ព័ត៌មានជាតិ

ប្លន់​ស្ត្រី​៣​នាក់​នៅ​ខណ្ឌ​ចំការមន សមត្ថកិច្ច​នៅ​តែ​គ្មាន​សមត្ថភាព​បង្ក្រាប​ក្រុមចោរប្លន់​ដដែល​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​១​នឹង ០៥​នាទី ឈានចូល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ ២០១៤ មាន​ករណី​ប្លន់ ប្រដាប់​អាវុធ​ដោយ​ជន​ចោរប្លន់​មាន​គ្នា​៤ ទៅ​៥​នាក់ ជិះ​ម៉ូតូ ២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ធ្វើ​សកម្មភាព​បាញ់​ចំនួន​១​គ្រាប់​គំរាម​ប្លន់​យក​ទូរស័ព្ទដៃ និង​លុយ ពី​ស្ត្រី​៣​នាក់ បាន​សម្រេច​នៅ​ចំណុច​មុខ​សាលា​ទួន​ហ្វា ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ហើយ​ក្រុម​ចោរ​គេច​បាត់​អស់ ទើប​បាន​សមត្ថកិច្ច​ភ្ញាក់ផ្អើល​នាំគ្នា​ជិះ​ម៉ូតូ​ស្វះស្វែង ក្រោយ​កើតហេតុ​ប៉ុណ្តោះ ។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​លើកឡើង​ថា​៖ រាល់ថ្ងៃនេះ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន មាន​បទល្មើស ឆក់ ប្លន់ គាស់​ផ្ទះ និង​លួច ដែល​ត្រូវបាន​គេ​កត់សំគាល់ថា មាន​ច្រើន​ជាង​បណ្តា​ខណ្ឌ​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ។ ជាពិសេស​នោះ​ភាគច្រើន ឲ្យតែ​មាន​ករណី​ប្លន់ គឺ​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​មិនដែ​ល​ចាប់បាន​ក្រុម​ចោរ​ជាក់ស្តែង​ម្តងណា​ឡើយ ។​
​ជាក់ស្តែង​ស្ត្រី​រងគ្រោះ​ឈ្មោះ នី ជា​ជនរងគ្រោះ​ដោយ​អំពើ​ប្លន់​ប្រដាប់អាវុធ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន កាលពី​យប់​រំលង​អាធ្រា​ត្រ​កន្លងមកនេះ បាន​និយាយ​រៀបរាប់ថា មុនពេល​កើតហេតុ​រូប​នាង​បាន​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1I 5948 ឌុប​មិត្តភ័​ក្រ​ចេញពី​កន្លែង​ធ្វើការ​នៅ​ក្នុង​ភោជនីយ៍ដ្ឋាន​ទីក្រុង​មាស បំណង​ជូន​មិត្ត​ទៅផ្ទះ ប៉ុន្តែ​ពេល​ជិះ​ដល់​ចំណុច​មុខ​សាលា​ទួន​ហ្វា ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​៤​ទៅ ៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មក​ស្ទាក់​ពីមុខ រួច​គំរាម​មិន​ឲ្យ​នាង​ស្រែក​បំណង​ប្លន់​យក​ម៉ូតូ​របស់​នាង ប៉ុន្តែ​នាង​ស្រែក​ឆោឡោ​រហូតដល់ ជនដៃដល់​បាញ់​មួយ​គ្រាប់​ឡើង​ទៅលើ ហើយ​រត់​គេចខ្លួន​បាត់​ស្រមោល ទើប​ឃើញ​សមត្ថកិច្ច​មក​ដល់ ។​

​ជនរងគ្រោះ​បានឲ្យដឹងថា​៖ ក្រោយ​ពេល​ក្រុម​ចោរ បាន​ដណ្តើមយក​កាបូបស្ពាយ​ពី​ស្ត្រី​រងគ្រោះ​ហើយ​នោះ ពួកគេ​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​អស់​ភ្លាមៗ​តែម្តង ឬ​ឯ​មិត្តភ័ក្ររ​បស់​នាង ២​នាក់ ទៀត​ក្រោយ​កើតហេតុ​ក៏​បាត់​ខ្លួន​ផងដែរ​។​

​ទាក់ទិន​នឹង​ករណី​ប្លន់​ប្រដាប់អាវុធ​យ៉ាង​កក្រើក​ខណ្ឌចំការមន​នោះ គឺ​មិន​បាន​ឃើញ​វត្តមាន​លោក យឹម សាន អធិការ​ខណ្ឌ​ចំការមន រួមជាមួយ​នឹង​អធិការរង​ណា​ម្នាក់​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​សាកសួរ​ព័ត៌មាន​ពី ជនរងគ្រោះ​ឡើយ គឺ​ឃើញ​តែ​មន្ត្រី​ប៉ុស្តិ៍​តូចតាច ចុះ​មក​ឈរ​ត្រៀបត្រា មើល​មុខ​គ្នា​រក​ដំណោះស្រាយ រាយការណ៍​ជូន​លោក​អធិការ​តែប៉ុណ្តោះ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ចំពោះ​ករណី​ប្លន់​ខាងលើ​ស្ត្រី​រងគ្រោះ​សុំ​មិន​ដាក់ ពាក្យបណ្តឹង​ទេ ដោយ​នាង​និយាយថា​៖ នាង​មិន​ចង់​ខាតបង់​ពេលវេលា​ដើម្បិ​ឲ្យ​សមត្ថ​កិច្ច​សួរនាំ​ព័ត៌មាន​ទេ ព្រោះ​នាង​គិតថា សមត្ថកិច្ច​មិន​មាន​សមត្ថភាព​ក្នុង​ការស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរប្លន់​ទាំងនោះ យក​មក​ទ្រព្យ ស​ម្ប​តិ្ត​របស់​នាង​យក​មក​ប្រគល់​ឲ្យ​នាង​បាន​វិញ​ទេ ។ ប៉ុន្តែ​ដោយសារ​សមត្ថកិច្ច​ណែនាំ ទើប​នាង​សម្រេច​ទៅ ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី​ជា​ការ​បង្គ្រប់កិច្ច​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ងាយស្រួល​ក្នុង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ជៀសវាង​ការស្តីបន្ទោស​។​

​ជុំវិញ​អំពើ​ប្លន់​ដែល​កើតឡើង​ជា​បន្តបន្ទាប់​ក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន​នេះ ប្រជាពលរដ្ឋ​ហាក់បី​ជា មាន​ការភ័យខ្លាច នឹង​សន្តិសុខ​សុវត្ថិភាព​របស់​ពួកគាត់​ណាស់ ដូច្នេះ​លោក​អធិការ​ខណ្ឌ​ចំការមន យឹន សាន គួរ ណាស់​តែ​ពង្រឹងកម្លាំង​របស់ខ្លួន ដាក់​គោលដៅ​យាម​នឹង​ល្បាត​នៅត្រង់ចំណុច​ស្ងាត់ នឹង​ចំណុច​សំខាន់ៗ ដើម្បី​ការពារ និង​ពួន​ស្ទាក់​ចាប់​ក្រុមចោរ​ដែល​តែង​ធ្វើ​សកម្មភាព​ផ្គើន និង​សមត្ថកិច្ច​ខណ្ឌ ដោយ​ពួកគេ​ហាក់បី​មិន​ញញើត​ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចំការមន​ណា​បន្តិច​ឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/Thief_zps18b38843.png

មតិយោបល់