ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យវ័យក្មេងម្នាក់អត់លុយចេញទៅធ្វើការនៅប្រទេសថៃក៏ដាច់ចិត្តបោកមិត្តភក្តិយកម៉ូតូយកទៅលក់ តែសំណាងអាក្រក់ត្រូវបានកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន នៅវេលាម៉ោង១០ព្រឹក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចចផ្សារថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបានបញ្ជូនទៅតុលាការ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ជនល្មើសដែលបោកយកម៉ូតូមិត្តភក្តិទៅលក់មានឈ្មោះ អ៊ើង កុក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រលាន ឃុំចាប់ដៃ ស្រុកក្រឡាញ់ ខេត្តបន្ទាយមានជ័យ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ មេត រឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ម៉ូតូមានម៉ាក់ឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ គ្មានស្លាកលេខ។
លោកបានបន្តថា៖ មុនពេលកើតហេតុ ម្ចាស់ម៉ូតូឈ្មោះ មេត រឿន នោះបានយកម៉ូតូទៅលាង នៅផ្សារកំពង់ថ្កូវ ស្របពេលនោះឈ្មោះ កុក ក៏បានមកអង្គុយស៊ីសាច់ឆ្កែនៅក្បែរកន្លែងលាងម៉ូតូនោះ ក៏បានឃើញឈ្មោះ និងហៅឈ្មោះ រឿន ឲ្យមកស៊ីសាច់ឆ្កែជាមួយគ្នា។ លុះស៊ីអស់សាច់ឆ្កែអស់ជាច្រើនចាន ឈ្មោះកុក នោះក៏បានបបួលឈ្មោះរឿន ជិះម៉ូតូជាមួយខ្លួនមកភ្នំលៀប ស្រុកព្រះនេត្រព្រះ ដើម្បីមកលេងផ្ទះមិត្តភក្តិ។
ក្រោយពេលដែលបាននិយាយត្រូវគ្នា ទាំងពីរនាក់ ក៏បានជិះម៉ូតូសំដៅចូលមកភូមិភ្នំលៀប ស្រុកព្រះនេត្រព្រះ លុះជិះមកដល់ចំណុចភូមិភ្នំលៀប ឈ្មោះកុក នោះក៏បាននិយាយទៅកាន់ឈ្មោះ រឿន ថា យើងចូលទៅច្រៀងខារ៉ាអូខេ នៅភូមិភ្នំលៀប ឲ្យបានសប្បាយម្ដង ក្រោយពេលដែលជនទាំង២ នោះច្រៀងខារ៉ាអូខេចប់ហើយឈ្មោះ កុក ក៏បានខ្ចីម៉ូតូឈ្មោះរឿន ថាភ្លេចទូរស័ព្ទនៅកន្លែងស៊ីសាច់ឆ្កែ ក្រោយពេលដែលបានម៉ូតូហើយឈ្មោះកុក ក៏ជិតត្រឡប់មកស្រុកព្រះនេត្រព្រះ និងបានយកម៉ូតូទៅលក់ ឲ្យឈ្មោះ អុំភិន ប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃ ៣៨.០០០បាត តែឈ្មោះអុំភិន ឲ្យតម្លៃតែ៣៣.០០០បាតតែប៉ុណ្ណោះ ឈ្មោះ កុក នោះក៏ព្រមលក់ ហើយឈ្មោះ អុំភិន សុំយកកាតគ្រីតែឈ្មោះកុក នោះ ថាភ្លេចនៅផ្ទះ ស្របពេលនោះឈ្មោះ កុក ក៏បានឈប់លក់វិញ ហើយក៏ធ្វើដំណើរចេញពីផ្ទះឈ្មោះ អុំភិន សំដៅចូលមកស្រុកថ្មពួក ទៅដេកជាមួយមិត្តភក្តិនៅផ្សារថ្មពួក បានចំនួន២យប់។
ចំណែក ឈ្មោះ រឿន ដែលជាម្ចាស់ម៉ូតូ ក្រោយពេលដែលចាញ់បោក ឈ្មោះ កុក ក៏បានប្ដឹងកងរាជអាវុធហត្ថខេត្តឲ្យចុះធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់។
លោក ឱ បូរិន បាននិយាយបន្តថា៖ ក្រោយពេលទទួលបានព័ត៌មានហើយ លោកចាត់កម្លាំងចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនឈ្មោះ កុក បាននៅកន្លែងផ្ទះដេកមិត្តភក្តិនៅផ្សារថ្មពួកតែម្ដង។ ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ ចំណែកម៉ូតូត្រូវបានអាវុធហត្ថប្រគល់ជូនម្ចាស់វិញ។ ឈ្មោះ កុក បានសារភាពថា ខ្លួនដាច់ចិត្តបោកម៉ូតូអ្នករាប់អានជិតផ្ទះជាមួយគ្នា យកទៅលក់នោះព្រោះខ្លួនគ្មានលុយធ្វើដំណើរទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ទើបដាច់ចិត្តបោកម៉ូតូគេយកទៅលក់យ៉ាងដូច្នេះ៕
មតិយោបល់