ព័ត៌មានជាតិ

រថយន្ត​កាមរី​ឆ្លាម​បើក​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​វិវ៉ា​បុក​ចំ​ពេញទំហឹង​

​ភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​បើក​បត់​ឆ្លងផ្លូវ ក៏​ត្រូវ​ម៉ូតូ​វីវ៉ា ធុន​សេ​១២៥ បុក​ចំ ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ សំណាង​ល្អ​មនុស្ស​មិន​មាន​រងរបួស ចំណែក​រថយន្ត​បើក​ចូលទៅ​ក្នុង​មជ្ឈមណ្ឌល​ស្ពាក ចត​ទុក​ចោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​ស្ពាក តាមផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។​
2014-06-05_103812
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-2166 បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​បត់​ឆ្វេង​ចូលទៅ​ក្នុង​មជ្ឍមណ្ឌល​ស្ពាក ក៏​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​ស៊ូ​គី​វីវ៉ា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AY-2833 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ទី វណ្ណ​តា​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ក្នុង​សង្កាត់ ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បណ្ដាល​អោយ ម៉ូតូ​បុក​ចំ​ពេញទំហឹង ធ្វើអោយ​ម៉ូតូ​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​សំណាង​ល្អ​មនុស្ស​គ្រាន់តែ រង​របួសស្រាល ចំណែក​រថយន្ត​កាមរី​ឆ្លាម​ពេល​ត្រូវ​ម៉ូតូ​ជិះ​បុក​រួច​ហើយ មិន​បាន​ឈប់​រថយន្ត​ចុះ​មើល​ជនរងគ្រោះ​ទេ​គឺ​បាន​បន្ថែម​ល្បឿន​ចូលទៅក្នុង​មជ្ឍមណ្ឌល​ស្ពាក យក​រថយន្ត​ចត​ទុក​ធ្វើ​មិនដឹង ។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​កន្លែងកើតហេតុ​និង​បាន​ហៅ​ម្ចាស់​រថយន្ត​បង្ក​ចេញ​មក​ចរចារ​គ្នា​ជាមួយ​ជនរងគ្រោះ ជា​លទ្ធផល​ម្ចាស់​រថយន្ត​បាន​ព្រម​សង​សំណង​ទៅ​ជនរងគ្រោះ​ចំនួន​១៥០​ដុល្លារ​ដើម្បី​ជួសជុល​ម៉ូតូ​ឡើងវិញ ហើយ​ជនរងគ្រោះ​ក៏​យល់ព្រម​ទទួល​សំណង ដើម្បី​បញ្ចប់រឿង​។ គួរបញ្ជាក់​ថា​ចំពោះ​ករណី​ចរាចរ​នេះ​គឺ​ដោយសារ​រថយន្ត​បត់​មិន​បាន​ស៊ីញ៉ូ ចំណែក​ម៉ូតូ​ជិះ​ក្នុង​ល្បឿន​លឿន​ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែប​នេះ​៕

មតិយោបល់