ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សំលេង​ពិរោះ​ដាច់​គេ គឺ​ស៊ីន ស៊ី​សាមុត តែបើ​ស្រី​ច្រើន​លេខ ១ គឺ​លោក សុះ ម៉ាត់

​លោក ស៊ីន ស៊ី​សាមុត គឺជា​អ្នកនិពន្ធ​បទ​ចម្រៀង​និង​ជា​អ្នកចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០​។ លោក​មាន​រហស្សនាម​ថា​ជា អធិរាជ​សំឡេង​មាស​។ លោក ស៊ីន​-​ស៊ី​សាមុត ទទួលមរណៈភាព​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ​១៩៧៦​។ ភាពល្បីល្បាញ​របស់លោក ស៊ីន​-​ស៊ី​សាមុត បាន​ពី​ទឹកដម​សំឡេង​ដ៏​ក្រអួន​ក្រ​អៅ ពីរោះ​រណ្ដំ​ចិត្ត គួបផ្សំ​និង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់​ខ្លោចផ្សារ -​ល​- ដែល​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នកនិពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក​។ ក្រៅពីនេះ លោក ជា​តារា​ចម្រៀង​ម្នាក់ ដែល​គេ​តែងតែ​ល្បី​ថា ទៅ​ដល់​ណា​មាន​ស្រី ដល់​នោះ​ដោយ​មាន​បទ​ជាច្រើន​ទាក់ទង​និង​ស្នេហា​របស់​លោក ក៏ប៉ុន្តែ ចំណុច​នេះ លោក នៅ​ចាញ់ តារា​ចម្រៀង​រួម​ជំនាន់​របស់លោក គឺ​លោក សុះ ម៉ាត់ ។​

​លោក សុះ ម៉ាត់ គឺជា​តារាចម្រៀង ដ៏​ល្បីល្បាញ ដោយ​មាន​បទ ល្បី​លេខ ១ របស់​លោក​ក្រោម​ចំណងជើង “​ផ្ញើ​កង​ចងដៃ​” ដែល​ត្រូវ​បាន​តារាចម្រៀង​ជំនាន់​ក្រោយ យក​មក​ច្រៀង ក៏​ប៉ុន្តែ​គ្មាន​នរណា​អាច​ច្រៀង​ល្បី​ដូច​លោក​បាន​ឡើយ ។ បើទោះបីជា​បទ​នេះ ជា​បទ ល្បី​លេខ​១ របស់លោក ក៏ប៉ុន្តែ វា​មិន​អាច​យកឈ្នះ​ទឹកដម​របស់លោក ស៊ីន ស៊ី​សាមុត បានទេ ។​

​មូលហេតុ​ដែល​ធ្វើឲ្យ​គេ និយាយ​តៗ​គ្នា ក្នុង​ជំនាន់​នោះ ថា “​និយាយ​ពី​សំលេង​ពិរោះ​ដាច់​គេ គឺ​ស៊ីន ស៊ី​សាមុត តែបើ​ស្រី​ច្រើន​លេខ ១ គឺ​លោក សុះ ម៉ាត់ ” គឺ​មាន​មូលហេតុ​ចម្បង​ធំ​បំផុត ទាក់ទង​នឹង​ជីវិត​ស្នេហា​ឯកជន​របស់​លោក ។​
​បើ​យោង​តាម​ការចុះផ្សាយ​របស់ សៀវភៅ “​មាស ស្រោប​នគរ​” របស់ កវីនិពន្ធ សេង តារា ដែល​បាន​ដកស្រង់ សម្តី​ប្រពន្ធ​ទី ៤ របស់លោក សុះ ម៉ាត់ គឺ អ្នកស្រី អ៊ុក ឃីម បាន​និយាយថា “​សព្វថ្ងៃ តែងតែ​មាន​ក្មេងៗ​មក​រក​ប្រពន្ធ​ទី ១ របស់លោក សុះ ម៉ាត់ គឺ​អ្នកស្រី សាន់​ម៉ី សា​ម៉ាស ជា​ហូរហែរ ដោយ​ពូកគេ​ថា ក៏​ជា​កូន​លោក សុះ ម៉ាត់ ដែរ​”​។ អ្នកស្រី​បាន​បន្តទៀតថា ប្តី​អ្នកស្រី​ពិតជា​មាន ប្រពន្ធ ៧ នាក់​មែន តែ​មិន​ដឹង​មាន​ស្រីៗ​ក្រៅពីនេះ ប៉ុន្មាន​នាក់​នោះទេ ទើប​មាន​គេ​តែងតែ​រកប្រពន្ធ​ទី ១​របស់លោក ហើយ​អះអាងថា សុទ្ធ ជា​កូន​លោក​ដូច្នេះ​។​

​បើតាម ការបញ្ជាក់​ឡើងវិញរ​បស់​លោក ស្រី សាន់​ម៉ី សា​ម៉ាស បានឲ្យដឹងថា “​ប្តី​ខ្ញុំ​មាន​ប្រពន្ធ​មិនតិច​ជាង ៧ នាក់​នោះ​ទេ ក៏ប៉ុន្តែ​ផ្លូវការ​លោកស្រី​ដឹង​តែ ៤ នាក់​តែ​ប៉ុណ្ណោះ ហើយ​កូន​សរុប​នៃ​ប្រពន្ធ​ទាំង ៤ គឺមាន ១៨ នាក់ និង​ចៅ​ជាង ៤០ នាក់​”​។​ដោយសារតែ​ហេតុផល​នេះ​ទើប​មាន​ពាក្យ​ខាងលើ​ពំនោល​ឡើង​។​
​ក្នុងចំណោម​កូនៗ របស់លោក សុះ ម៉ាត់ មានតែ កូន​ប្រពន្ធ​ទី ៤ ម្នាក់​គត់ ដែល​មាន​និស្ស័យ​ជាប់​នឹង​សិល្បៈ អាច​បន្ត​ស្នាដៃ​របស់​លោក នោះ​គឺ​លោក សុះ ម៉ាច ដែល​ជា​ប្រធាន​សមាគមន៍​សិល្បៈ​នាពេល​បច្ចុប្បន្ន ក្រៅពីនេះ គ្មាន​នរណា​មាន​និស្ស័យ​ដូច​ឪពុក​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅពេលដែល ប្រទេស​កម្ពុជា ជួប​គ្រោះអាសន្ន ពី​ពូក​ក្បត់ ប៉ុល ពត មុន​ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ លោក សុះ ម៉ាត់ បាន​លា​ប្រពន្ធ​ទី ១ របស់លោក ទៅកាន់​ខេត្ត កំពង់ស្ពី ចាប់តាំងពី​ពេលនោះ មក​ដំណឹង​ស្លាប់​រស់​របស​លោក ត្រូវបាន​បាត់​រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ​លើ​ទឹកដី​ខេត្ត​កំពង់ស្ពឺ​៕​
https://i1272.photobucket.com/albums/y389/domneng/sin-sisamuth-profile_zps8671591c.jpg

មតិយោបល់