣​រួម​ចេញថ្លៃ​ខូចខាត​ដើម្បី​បញ្ចប់រឿង​៕
2014-05-27_094337

មតិយោបល់