ព័ត៌មានជាតិ

សាលាឧទ្ឋរណ៍​កាត់ទោស យាយ​ក្រពើ ពី​បទ​ឆបោក​ប្រាក់​២០​ម៉ឺន​ដុល្លារ​

​ភ្នំពេញ ៖ សាលាឧទ្ឋរណ៍ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ បាន​កាត់ទោស​ជន​ជាប់ ចោទ​ឈ្មោះ ឈិន សុគន្ឋា​រី ហៅ​យាយ​ក្រពើ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡា​យី​ម៉ិច​ហូល ឌី​ង​គ្រុប​ពីបទ​ឆបោក​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក តាម​រូបភាព​បញ្ជាំ​ដីឡូ​៤​ប្លង់​ទៅ​ឲ្យ​ដើមបណ្តឹង តែ​បែរជា​ផ្ទេរ​កម្ម​សិទ្ឋិ​ទៅ​ឲ្យ​អ្នកដទៃ គេចវេស​មិន​ព្រម​សង​បំណុល​។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំណុំរឿង​នេះ មាន​លោក ឃុន លាង​ម៉េង ជា​ប្រធាន លោក យ៉ុង ណា​រ៉ុង លោក ញូ​ង ធុល ជា​សមាជិក និង លោក ង៉ែត សា​រ៉ា​ត ជា​តំណាង​មហាអយ្យការ ព្រមទាំង មេធាវី​ការពារ​សិទ្ឋិ ជនជាប់ចោទ ឈ្មោះ ឈិន សុគន្ឋា​រី ។

​តាម​អង្គហេតុ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០០៨ ឈ្មោះ ឈិន សុគន្ឋា​រី បាន​បញ្ចាំ​ដី​ឡូ ចំនួន​៤​ប្លង់​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​ថ្នូរ​នឹង​ការខ្ចីប្រាក់​ពី​ដើមបណ្តឹង ឈ្មោះ អ៊ឹង ម៉េង​ជឺ ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្រោយមក ឈ្មោះ ឈិន សុគន្ឋា​រី​បាន​ផ្ទេរ​កម្មសិទ្ឋិ​ដី​ឡូ​ទាំង​៤​ប្លង់​នេះ ទៅឲ្យ​ឈ្មោះ កៅ ហុក ក៏​ធ្វើឲ្យ​ឈ្មោះ អ៊ឹង​ម៉េង​ជឺ ដាក់​ពាក្យបណ្តឹង​មក​តុលាការ​ពី​បទ​ឆបោក​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក ពាក់ព័ន្ឋ​ការមិនអនុ​វត្ត​កិច្ច​ព្រម ព្រៀង ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០០៨​។

​តំណាង​មហាអយ្យការ លោក ង៉ែត សា​រ៉ា​ត បាន​សន្និដ្ឋាន ថា ករណីនេះ​មិនមែន​ជា​បទល្មើស​ឆបោក​នោះទេ គឺជា​កិច្ចសន្យា​ខ្ចីប្រាក់ ដើម្បី​ស៊ីការប្រាក់ ដូច្នេះ​សំណូម​ឲ្យ​សាលា​ឧទ្ឋរណ៍​សម្រេច​តាម​ច្បាប់ ។​

​ទោះបីយ៉ាងណា ក្រោយ​ការសួរដេញដោល ដោយ​អវត្តមាន​ដើមបណ្តឹង មានតែ​មេធាវី​ការពារ​សិទ្ឋិ​ជនជាប់ចោទ ឈិន សុគន្ឋា​រី ចូលរួម នោះ លោក​ចៅក្រម ឃុន លាង​ម៉េង បាន​លើក​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៤ ខាងមុខ​នេះ​វិញ​៕​

a

មតិយោបល់