កម្មវិធីរាយការណ៍អំពីអំពើពុករលួយតាមរយៈទូរស័ព្ទដៃជាភាសាខ្មែរ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់ៗនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរក្នុងការរាយការណ៍នូវអំពើពុករលួយទាំងឡាយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍។
Bribespot ជាកម្មវិធីរាយការណ៍អំពីអំពើពុករលួយ ដែលបច្ចុប្បន្នត្រូវបានដាក់ឲ្យប្រើប្រាស់នូវក្នុងប្រទេសថៃ និងមានសេចក្ដីរាយការណ៍ចំនួន ១៩៤ ករណី គឺចាប់តាំងពីខែសីហា ឆ្នាំ ២០១៣។ កម្មវិធីនេះវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ទីតាំងលើផែនទី ដែលពួកគេបានក្លាយជាជនរងគ្រោះនៃអំពើពុករលួយ និងបង្ហោះសេចក្តីបរិយាយដ៏ខ្លីអំពីអំពើពុករលួយនោះ។
លោក Artas Bartas អ្នកបង្កើតកម្មវិធី Bribespot បានទទួលស្គាល់ក្នុងសិក្ខាសាលាកាលពីម្សិលមិញថា «ជោគជ័យអ្វីក៏ដោយដែលយើងសម្រេច គឺត្រូវតែនៅថ្នាក់មូលដ្ឋាន» ប៉ុន្តែ លោកបានបន្ថែមថា ការនិយាយតគ្នា និងការលើកទឹកចិត្តពីដៃគូក្នុងស្រុក នឹងជួយឲ្យកម្មវិធីនេះក្លាយជាចំណាប់អារម្មណ៍សាធារណៈ។
លោក ព្រាប កុល នាយកប្រតិបតិ្តនៅអង្គការ តម្លាភាពអន្តរជាតិ កម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលានៅរាជធានីភ្នំពេញ ដែលណែនាំអំពីកម្មវិធីកាលពីម្សិលមិញថា ម្មវិធីនេះផ្តល់មធ្យោបាយមួយទៀតដល់ប្រជាជន ដើម្បីដោះស្រាយបញ្ហាសង្គម ជាពិសេស អំពើពុករលួយ។
លោកបានបន្តទៀតថា «ជាញឹកញាប់ ប្រជាជននិយាយថា ប្រយុទ្ធប្រឆាំងអំពើពុករលួយ អ្នកត្រូវការឆន្ទៈនយោបាយ … ប៉ុន្តែនៅកម្ពុជាវាពិបាកនឹកស្រមៃថា [អ្នកនយោបាយ]មានឆន្ទៈនយោបាយពិតប្រាកដណាស់។ ប្រសិនបើមេដឹកនាំគ្មានឆន្ទៈនយោបាយ គឺមិនអីទេ។ យើងនឹងរកអ្នកដែលមានឆន្ទៈ»៕
មតិយោបល់