ព័ត៌មានជាតិ

រថយន្ត​២​គ្រឿង​បុក​គ្នា ដោះស្រាយ​គ្នា​ជាង​១​ម៉ោង​នៅ​តែ​មិនត្រូវ​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ជូន​កូន​ទៅ​ញ៉ាំ​អី មក​ដល់​ផ្លូវ​កែង​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​ប៉ះ​គ្នា​ខ្ទេច​ផ្នែក​ខាង​មុខ​រថយន្ត​ទាំងសងខាង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ ភោជនីយដ្ឋាន​សេ​វេន​ប្រាយ តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត មួយគ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ពណ៌​ប្រផេះ​ក្រមៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-8144 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រក​ផ្ទះល្វែង​បត់​ឆ្វេង​ឡើង​ផ្លូវ​លេខ​៧០ ខណៈ​ដែល​រថយន្ត​ទើបតែ​ឆ្លងផ្លូវ​បាន​ប្រហែល​២​ម៉ែត្រ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-9696 ជិះ​ដោយ​បុរស​២​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ទិសដៅ​ពី​កើត​ទៅ​លិច ក៏​បាន​បុក​ប៉ះ​និង​រថយន្ត​កាមរី ធ្វើអោយ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ទាំងសងខាង​។​

​បើតាម​សម្ដី​ស្ត្រី​ដែល​បើកប​រថយន្ត​កាម​រី​ឆ្លាម បានអោយដឹង​ថា​គាត់​បាន​បើករថយន្ត​ចេញពីផ្ទះ​ជូន​កូន​របស់​គាត់​ទៅ​ញ៉ាំ​អី​នៅ​ម្ដុំ​ពេទ្យ​កាល់ម៉ែ​ត្រ ស្រាប់តែ​រៀប​បត់​ឆ្លងផ្លូវ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​មក​បុក​ប៉ះ​គាត់​តែ​ម្ដង​។ ហើយ​ចំណែក​ភាគី​ខាង​រថយន្ត​លុច​ស៊ី​៥៧០​បានអោយដឹងថា គាត់​ទើប​តែ​ចេញពី​កម្មវិធី​ជប់លៀង​ផ្ទះ​មិត្ត​ភ័ក្តិ​ហើយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ​បុក​ប៉ះ​រថយន្ត​របស់​គាត់​តែម្ដង​។ បន្ទាប់ពី​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ធ្វើ​ការសម្របសម្រួល​ដោយ​ភាគី​ខាង​រថយន្ត​លុច​ស៊ី​សទារ​សំណង​ចំនួន​៥០០​ដុល្លារ ប៉ុន្តែ​ភាគី​ខាង​រថយន្ត​ឆ្លាម​មាន​ត្រឹមតែ​៥០​ដុល្លារ ទើប​ដោះស្រាយ​គ្នា មិនត្រូវ​។​

​ក្រោយពេល​កើតហេតុ​ដោយ​ភាគី​ទាំងសងខាង​មិន​អាច​សម្របសម្រួល​គ្នា​បាន ទើប​សមត្ថកិច្ច​សម្រេច​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕
2014-07-09_113321

មតិយោបល់