ភ្នំពេញ៖ នៅថ្ងៃសុក្រសប្ដាហ៍មុននេះ ធនាគារកាណាឌីយ៉ា បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ចំពោះការចោទប្រកាន់ថា បុគ្គលិករបស់ខ្លួនមួយរូបបានបើកក្រដាសប្រាក់ ១០០ដុល្លារអាមេរិកក្លែងក្លាយ ០២សន្លឹកកាលពីដើមសប្តាហ៍ដោយបានសន្និដ្ឋានតាមរូបភាពវីដេអូថា បញ្ហានេះមិនអាចកើតមានបានទេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ខេមបូឌា ដេលី។
រូបភាពក្នុងវីដេអូដែលបង្ហាញពីដំណើរការ គឺការបើកសាច់ប្រាក់២៨៥ដុល្លារអាមេរិក តាមមូលប្បទានបត្រ ដោយបុគ្គលិកកាសែត ខេមបូឌា ដេលី កាលពីថ្ងៃច័ន្ទនោះ បានបង្ហាញថា អ្នកបើកប្រាក់ម្នាក់បានយកប្រាក់ចេញពីថតតុ ពិនិត្យ ហើយរាប់បីដង មុននឹងខ្ទាស់ប្រាក់នោះជាមួយគ្នា ហើយហុចឲ្យសហការីម្នាក់ទៀត។
បន្ទាប់មក សហការីនោះក៏បានបញ្ចប់ការងារផ្នែកឯកសារចាំបាច់សម្រាប់បើកប្រាក់នេះ ហើយក៏បានបោះត្រាលើមូលប្បទានបត្រ និងបានរាប់ប្រាក់នោះម្តងទៀត ហើយប្រគល់ឲ្យអតិថិជន ដែលបានលារាប់ និងបានពិនិត្យប្រាក់ទាំងនោះមួយភ្លែត មុនពេលដាក់វាចូលក្នុងហោប៉ៅ ហើយអតិថិជននោះក៏បានចាកចេញពីធនាគារកាណាឌីយ៉ាសាខាវិមានឯករាជ្យ។ ដំណើរការបើកសាច់ប្រាក់គឺមើលឃើញច្បាស់លាស់។
លោក MichaelLor ប្រធាននាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍ថា “វាមិនអាចទៅរួចទេ ដែលធនាគារនេះផ្តល់ប្រាក់ក្លែងក្លាយ បន្ទាប់ពីឆ្លងកាត់បុគ្គលិកជាន់ខ្ពស់ពីរនាក់នោះ។ បុគ្គលិកម្នាក់ជាប្រធានផ្នែកបម្រើសេវាអតិថិជន និងម្នាក់ទៀតជាបេឡាករជាន់ខ្ពស់ ហើយពួកគេទាំងពីរនាក់បានពិនិត្យក្រដាសប្រាក់នោះដោយយកចិត្តទុកដាក់ មុនពេលប្រគល់ឲ្យអតិថិជន”។
លោកបានមានប្រសាសន៍ថា “រាល់ក្រដាសប្រាក់ដែលចូលទៅក្នុងទូដែកនោះ តែងត្រូវបានមនុស្សបីនាក់ត្រួតពិនិត្យ គឺ បេឡាករ ប្រធានផ្នែកបម្រើអតិថិជន និងអ្នកកាន់ទូដែក”។
នៅពេលសួរអំពីលទ្ធផលរកឃើញតាមរយៈការស៊ើបអង្កេតរបស់ធនាគារកាណាឌីយ៉ា លោក អៀម សុភាព ប្រធានគ្រប់គ្រងធនធានមនុស្សនៅកាសែត ខេមបូឌា ដេលី បាននិយាយថា លោកលែងប្រាកដហើយថា ក្រដាសប្រាក់ក្លែងក្លាយនោះចេញពីធនាគារនេះឬយ៉ាងណា៕
ចុចអានអត្ថបទ៖ ធនាគារកាណាឌីយ៉ា ស៊ើបអង្កេត លុយ $១០០ ក្លែងក្លាយ
មតិយោបល់