ព័ត៌មានជាតិ

ជម្លោះ​រវាង​ក្រុមហ៊ុន qb និង Smart ទំនង​ត្រូវ​ដោះស្រាយ​ក្រៅ​តុលាការ​

ភ្នំពេញ​៖ បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា កំពុង​តែ​រៀបចំ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត qb និង​ក្រុមហ៊ុនទូរស័ព្ទ Smart ដោះស្រាយ​ជម្លោះ​ក្រៅ​តុលាការ ព្រមទាំង​បាន​ជូនដំណឹង​ដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អំពី​គោលបំណង​ក្នុង​ការសម្របសម្រួល​កា​រ​ចរចា​រវាង​ក្រុមហ៊ុន​ទាំងពីរ​នេះ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត ខេ​ម​បូឌា ដេលី​។​

smart-vs-qb

​ផែន​ការចរចារ​រវាង​ក្រុមហ៊ុន qb និង Smart ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​ក្រុមហ៊ុន qb ប្ដឹង​ក្រុមហ៊ុន Smart ថា​បាន​អូសទាញ និង​បង្ខូចកេរ្តិ៍​របស់ខ្លួន​។​

​កាសែត ខេ​ម​បូឌា ដេលី បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សំដី​របស់​លោក អ៊ុក ដូ​រ៉ានី ជា​សមាជិក​ទី​២​នៃ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា ថា “​យើង​មិន​ចង់​ដោះស្រាយ​រឿង​នេះ​នៅ​តុលាការ​ទេ​។ យើង​ចង់​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​បញ្ញត្តិ​ក​រ​។ យើង​មាន​ផែនការ​ធ្វើ​ការចរចារ​វាង​ក្រុមហ៊ុន qb និង​ក្រុមហ៊ុន Smart”​។​

​លោក​បាន​បន្តទៀតថា “​ក្រុមហ៊ុន Smart បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា និង​បានឲ្យដឹងថា ពួក​គេ​ចង់​ចូលរួម​ការចរចា​។ យើង​ជឿជាក់ថា ក្រុមហ៊ុន​ទាំង​ពីរ​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​”​។​

​លោក Alan Sinfield នាយក​ប្រតិបត្តិ qb បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​ព្រម​ធ្វើការ​ចរចា​ប្រសិន​បើ​ក្រុមហ៊ុន Smart ព្រម​បង់​សំណង​។ លោក​បាន​មានប្រសាសន៍ថា “​ប្រសិនបើ បញ្ញត្តិ​ករ​ទទួលយក​ការផ្តួចផ្តើម​នេះ ហើយ​ប្រសិនបើ ក្រុមហ៊ុន Smart ព្រម​សង​ដល់​ការខូចខាត​ផលប្រយោជន៍​ហិរញ្ញវត្ថុ ដូច្នេះ​យើង​នឹង​ព្រម​ពិភាក្សា​បញ្ហា​នេះ ប៉ុន្តែ បើ​មិន​ព្រម​ទេ​នោះ យើង​នឹង​ស្វែងរក​សំណង​តាមរយៈ​តុលាការ​”​។ លោក​បាន​បន្ថែមថា ” ពេលវេលា​គឺ​សំខាន់​ណាស់ ពីព្រោះ​យើង​នឹង​បន្ត​បណ្តឹង​រដ្ឋប្បវេណី​តាមរយៈ​តុលាការ​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន qb ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​តូច​បំផុត​នៅ​កម្ពុជា​បាន​ចោទប្រកាន់​ក្រុមហ៊ុន Smart ដែលជា​ក្រុមហ៊ុន​ធំ​បំផុត​ទី​២ គិត​តាម​ចំនួន​អតិថិជន​នៅ​កម្ពុជា ថា​បាន​បង្ខូច​កិត្តិនាម និង​ធ្វើឲ្យ​ខូច​ផលប្រយោជន៍​ហិរញ្ញវ​ត្ថុរ​បស់ខ្លួន បន្ទាប់ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​បានបញ្ចប់​កិច្ចព្រមព្រៀង​មាន​យូរ​មក​ហើយ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន qb “ ប្រើ​សេវា Roaming ” តាម​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Smart៕​

ចុចអានអត្ថបទqb ប្ដឹង Smart ពី​បទ​បង្ខូចកេរ្តិ៍ និង​អូសទាញ​អតិថិជន​

មតិយោបល់