ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូក្នុងល្បឿនលឿនក៏ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកគារប៉ះចំដៃចង្កូត ក៏ជ្រុលទៅបុកពីក្រោយរថយន្តស្ទូចបណ្ដាលអោយរងរបួសបែកចិញ្ចើមខាងស្ដាំហូរឈាម ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៤ ត្រង់ចំណុចមុខហាងខារ៉ាអូខេ៨៩ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល 1-5510 ក្នុងស្ថានភាពស្រវឹង ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកមកពីក្រោយម៉ូតូជនរងគ្រោះហើយព្យាយាមវ៉ាម៉ូតូបណ្ដាលអោយប៉ះនិងកញ្ចក់រថយន្តចំដៃចង្កូតម៉ូតូជនរងគ្រោះដាច់កញ្ចក់រថយន្តមួយជំហៀង ចំណែកម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកពីក្រោយរថយន្តស្ទូចមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-3529 ដែលបើកស្របទិសគ្នានៅពីមុខធ្វើអោយម៉ូតូជនរងគ្រោះបុកចំពីក្រោយរថយន្តស្ទូចពេញទំហឹង បណ្ដាលអោយជនរងគ្រោះបោកក្បាលផ្ទប់និងគូទរថយន្ត សំណាងមានមួកការពារសុវត្តិភាពទើបជនរងគ្រោះរងរបួសបែកត្រឹមចិញ្ចើមខាងស្ដាំហូរឈាម ចំណែកមួកសុវត្តិភាពបែកខ្ទេចនិងម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ ចំណែករថយន្តស្ទូចក៏បានឈប់ ហើយជនរងគ្រោះក៏បានងើបឡើងលើកម៉ូតូបំណងជិះបន្តដំណើរទៅមុខទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃាត់អោយឡើងរថយន្តសាមុយទៅមន្ទីរពេទ្យព្យាបាល ប៉ុន្តែជនរងគ្រោះមិនព្រមព្រោះថាគ្មានលុយ ទើបសំរេចអោយពេទ្យរុំមុខរបួស ហើយសមត្ថកិច្ចក៏បានទំនាក់ទំនងហៅគ្រួសារមកទទួលយកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ដោយសារជនរងគ្រោះស្រវឹងខ្លាំងពេកមិនអាចបន្ដដំណើរទៅមុខដោយខ្លួនឯងបានទៀតនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់បន្តទៀត៕
មតិយោបល់