ព័ត៌មានជាតិ

លោកញឹកប៊ុនឆៃ៖ ការដោះស្រាយបញ្ហាព្រំដែន ភាគីទាំងពីរគួរធ្វើឲ្យអស់លទ្ធភាព ជាងទៅរកតុលាការអន្តរជាតិ

ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបង្ហាញនូវទស្សន មើលឃើញផ្ទាល់ខ្លួនថា “ចំពោះបញ្ហាព្រំដែន ជាមួយបណ្តាប្រទេសជិតខាង ពិសេសបញ្ហា ព្រំប្រទល់ដែនរវាងកម្ពុជា-វៀតណាម ដែលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រាជរដ្ឋាភិបាលទាំងពីរ បានយកចិត្តទុកដាក់ដោះស្រាយ ដោយស្ថានភាពតឹងតែង ដើម្បីរកច្រកចេញមួយ ឈរលើគោលការណ៍ ឈ្នះឈ្នះទាំងអស់គ្នា នឹងគ្មានអ្នកប្រឈម ចំពោះប្រវត្តិសាស្រ្ត ទៅថ្ងៃក្រោយ”។

លោក ញឹក ប៊ុនឆៃ លើកឡើងនៅថ្ងៃពុធនេះថា ការដោះស្រាយបញ្ហានេះ កន្លងមករដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នា និងបានបោះបង្គោលព្រំដែន ជាងពាក់កណ្តាលមកហើយ និងកំពុងបន្តធ្វើកិច្ចការនេះ ដោយយកចិត្តទុកដាក់ តាមរយៈគណៈកម្មាធិការព្រំដែន ។ ចំពោះការដោះស្រាយបញ្ហាថ្មីៗនេះ លោកយល់ឃើញថា រដ្ឋាភិបាលទាំងពីរ ធ្វើត្រឹមត្រូវហើយ ប៉ុន្តែនៅសល់ចំណុចមួយ ចំនួននូវមិនទាន់ចុះស្រុះស្រួលគ្នា នៅឡើយ ។ យ៉ាងណាប្រធាន គណបក្សរូបនេះ បានស្នើឲ្យភាគីទាំងពីរ គួរធ្វើឡើងឲ្យ អស់លទ្ធភាព ដើម្បីកុំឲ្យមតិ សាធារណៈជនជាតិ និងអន្តរជាតិ ធ្វើការរិះគន់ ពិសេសកុំធ្វើឲ្យ បាត់បង់ទឹកដី បន្តការចរចារគ្នា ក្នុងក្របខណ្ឌទ្វេរភាគីជាមួយគ្នាឲ្យ អស់លទ្ធភាព ហើយបើការចរចារនោះ មិនមានលទ្ធផលទេ នៅមិនអាចដោះស្រាយបានទៀត អាចចុងក្រោយត្រូវតែ ពិចារណារកតុលាការអន្តរជាតិ (ប្រើប្រាស់យន្តការអន្តរជាតិ) ដើម្បីមកជួយដោះស្រាយ។

លោកបញ្ជាក់ថា «ការដោះស្រាយដោយតុលាការអន្តរជាតិនេះ វាជាការមួយល្អដែរ បើយើងដោះស្រាយ របៀបទ្វេភាគីជួនកាលកម្ពុជា អាចបាត់ដី ប្រជារាស្រ្តគេមិន សប្បាយចិត្តទេ ឬ ដោះស្រាយម៉្យាងទៀត អាចវៀតណាមខាត កម្ពុជាចំណេញ ឬកម្ពុជាខាត វៀតណាមចំណេញ គឺសុទ្ធតែប្រជារាស្រ្ត ថ្កោលទោស ដូច្នេះដើម្បីឲ្យទទួលយកទាំងអស់គ្នា បានគួរទុកឲ្យតុលាការ អន្តរជាតិជាអ្នកវិនិច្ឆ័យ ព្រោះជាតុលារការមួយនេះ ជឿទុកចិត្តបាន កណ្តាល ហើយប្រជារាស្រ្ត ទាំងសងខាងក៏ស្ងប់ចិត្ត និងមិនដាក់បន្ទុកទៅលើ ថ្នាក់ដឹកនាំណាមួយដែរ” ៕

លោកញឹកប៊ុនឆៃ (1)លោកញឹកប៊ុនឆៃ (2)

មតិយោបល់