នាវា MV X-Press Pearl ចុះបញ្ជីនៅប្រទេសសឹង្ហបុរី ត្រូវអគ្គីភ័យឆាបឆេះ ដោយក្រុមសង្គ្រោះមិនអាចទប់បាន នៅមិនឆ្ងាយប៉ុន្មាន ពីក្រុង Negombo ចំងាយប្រមាណ៤០គីឡូម៉ែត្រ ខាងជើងរដ្ឋធានីកូឡុំបូ។ នាវាដែលមានប្រវែង ១៨៦ម៉ែត្រនេះ ដឹកកុងទឺនឺជាច្រើនតោន ដែលក្នុងនោះមានកុងទឺនឺ២៨ មានផ្ទុកកំទេចស្នោប្លាស្ទិក សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មផលិតសម្ភារៈវេចខ្ចប់ ធ្វើពីប្លាស្ទិក។ ដោយសារតែអគ្គីភ័យ មានកុងទឺណឺចំនួនយ៉ាងហោច៨ បានធ្លាក់ចូលទៅក្នុងសមុទ្រ ធ្វើឲ្យបែកធ្លាយ កំទេចស្នោប្លាស្ទិករាប់រយតោន។
រលកសមុទ្របានបោកនាំយកកំទេចប្លាស្ទិកទាំងនេោះ ទៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសស្រីលង្ការ ដែលនៅទីកន្លែងខ្លះ មានកម្រាស់ដល់ទៅ៦០សង់ទីម៉ែត្រ។ អាជ្ញាធរបរិស្ថានស្រីលង្ការ កំពុងព្យាយាម កើបកំទេចប្លាស្ទិកទាំងនេះយ៉ាងសស្រាក់សស្រាំ តែចំនួនប្លាស្ទិក ចេះតែអណ្តែតមកបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ។ អាជ្ញាធរស្រីលង្ការ បានហាមឃាត់ការនេសាទ ក្នុងទំហំ៨០គីឡូម៉ែត្រ ជុំវិញនាវាដែលជួបគ្រោះអគ្គីភ័យនេះ។
លោកស្រី Dharshani Lahandapura នាយកអាជ្ញាធរការពារបរិស្ថានសមុទ្រស្រីលង្ការ បានលើកឡើងថា ស្រីលង្កាកំពុងតែប្រឈមនឹងមហន្តរាយឆ្នេរសមុទ្រ ដ៏ធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្រ្តខ្លួន។ ល្អងស្នោប្លាស្ទិកតូចល្អិត អាចនឹងទៅបំផ្លាញប្រព័ន្ធជីវចម្រុះ នៅក្នុងសមុទ្រ។
ក្រៅពីកំទេចប្លាស្ទិកតូចល្អិតរាប់រយតោន គេកំពុងបារម្ភ ពីការបែកធ្លាយប្រេង។ ក្រៅពីប្រេងដែលផ្ទុកក្នុងចំណុះម៉ាស៊ីននាវា នាវានេះមានដឹកប្រេងឆៅចំនួនជាង៣០០តោនទៀត។ ក្រុមអ្នកជំនាញសង្គ្រោះអគ្គិភ័យលើនាវាសមុទ្រ ទៅពីប្រទេសហូឡង់ កំពុងតែសហការជាមួយអាជ្ញាធរស្រីលង្ការ ដើម្បីព្យាយាមពន្លត់អគ្គិភ័យនេះ។
គួររំលឹកថា កាលពីខែកញ្ញាឆ្នាំ២០២០ មាននាវាដឹកប្រេងឈ្មោះ New Diamond បានឆេះនៅឆកសមុទ្រស្រីលង្កា ម្តងរួចទៅហើយ ដោយបានធ្វើឲ្យបែកធ្លាយប្រេងខ្មៅរាប់រយតោន អណ្តែតគ្រប់ដណ្តប់ឆ្នេរសមុទ្រស្រីលង្ការ ប្រវែងប្រមាណ៤០គីឡូម៉ែត្រ។ រដ្ឋាស្រីលង្ការ បានទាមទារសំណងជំងឺចិត្ត ពីក្រុមហ៊ុនម្ចាស់នាវានេះ ចំនួន១៧លានដុល្លារ ជាតម្លៃនៃការសំអាតឆ្នេរ៕
មតិយោបល់