ព័ត៌មានជាតិ

ចិន និង​ថៃ​ចាប់អារម្មណ៍​គំរោង​កែឆ្នៃ​សំរាម​ឲ្យទៅជា​ថាមពល​អគ្គិសនី នឹង​ត្រូវ​បង្កើតឡើង​នៅ​រាជធានី​ភ្នំពេញ​

​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី ០៥ ខែ មិថុនា ឆ្នាំ ២០១៤ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ យោគយល់​ជាមួយ​ក្រុមហ៊ុន Inter Far East Engineering Public Company Limited របស់​ប្រទេស​ថៃ លើ​ការ សិក្សា​គំរោង​កែឆ្នៃ​សំរាម​ឲ្យទៅជា​ឋាម​ពលអគ្គិសនី ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​រវាង លោក មាន ចាន់​យ៉ាដា នាយករង រដ្ឋបាល សាលា​រា​រាជធានី​ភ្នំពេញ និង លោក Wichai Thavormwa Thanayong ប្រធាន​ក្រុមហ៊ុន Inter Far East Engineering Public Company Limited ។

​ថ្លែង​ក្នុង​ឱកាស​នោះ លោក មាន ចាន់​យ៉ាដា នាយករង​រដ្ឋបាល​សាលា​រា​រាជធានី​ភ្នំពេញ ឲ្យដឹងថា សំរាម ដែល​ត្រូវ​ប្រមូល​ចេញ​ទៅ​ក្រៅ​ក្រុង​មាន​ពី ១.៣០០​តោន ទៅ​១៥០០​តោន ក្នុង​១​ថ្ងៃ ហើយ​សំរាម​នេះ​នឹង​កើនឡើង​ដល់ ២.០០០​តោន​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០១៨ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង​១២ និង​សង្កាត់​ទាំង​៩៦ របស់​រាជធានី​ភ្នំពេញ ជាមួយ នឹង​កំណើន​ប្រជាពលរដ្ឋ​ឡើងដល់​ជាង​២​លាន​នាក់ ។ លោក​បាន​បន្តទៀតថា បើ​តាម​បរិមាណ​សំរាម​ដែល​បង្កើតឡើង ក្នុង​រាជធានី​ភ្នំពេញ​នា​ពេលបច្ចុប្បន្ន បញ្ហា​ប្រឈម​អាច​នឹង​កើតឡើង និង​ប៉ះពាល់​ដល់​បរិស្ថាន​ទីក្រុង បើ​មិន​មាន​ការ យកចិត្តទុកដាក់​គិតគូរ​ទេនោះ ពិសេស បើ​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌ​ដង្កោ​បាន​ពេញ​ទៅហើយនោះ សាលា​រាជធានី ភ្នំពេញ នឹង​រៀបចំ​គិតគូរ​បង្កើត​ឲ្យ​ទីលាន​ចាក់សម្រាម​ថ្មី​មួយទៀត​សម្រាប់​ប្រើប្រាស់​បន្ត ។

​លោក Wichai Thavormwa Thanayon បាន​គូសបញ្ជាក់ថា ក្រោយ​ពី​ការងារ​កែឆ្នៃ​កាកសំណល់​សំរាម​នៅ​ទីលាន ការចុះហត្ថលេខា​លើ MOU នេះ គឺជា​ការត្រួសត្រាយ​ផ្លូវ​មួយ​ក្នុង​ការរៀបចំ​ការសិក្សា​គម្រោង​កែឆ្នៃ​សំរាម​ឲ្យទៅជា ឋាម​ពល​អគ្គិសនី ។ តាម​ការគិតគូរ កាក​សំណល់ ២០០​តោន អាច​បង្កើតឋាម​ពលអគ្គីសនី​បាន ៥ ម៉េ​ហ្គា​វ៉ាត់​ក្នុង​១​ថ្ងៃ ។ ការធ្វើ​បែប​នេះ​នឹង​អាច​កាត់បន្ថយ​កាកសំណល់​បាន​យ៉ាថច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ។

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ បើ​យោង​តាម​ការចុះផ្សាយ​របស់ AKP ឲ្យដឹងថា ក្រុមហ៊ុន​ការពារ​បរិស្ថាន​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន បាន​បង្ហាញ​ពី​បំណង​ចង់​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការបង្កើត​រោងចក្រ​កែច្នៃ​សំរាម​មួយ​ឲ្យក្លាយ​ជា​ថាមពល​អគ្គិសនី​យក​ម​ក​ប្រើប្រាស់​វិញ ស្របពេល ដែល​នៅ​រាជធានី​ភ្នំពេញ​សំរាម​ជាច្រើន​តោន​បាន​កើន​ឡើង​ក្នុង​មួយថ្ងៃៗ ហើយ​ទីតាំង​ចាក់​សម្រាប់​ចំនួន ៣ កន្លែង​នៅ​ខណ្ឌ​ដង្កោ​ពោរពេញ​ទៅ​ដោយ​សំរាម​នោះ​។​

​នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ ២០១៤ នៅ​សាលា​រាជធានី​លោក Zou GuJin ប្រធាន​ក្រុមហ៊ុន​ការពារ​បរិស្ថាន​របស់​ប្រទេស​ចិន​បាន​លើកឡើង​ថា ក្រុមហ៊ុន​ការពារ​បរិស្ថាន​ប្រទេស​ចិន​ជា​ក្រុម ហ៊ុន​ដ៏​ធំ​មួយ ដែល​មាន​សាខា​រោងចក្រ​ចំនួន ១៩ ដើម្បី​កែច្នៃ​សំរាម​មកប្រើប្រាស់​ជាប្រ យោជន៍​ផ្សេងៗ​ដូចជា ថាមពល​អគ្គិសនី គ្រឿងសំណង់​ជាដើម ហើយ​ការ​មក​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ក្រុមហ៊ុន​របស់​លោក​មាន​គោលបំណង​ធ្វើ​ការវិនិយោគ​សំរាម​នៅ​ក្នុង​រាជធានី ដោយ​បង្កើត​ជា​រោងចក្រ​កែច្នៃ​សំរាម​ឲ្យទៅ​ជា​ថា​ម ពល​អគ្គីសនី​យកមក​ប្រើប្រាស់​វិញ ៕​
2014-06-11_142607

មតិយោបល់