ព័ត៌មានជាតិ

អំពើពុករលួយ​របស់​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​កំពង់ស្ពឺ គួ​ត្រូវ​ស៊ើបអង្កេតណ៍​ដើម្បី​វែកមុខ​

​ខេត្ត​កំពង់ស្ពឺ​៖ ក្រោយពីរ​បណ្តាញ​ព័ត៌មាន​ជាច្រើន​បានធ្វើការ​លាតត្រដាង​អំពី​រឿង​អាស្រូវ​ពុករលួយ របស់លោក ឈឹម សំអាត ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​កំពង់ស្ពឺ រួម​និង​អនុប្រធាន​មន្ទីរ​ឈ្មោះ យ៉ែម ឆន រួម​និង​បក្ខពួក​មួយចំនួន​តូច​នោះ បាន​ធ្វើឲ្យ​លោក​ប្រធាន​មន្ទីរ​មួយ​នោះ​ខឹង​ឆេះ​ដុំ​និង​ស្វែងរក​មុខ​អ្នក​ទំលាយ​អាថ៌កំបាំង​របស់​ខ្លួន​និង​បក្ខពួក​ឲ្យ​ការសែត​ចុះ​ផ្សាយ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​មួយ​នេះ​ក៍​មាន​ការភិតភ័យ​លើ​រឿងអាស្រូវ​របស់​ខ្លួន​ផងដែរ​។

​សម្រាប់​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​ផែនការ​ខេត្ត​កំពង់ស្ពឺ ក្រោយពេល​ការ​សែត​ចុះផ្សាយ​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​មន្ទីរ​ខ្លួន​នោះ ពួកគាត់​បាន​សម្តែង​នៅ​ការគាំទ្រ ថា​ការចុះផ្សាយ​នោះ​ពិតជា​ត្រឹមត្រូវ ហើយ​សុំ​ឲ្យ​ការសែតជួយ​ចុះផ្សាយ​រឿង​នេះ​បន្ថែម​ទៀត​។ ព្រោះថា​ចំនុច​ខ្លះ​ដែល​ការ​សែត​បាន​ចុះផ្សាយ​គឺ​មិនសូវ​ដោយនិយាយ​ខ្លីៗ​លើ​ចំនុច​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​លោក​ប្រធាន​មន្ទីរ​និង​បក្ខ​ពួក​ប្រឌិត​រឿង​ចំណាយ​ផ្សេងៗ​មក​បិទបាំង​ការពិត​នៅពេល​មាន​ការស៊ើបអង្កេតណ៍​ពី​ស្ថាប័ន​ថ្នាក់​ជាតិ​នោះ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ចំណុច​សំខាន់​ដែល​ងាយស្រួល​ក្នុង​ការស្រាវជ្រាវ​រក​កំហុស​ពុករលួយ​របស់​ប្រធាន​មន្ទីរ​និង​បក្ខពួក​មាន​២​ចំណុច​ទី​១​:ទៅលើ​ការចំណាយ​ប្រាក់​បុរេប្រទាន ចំណុច​ទី​២​:គឺ​ប្រាក់​ទូទាត់​ត្រង់​លើកលែង​តែ​ប្រាក់​បៀ​វត្ត​ន៍​មន្ត្រីរាជការ​ចេញ​ដែល​ពុំ​មាន​បញ្ហា ក្រៅពី​នោះ​ការចំណាយ​ទាំងអស់​សុទ្ធតែ​មាន​បញ្ហា​ដែល​ត្រូវ​ស៊ើបអ្កេតណ៍​។ ចំណែក​ការចំណាយ​ទិញដូរ​និង​ការផ្គតផ្គង់​និង​សម្ភា​រ:​និងអាគារ​សំណង់ ដោយ​ចំណាយ​តាម​បែប​លទ្ធកម្ម​នោះ​ក៍វា​មាន​ភាពមិនប្រក្រតី​ដែរ ប៉ុន្តែ​វា​ពាក់ព័ន្ធ​និង​មន្ត្រី​សំខាន់ៗ​ក្នុង​ខេត្ត​ច្រើន​ជា​ពិសេស​លោក​អតីត​អភិបាលរង​ខេត្ត ស​ត្យា វុ​ធ និង​លោក​អភិបាលរង​ខេត្ត ប៉ែន សំបូ​រណ៍ ។ អំពើពុករលួយ​របស់​លោក ឈឹម សំអាត និង​បក្ខពួក​ដែល​ប្រព្រឹត្ត​កន្លងទៅ គឺ​ការកឹបកេង​ប្រាក់ចំណា​យ​ទូ​ទាត់សោហ៊ុយ​ក្នុងប្រទេស​(​បេសកម្ម​)​ជាក់​នៅ​ឆ្នាំ​២០១៣​ប្រាក់​នេះ​គឺ​មាន​ចំនួន​២៩,៣៥៤,០០០​រៀល ប៉ុន្តែ​មន្ត្រី​ដែល​ទទួលបាន​ប្រាក់​បេសកម្ម​នេះ​ពិត​ប្រាកដ​គឺ​មាន​ចំនួន​តិចតួច​បំផុត​។​

​ចំ​ប្រាក់​បេសកម្ម​ដែល​មន្ត្រី​ទទួល​គឺ​ប្រាក់​គម្រោង​និង​ប្រាក់​របស់​សាលាខេត្ត​ទៅវិញ​។ ចំណែក​ប្រាក់​មន្ត្រី​មាន​ជំងឺ​នៅ​ឆ្នាំ​២០១៣​នោះ​គឺ​មាន​ចំនួន​១៨,៨៤៩,០០០​រៀល ប៉ុន្តែ​ប្រាក់​នេះ មន្ត្រីរាជការ​ដែល​មាន​ជំងឺ​មិន​ប្រាកដ​ដែល​ទទួល​បានកា​រ​ឧបត្ថម្ភ​ក្នុង​ម្នាក់​យ៉ាង​ច្រើន​៤០​ម៉ឺន​រៀល ហើយ​អ្នក​ដែល​ទទួលបាន​មិន​លើសពី​៤​នាក់​នោះ​ទេ​។ បើ​និយាយ​អំពី​ប្រេងឥន្ធន:​វិញ​នៅ​ឆ្នាំ​២០១៣​មន្ទីរ​ផែនការ​បាន​ចំណាយ​អស់​ថវិការ​៣៦,៣៦០,២០០​រៀល ប៉ុន្តែ​មន្ត្រី​ដែល​មាន​តួនាទី​សំខាន់ៗ​មិនមែន​ជា​បក្ខពួករ​បស់​គេ​គឺ​គេ​ឧបត្ថម្ភ​ក្នុង​មួយ​ឆ្នាំ​ចំនួន​៣​ខែ​ក្នុង​មួយខែៗ​បាន​ចំនួន​១៥​លីត្រ​។​

​សម្រាប់​ពេល​ចេញ​បេសកម្ម​យូៗ​ម្តង​គឺ​ពេល​ខ្លះ​គេ​ផ្តល់ឲ្យ​៥​លីត្រ​ឬ​១០​លីត្រ ហើយ​ពេល​ខ្លះ​ក៍​គេ​មិន​ផ្តល់​ឲ្យ​ដែរ ការប្រើ​ប្រេងឥន្ធន:​នៅក្នុង​មន្ទី​របើ​បូក​សរុប​ការចំណាយ​ក្នុង​មួយ​ឆ្នាំៗ​គឺ​សល់​មិនតិច​ជាង​ពាក់កណ្តាល​ទេ ប៉ុន្តែ​ប្រេង​នេះ​មិន​ដឹង​ថា​គេ​យក​ទៅ​ណា​អស់​ទេ​។ បញ្ហា​ទាំ​នេះ​គឺ​សុទ្ធតែ​ជា​អះ​ពើ​ពុករលួយ​ដែល​ស្ថាប័ន​មាន​សម្តត្ថកិច្ច​ជាពិសេស​អង្គភាព​ប្រឆាំ​ង​អំពើ​ពុករលួយ​អាច​វែកមុខ​និង​ចាត់​វិធ​ន​ការ​តាម​ផ្លូវច្បាប់​លើ​រូប​លោក​ប្រធាន​មន្ទីរ ឈឹម សំអាត និង​បក្ខពួក​បាន​ដោយ​ងាយ​។

​សូមបញ្ជាក់ថា​នៅ​មន្ទីរ​ផែនការ​ខេត្ត​កំពង់ស្ពឺ​នៅ​ឆ្នាំ​២០១៣ បាន​ចំណាយ​ថវិការ​សរុប អស់​ចំនួន ៦៨៦,៤៤០,៩៦០​រៀល ដោយ​ក្នុង​នោះ​ចំណាយ​នៅក្នុង​ជំពូក​៦០ អស់​ចំនួន ២២១,៣៧៤,០២០​រៀល ក្នុង​នោះ​ចំណាយ​លើ​ប្រេងឥន្ធន:​និង​ប្រេងរំអិល​អស់​ចំនួន​៣៦,៣៦០,២០០​រៀល ទិញ​សម្ភារ:​ផ្នែក​រដ្ឋបាល​អស់​ចំនួន​៤៣,៧៤៣,៥០០​រៀល សម្ភារ:​និង​បរិក្ខា​អស់​ចំនួន​៩២,២៩០,០០០​រៀល សង្ហា​រឹម​អស់​ចំនួន​៣៣,៨៩២,០០០​រៀល អគ្គីសនី​និង​ទឹក​អស់​ចំនួន​១៥,០៨៨,៣២០​រៀល​។ ចំណែក​ជំពូក​៦១ អស់​ចំនួន ២០៩,៤០០,០០០​រៀល ថែទាំ​ជួសជុល​អាគារ​ចំនួន​១៨៧,២០០,០០០​រៀល ធ្វើ​ផ្លូវ​បេតុង​ចូល​មន្ទីរ​អស់​ចំនួន​២២,២០០,០០០​រៀល​។ រីឯ​ជំពូក​៦២ អស់​ចំនួន​៤០,៣៧០,៨០០​រៀល ក្នុង​នោះ​ចំណាយ​លើ​ផ្នែក​ទំនាក់ទំនង​សាធារណ:​និង​ផ្សព្វផ្សាយ​អស់​ចំនួន​១០,០០០,០០០​រៀល ចំណាយ​ទូទាត់​សោហ៊ុយ​ក្នុងប្រទេស​(​បេសកម្ម​)​អស់​ចំនួន​២៩,៣៥៤,០០០​រៀល សោហ៊ុយ​ទូរគមនាគមន៍​អស់​ចំនួន​១,០១៦,៨០០​រៀល​។​

​ចំពោះ​ជំពូក​៦៤ អស់​ចំនួន ២១៥,២៩៦,១៤០​រៀល ក្នុងនោះ​ប្រាក់​លាភការ និង​ប្រាក់​បំណាច់​បុគ្គលិក​ក្របខ័ណ្ឌ​អចិន្ត្រិយ៍​អស់ចំនួន​១៧៤,៣០៣,៧០០​រៀល ប្រាក់​លាភការ និង​ប្រាក់​បំណាច់​បុគ្គលិក​មិនមែន​ក្របខ័ណ្ឌ​និង​បុគ្គលិក​អណ្តែត​អស់​ចំនួន​៨២,២៦០,០០០​រៀល ប្រាក់​វិភាគ​សង្គម​អស់​ចំនួន​៣២,៧៣២,៤៤០​រៀល ប៉ុន្តែ​ប្រាក់​ក្នុង​ជំពូក​នេះ​ត្រូវ​គេ​កឹបកេង​លើប្រាក់​មន្ត្រី​មាន​ជំងឺ​និង​ឧបត្ថម្ភ​អ្នក​សម្រាលកូន​រួម​និង​ប្រាក់ឧបត្ថម្ភ​និវត្តជន​មួយចំនួន​ចំណែក​ប្រាក់ខែ​មន្ត្រីរាជការ​គឺ​ពិបាក​កឹបកេង ។​

​បើ​និយាយ​អំពី​ការចំណាយ​ប្រាក់​ប្រកប ដោយ​អំពើ​ពុករលួយ នៅក្នុង​មន្ទីរ​ផែនការ​ជា​ច្រើន​ឆ្នាំ​មកនេះ គឺ​មាន​ចំនួន​ច្រើន​ឥត​គណនា ចាំ​តាមដាន​នៅ​វគ្គ​ក្រោយ ។ ដោយ​ពេល​នេះ​សុំ​និយាយ​អំពី​ការ ដឹកនាំ​របស់​លោក​ប្រធាន​មន្ទីរ ឈឹម សំអាត ដែល​ពោរពេញ​ដោយ គ្រួសារ​និង​បក្ខពួក​និយម​នៅ ក្នុង​មន្ទីរ​នេះ​ម្តង​។ ជា​រៀងរាល់ឆ្នាំ​នៅតាម មន្ទីរ​អង្គភាព​នានា គេ​តែងតែ​ធ្វើ​សន្និបាត​ប្រជុំ​បូក សរុប​ការងារ គ្រប់​ផ្នែក​និង​រាយការណ៍​ស្តីពី​ការចំណាយ​របស់​មន្ទីរ អង្គភាព​ជូន​ដល់​មន្ត្រី​ខ្លួន ប៉ុន្តែ​សម្រាប់​មន្ទីរ​ផែនការ​ការងារ​ចំណាយ មិន​ត្រូវបាន គេ​លាតត្រដាង​ទេ​។ ហើយ​ការត្រួតពិនិត្យ​ការចំណាយ​មន្ត្រី​ថ្នាក់ ក្រោម​ដែល​មាន ភារកិច្ច​ត្រួតពិនិត្យ​មិន​ត្រូវ​គេ​ឲ្យដឹង​នោះទេ​។ ឯកសារ​ចំណាយ​ត្រូវបាន​គេ​លាក់​មិន​ឲ្យ​មន្ត្រី​ផ្សេងៗ ដឹង​ទេ​។​

​ក្នុង​ពេល​ថ្មីៗ​នេះ​លោក​ប្រធាន​មន្ទីរ ឈឹម សំអាត បាន​យក​កូនប្រសា​ប្រុស​ឈ្មោះ ហាក់ ចិ​ត្រា ដែល​ជា​មន្ត្រី​ទើបនឹង​ចប់​កម្មសិក្សា​ក្លាយ​ជា​មន្ត្រី​ពេញសិទ្ធិ​មក​បំរើ​ការងារ​ការិយាល័យ រដ្ឋបាល និង​គណនេយ្យ និង​ធ្វើ​ជា​បេឡា​។ បន្ថែម​លើ​នោះ ទៀត​លោក ឈឹម សំអាត បាន​យក​កូនស្រី​ឈ្មោះ ឈឹម ស្រី​ទូច មក​នៅ​ការិយាល័យ​រដ្ឋបាល និង​គណនេយ្យ និង​ធ្វើ​ជា​បេឡា​រង​ផងដែរ​។ ជាមួយគ្នានេះដែរ លោក ឈឹម សំអាត កំពុង​រៀបចំ​តែងតាំង កូនប្រសា​របស់​លោក​ឈ្មោះ ហាក់ ចិ​ត្រា ឲ្យធ្វើ​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​គណនេយ្យ ដើម្បី​មាន​ឱកាស​ឡើង​ធ្វើ​ជា​ប្រធាន​មន្ទីរ​នៅ​ថ្ងៃ​ខាងមុខ​។

​ចាប់តាំងពី​លោក ឈឹម សំអាត បានតែងតាំង​កូនប្រសា និង​កូនស្រី​មក​កាន់​ការងារ​នៅក្នុង​មន្ទីរ​ជា​បេឡា បេឡា​រង ការងារ​ស្ទើរ ទាំងអស់​ជាពិសេស​គឺ​ការងារ​លុយកាក់ ត្រូវបាន​លោក ឈឹម សំអាត ប្រគល់ជូន​ពួកគេ​ជា​អ្នក កាន់កាប់ និង​មាន​សិទ្ធិ​ធំ​ក្នុង​ការសម្រេច​។ ចំណែក​អនុប្រធាន​មន្ទីរ​ចំនួន​៥​នាក់ គឺមាន​តែ​លោក អនុប្រធាន យ៉ែម ឆន និង​លោក​អនុប្រធាន សំ លាស់ ត្រូវបាន​គេ​ផ្តល់​ផល់​ប្រយោជន៍​ខ្លះៗ​។

​ចំណែក​អនុប្រធាន​មន្ទីរ​មួយ​ចំនួន​ទៀត​ខ្លះ​ចាប់​ចាប និង​ខ្លះ​ចាបខ្យល់ អនុប្រធាន​មន្ទីរ​ខ្លះ គេ​ឲ្យ​កាហ្វេ​និង​តែ​ជ្រក់ ផឹក​កុំ​ឲ្យ​ស្ងួត​បំពង់​ក​ខ្លាច​ខ្យល់គរ​ស្លាប់​។ ចំពោះ​ទឹកប្រាក់​ធំៗ​គឺ​បាន​ទៅ លើ​លោក​ប្រធាន​មន្ទីរ​និង​កូន​រួម​និង​លោក​អនុប្រធាន​មន្ទី​រលោក យ៉ែម ឆន តែប៉ុណ្ណោះ​។ សម្រាប់​ពេល​នេះ​លោក ឈឹម សំអាត នៅ​មាន​វាសនា​ធ្វើជា​ប្រធាន​មន្ទីរ​បាន​ចំនួន​១១​ខែ​ទៀត នឹង​ត្រូវ​ចូល​និវត្តន៍ ខណ:ពេល​ការចូលនិវត្តន៍​ជិត​មក​ដល់​នោះ​រូបគាត់​បាន​ប្រឹងប្រែង​លើកស្ទួយ កូនប្រសា​ប្រុស​ឈ្មោះ ហាក់ ចិ​ត្រា និង​កូនស្រី ឈឹម ស្រី​ទូច ឲ្យ​កាន់​តំណែង​សំខាន់ៗ​នៅក្នុង មន្ទីរ​។

​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​ផែនការ​បាន​អំពាវនាវ​សូមឲ្យ​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ ឆាយ ថន និង​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួ​ចាត់វិធានការ​ស្រាវ​ជ្រាវ​ករណី​អំពើពុករលួយ​នៅក្នុង​មន្ទីរ​មួយ​នេះ​ឲ្យបាន​ស៊ីជម្រៅ និង​ជួប​មន្ត្រី នី​មួយៗ​ជាសម្ងាត់ ហើយ​ផ្ទៀងផ្ទាត់​ហត្ថលេខា​មន្ត្រី​នីមួយៗ​ឲ្យបាន​ច្បាស់​នោះ​នឹង​រកឃើញ អំពើពុករលួយ​នោះ​ជាមិនខាន ៕​
ឱប យិនទៀង

មតិយោបល់