ព័ត៌មានជាតិ

រថយន្ត​កាមរី​ឆ្លាម ដឹក​ស្រី​ស្នេហ៍​បុក​ពុះ​ជ្រៀករ​បាំង​ថ្ម ចែក​ទ្រូងផ្លូវ

​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​កាមរី​ឆ្លាម​និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់​ទៀត​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់ បណ្តាលឱ្យ​រថយន្ត​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាង​មុខ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ ២០១៤ នៅ​ចំណុច​មុខ​វិទ្យាល័យ​បាក់​ទូក តាម​បណ្ដោយ​ផ្លូវ​១៦៩ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា កាមរី ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4508 បើក​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់​ទៀត​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៦៩ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ​មុខ​វិទ្យាល័យ បាក់​ទូក សង្ស័យ​អ្នកបើក​ងោក​មួយភាំង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់ បណ្តាលឱ្យ​រថយន្ត​បង្ក​រង​ការខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​ដាច់​កាឡេ​កង់​មុខ​ទៅមុខ​លែងរួច ចំណែក​អ្នកបើកបរ​សំណាងល្អ​មិន​រងគ្រោះថ្នាក់​ដោយសារ​បាន​ពោង​ការពារ​សុវត្ថិភាព​រថយន្ត​ជួយ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថ​កិច្ច​ជំនាញ​ចរាចរ​ក្រុង​ធ្វើការ​វាសវែង​និង​បាន​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​៕
2014-05-27_094832

មតិយោបល់