កណ្តាល ៖ បុរសម្នាក់ ដែលជាប់ពាក់ព័ន្ឋនឹងករណីឃាតកម្មគិតទុកជាមុនទៅលើបុគ្គលិកក្រុមភេសជ្ជៈខារ៉ាបាវ ដោយដឹកសាកសពយកទៅប្លុងចោលនៅលើគំនរសំរាមក្បែរផ្លូវជាតិលេខ៨ កាលពីពេលកន្លងទៅនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ក្រោយការសាកសួរ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យមកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលក្នុងនោះ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ បានចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ឋនាគារ បណ្តោះអាសន្ន កាលពីព្រលប់ ថ្ងៃទី២៧ ខែឧសភា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ជនត្រូវចោទមានឈ្មោះ ហេង សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ត្រូវបានលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខ នឹងការជាប់ពន្ឋនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ឋភាពដូចការចោទ ប្រកាន់ ពិតប្រាកដមែន ។
ជនត្រូវចោទ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល ដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រីអ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ ចាប់ខ្លួន កាលពីវេលា ម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ខណៈដែលជនសង្ស័យទៅពួនគេចខ្លួននៅផ្ទះម្ដាយក្មេក ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។
ពាក់ព័ន្ឋសំណុំរឿងនេះ លោកចៅក្រម អ៊ី សុវណ្ណ បានថ្លែងតាមទូរស័ព្ទ កាលពីព្រលប់ថ្ងៃទី ២៧ ខែឧសភា ថា លោកបានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទដាក់ពន្ឋនាគារបណ្តោះអាសន្ន ដែលជននេះត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។
ដោយឡែក នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហេង សុភ័ណ្ឌ បានសារភាព ថា ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះ ឈ្មោះ ប៉េងគឹម ឈាង អាយុ២២ឆ្នាំ ដែលត្រូវជា មិត្តភក្តិនឹងគ្នាប្រាកដមែន ។
ជនសង្ស័យ បានរៀបរាប់ថា ខ្លួនបានជំពាក់លុយជនរងគ្រោះ៨ម៉ឺនបាត ហើយក៏បានរៀបចំ ផែនការសម្លាប់ដើម្បីបញ្ចប់បំណុល ជំពាក់នេះតែម្តង គឺកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង១០និង ៣០នាទីព្រឹក ខ្លួនបានត្រៀមលក្ខណៈ ទុកជាមុនក្រោយពីបានបើកប្រាក់ពីឈ្មោះ សុខ ចាន់ណាវី និងបានប្រើប្រាស់រថយន្ដ ផ្ទាល់ខ្លួនម៉ាក Towner កូរ៉េ បើកមកទិញថ្នាំ សណ្ដំនៅផ្សារអូឡាំពិកក្នុងតម្លៃ១២ដុល្លារ និងទឹកសុទ្ធ៣ដបក្លាស្សេឱ្យត្រជាក់ ហើយ២ដបបានចាក់លាយថ្នាំនិងមួយ ដបទៀតមិនបានលាយនោះទេទុកសម្រាប់ ផឹកខ្លួនឯង ។
ក្រៅពីទិញថ្នាំសណ្ដំនិងទឹក សុទ្ធរួចហើយនោះ ខ្លួនក៏បានទៅទិញស្កុត ពណ៌លឿង និងថង់ប្លាស្ទិកមកទុកជាស្រេច នៅក្នុងរថយន្ដ ។ ក្រោយពីទិញសម្ភារ ត្រៀមសម្លាប់ជនរងគ្រោះហើយនោះ ខ្លួនក៏បានណាត់ជនរងគ្រោះឱ្យមកយក លុយថ្លៃទំនិញចំនួន៤ម៉ឺនបាតនៅការ៉ាស់ សាំងតេលាម្ដុំមន្ទីរពេទ្យមិត្ដភាពខ្មែរ- សូវៀត ដែលពេលនោះជនរងគ្រោះបានជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ឌុបថ្នាំដុស ធ្មេញមួយកេសយកមកឱ្យខ្លួននិងប្អូន ឈ្មោះផល សោភ័ណ្ឌ អាយុ ២៥ឆ្នាំ និងឈ្មោះពិតផល សុភាព ។
នៅពេល ដែលជនរងគ្រោះមកដល់ក៏ហៅចូលក្នុងរថយន្ដដើម្បីរាប់លុយនិងបានឱ្យ ជនរង គ្រោះផឹកទឹកដែលខ្លួនបានលាយថ្នាំសណ្ដំ នោះ ។ លុះផឹកបាន មួយសន្ទុះក្រោយមក ជនរងគ្រោះក៏បានសន្លប់ហើយខ្លួនបានដឹកឆ្លងស្ពាន លីយ៉ុងផាត់ (ព្រែកព្នៅ) រួចយកកូនសោ លេខ២១វាយក្បាលជនរងគ្រោះបណ្ដាលឱ្យបែកទើបយកអាវខ្មៅរុំមុខនិង រុំស្ដុតពី លើរួចច្រកស្បោងបា្លស្ទិកនៅម្ដុំផ្លូវលី យ៉ុងផាត់ហើយដឹកតាមរថយន្ដយកទៅ ទម្លាក់ចោលនៅសាលាឆទានស្ពាន ព្រះកន្លងនាវេលាម៉ោង២រសៀលថ្ងៃដដែលនោះ រួចក៏រត់គេចខ្លួនតែម្តង ៕
https://i1272.photobucket.com/albums/y389/domneng/IMG_2016_zps5805c107.jpg
https://i1272.photobucket.com/albums/y389/domneng/IMG_2018_zpscc53401c.jpg
មតិយោបល់