ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រលោម​លោក​ខ្នាត​ខ្លី​ «សង្សារ​ ៦០​ថ្ងៃ​»​

ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១២ ជា​ពេលវេលា​ដ៏​អស្ចារ្យ​សម្រាប់​ស្ត្រី​ម្នាក់​ឈ្មោះ សុធា នោះ​គឹជា​ពិធី​ខួបកំណើត​របស់​នាង​។ នៅ​ថ្ងៃនេះ​ដែរ​ក៏​ជា​ពេលវេលា​ពិសេស​ដែល​ខ្ញុំ​បាន​ស្គាល់​នាង តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook (​ហ្វេ​សប៊ុក ឬ FB) ដោយ​ក្នុង​នាម​ជា​មិត្តភក្តិ​ម្នាក់ ធម្មតា​ម្នាក់​តែប៉ុណ្ណោះ​។

60days

ទំនាក់ទំនង​នេះ​បានប្រែក្លាយ​រីក​មាឌ​ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយ​រំកិល​ពី មិត្តភក្តិ​ទៅ​ជា​សង្សារ ហើយក៏​ជា​រឿង​ដែល​គួរឲ្យ​អស់សំណើ​ចណាស់​សម្រាប់​ខ្ញុំ ផានិត ដែល​ស្គាល់​នាង​ត្រឹមតែ​មួយ​សប្តាហ៍​សោះ ក៏​កើត​ចិត្ត​ស្នេហ៍​ភ្លើង​ចំបើង​។ តែ​ទោះជា​យ៉ាងណា​រឿងនេះ សុធា នាង​មិនទានបាន​យល់ព្រម និង​ឆ្លើយតប​យ៉ាងណា​នោះ​ទេ​ចំពោះ​ភក្តី​ស្នេហ៍​ភ្លើងចំបើង​របស់ខ្ញុំ ដោយ​គ្រាន់តែ​ប្រាប់ថា ៖

​សុធា : ទុក​ឱកាស​ឲ្យ​អូន​ស្វែង​យល់​ចិត្ត​បង​សិន ព្រោះ​ថា​បង​ជា​មនុស្ស​ដែល​អូន​គួរ​ស្វែងយល់​ដែរ​តើ​!
ផានិត : មិន​អី​ទេ​! តាម​ចិត្ត​អូន​ចុះ បង​មិន​ហ៊ាន​បង្ខំ​អូន​ទេ តែ​យូរ​ប៉ុណ្ណា​ទៅ​ឲ្យ​ចាំ​នោះ​?
សុធា​: ចាំមើល ៣​ខែ​សិន​ទៅ ចាំ​អូន​ប្រាប់ថា បងអាច​ជាប់ Shortlist របស់​អូន​ដែរ​អត់​? ហើយ​បងអាច​រង់ចាំ​ចម្លើយ​ពី​អូន​បាន​ដែរឬទេ​?
ផានិត​: មិន​ជា​អ្វី​ទេ ៣​ខែ​នោះ បង​នឹង​ទ្រាំ​ចាំ​ចម្លើយ​ពី​អូន ទោះ​ល្អ​ឬ អាក្រក់​ក៏​ដោយ​។​

​ណ្ហើយ​! តាមពិត​ទៅ​ពេលវេលា ៣​ខែ ដូចជា​មិនយូរប៉ុន្មាន​នោះទេ ធ្មេច​បើកៗ​ដល់​ខែ​បាត់ទៅហើយ តែ​សម្រាប់​មនុស្ស​រង់ចាំ​ពិត​ជា​យូរណាស់ បើសិន​អាត្មាអញ​ទ្រាំ​មិន​បាន​ឯង​មិន​មែន​ជា​មនុស្ស​ប្រុស​នោះ​ទេ អ៊‍ីចឹង​ទ្រាំ​រង់ចាំ​ចម្លើយ​ពី​នាង​ឲ្យ​ខាន​តែ​បាន ប្រសិន​បើ​ឯង​ស្រឡាញ់​នាង​ពិត​។​
​មាន​ពេលវេលា​ខ្លះ ទំនាក់ទំនង​យើង​ទាំងពីរ តាម​បណ្តាញ​ទំនាក់ទំនង FB ហាក់ដូចជា​មាន​រឿងរ​កាំ​ដួងចិត្ត​ខ្លះ តែ​មិន​ដល់​ថ្នាក់​បែក​ចាន បែកឆ្នាំង​នោះទេ និយាយ​ទៅ​ភាព​ផ្អែម​ច្រើន​ជាង​ទុក្ខសោក ព្រោះ​ថា​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ពូកែ​ខាង​យកចិត្តទុកដាក់​នឹង​មនុស្ស​ស្រី ទោះ ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ មិន​ចង់​ឲ្យ​នាងដឹង​ពីរឿង​ទុក្ខសោក​នោះទេ ដោយ​ដោះស្រាយ​ភ្លាមៗ ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។ សម្រាប់​នាង​វិញ​ជា​មនុស្ស​ម្នាក់​ដែល​ឧស្សាហ៍​ព្យាយាម​យកចិត្ត និង​បារម្ភ​ពី​គេ​មិន​ខុស​ពី​ខ្ញុំ​នោះ​ឡើយ ដោយ​នាង​តែងតែ​បារម្ភ​ពី​សុខទុក្ខ​របស់​ខ្ញុំ​គ្រប់ពេលវេលា ទោះបីជា​យើង​មិន​បាន​នៅ​ក្បែរ​គ្នា​ក្តី តែ FB ជា​ខ្នើយ​នៃ​ស្នេហ៍​របស់​ពួកយើង​។​

សុធា​៖ សូម​បង​កុំ​ព្យាយាម​ធ្វើការ​នៅ​យប់​ជ្រៅ​ពេក ត្រូវ​ថែរក្សា​សុខភាព​ផង​!
​ផានិត​៖ មិន​អី​ទេ អូន តាមពិត​ទៅ​ដោយសារ​តែ​ជក់​ដៃ ទើប​ធ្វើការ​ចេះតែ​ភ្លេចខ្លួន មិន​បាន​មើល​ម៉ោង​។ ម៉ោង ១២ យប់​ក៏​ឈាន​ចូល​មក​ដល់ ចុះ​ថ្មើរ​ហ្នឹងហើយ ហេតុអ្វី​នៅ​មិនទាន់​គេង​ទៀត​? អ៊‍ីចឹង​ហើយ​ប្រាប់​បង​ថា​ឲ្យប្រញាប់​ចូល​គេង​
សុធា​៖ មក​ពី​អូន​គេង​មិន​លក់ តែ​វា​ជា​ទម្លាប់​ទៅហើយ បង​ទេ មិនមែន​ជា​ទម្លាប់​នោះ​!
ផានិត​៖ នរណាថា​មិនមែន​ជា​ទម្លាប់ បង​ធ្វើឡើង​ធ្លាប់​ទៅហើយ
សុធា​៖ ឈប់​និយាយ​ជាមួយនឹង​បង​ឯង​ហើយ ប្រញាប់​ចូល​គេង​ទៅ
ផានិត​៖ អូន​ខឹង​បង​មែន​ទេ​?
សុធា​៖ នរណា​ខឹង​បង​ឯង នាំ​តែ​មុខ​ឆាប់​ចាស់ ដូច​បង​ឯង​នោះ ហា​ហា អូន​ថា​លេង​ទេ រាត្រីសួស្តី​បង !
ផានិត​៖ អូ​ខេ រាត្រី​សួរ​ស្តី

​សារ​រយ​ពាន់​ឃ្លា​ដែល​យើង​បាន​សារ​សព្ទ ជាមួយនឹង​គ្នា សុទ្ធសឹងតែ​ជា​សារ​ដែល​សម្បូរ​ទៅដោយ​ភាព​ផ្អែមល្អែម​ណាស់ បើសិនជា​អផ្សុក​វិញ មើល​សារ​ដែល​ធ្លាប់​ឆ្លើយឆ្លង​ជាមួយនឹង​គ្នា ក៏​អាច​បំបាត់​កង្វល់​ផងដែរ​។ អាចនិយាយបាន​ថា បើ​មាន​តែ​នំប៉័ង អាច​នឹង​ជ្រលក់ ឬ​ផ្ទាប់​ញុំ​ា​បាន ដោយ​ស្រួល ក្នុងករណី​បើក​សារ​មើល​។​
​តែ​ពេល​ខ្លះ​វិញ ខ្ញុំ​ចង់​តែ​ធ្វើឲ្យ​នាង​ខឹង តែ​នាង​ហាក់ដូចជា​មិន​ខឹង​នោះឡើយ តែ​ទោះជា​ខឹង​ក៏​ខឹង​ខ្ញុំ​មិន​បាន​យូរ​នោះ​ដែរ ព្រោះ​ថា​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត Take Care នឹង​លួងលោម ជាមួយនឹង​សម្តី​ស្ករ​របស់​ខ្ញុំ និង​ហេតុផល​ជាក់លាក់​។ ម្យ៉ាងវិញទៀត​នាង​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្តាប់​ហេតុផល ជាង​ពាក្យសម្តី​ស្ករ​របស់​ខ្ញុំ​។​
​ទំនាក់ទំនង​យើង​មិនយូរប៉ុន្មាន​ឈាន​ជើង​ចូល ក្បាល ១៥​ថ្ងៃ និយាយ​រួម​ទៅ ២​សប្តាហ៍ ១​ថ្ងៃ ហើយក៏​ជា​សប្តាហ៍​ដែល​ខ្ញុំ មាន​អារម្មណ៍​រសាប់រសល់​ខ្វល់ខ្វាយ​គេង​មិន​លក់ បក់​មិន​ល្ហើយ បាយ​ក៏​មិន​ឆ្ងាញ់ ផ្ញើ​សារ​ទៅ​នាង​ក៏​នាង​មិន​ឆ្លើយតប ។ ចំណែក​លេខ​ទូរស័ព្ទ​វិញ ក៏​មិន​ស្គាល់ នឹង​មិន​ស្គាល់​អាសយដ្ឋាន​ថែម​ទៀត មិនដឹង​ទំនាក់ទំនង​ទៅ​នាង​យ៉ាង​ម៉េច​នោះទេ​។ ដោយសារតែ​នាង​ប្រាប់ថា ៣​ខែ ចប់សព្វគ្រប់ បើសិន​ជា​បង​ជាប់​ជម្រើស​ក្នុង​ចិត្ត​អូន បង​នឹង​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​ពី​អូន ទាំង​ពាក្យ​ថា ស្រឡាញ់ និង​លេខ​ទូរស័ព្ទ​។​
​អូន​ដឹង​ទេ សុធា អូន​ថា​បង​ពិបាកចិត្ត​ប៉ុណ្ណា​ខណៈពេលដែល​ផ្ញើ​ទៅ​អូន អូន​មិន​ឆ្លើយ អូន​ធ្វើ​ហី ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អ៊‍ីចឹង ទោះ​យ៉ាងណា​ក៏​ផ្តល់​ចម្លើយ​ឲ្យ​បងផង ទោះ​ជា​រឿង​អាក្រក់ ឬ​ល្អ​ក៏ដោយ​។ មួយ​ថ្ងៃ​ក្រោយមក​នាង​បាន​ចូល​លេង FB វិញ តែ​ក៏​ជា​ពេលវេលា​អ្នក​ស្នេហា​ភ្លើងចំបើង​របស់ខ្ញុំ ទុក្ខសោក​ដែរ ដោយ​នាង​បាន​ប្រាប់​ខ្ញុំ​ថា ៖

សុធា ៖ ឲ្យ​អូន​សុំទោស ដែល​មិន​បាន​ឆ្លើយតប​ទៅ​បង​វិញ តែ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​អូន​ក៏​មាន​រឿង​ដែរ​
ផានិត​៖ អូន​មាន​រឿង​អី​ទៅ​? ហេតុអ្វី​មិន​ប្រាប់​បង​ផង​?
សុធា​៖ បង​នៅ​ចាំ​បាន​ទេ កាល​ដែល​អូន និង​បង​លេង​ឆាត​ជាមួយនឹង​គ្នា ហើយ​អូន​ប្រាប់​បង​ថា ប៉ា​ហៅ​អូន​នោះ​?
ផានិត​៖ បង​ចាំបាន ហើយ​មាន​រឿង​អ្វី​ដែរ​ចំពោះ​អូន​?
សុធា​៖ ឲ្យ​អូន​សុំទោស អូន​មិន​ចង់​ទេ តែ​ប៉ា​បាន​ប្រាប់​អូន​ថា គាត់​បាន​លើក​អូន​ទៅ​គេ​ហើយ ខណៈ​ដែល​គេ​ចូល​ចែចូវ​អូន​នោះ​។ អូន​ពិតជា​មិន​សប្បាយចិត្ត​មែន ប៉ុន្មាន​ថ្ងៃ​មកនេះ អូន​ដេក​គិត​ផង យំ​ផង ថា​អូន​គួរ​ប្រាប់​បង​យ៉ាងម៉េច​នោះ ទើបតែ​ថ្ងៃនេះ​អូន​សម្រេចចិត្ត​ប្រាប់​បង កុំឲ្យ​រឿង​វា​អូសបន្លាយ​ទៅ​មុខយូរ បើសិនជា​អូន​មិន​ប្រាប់​បង​ទេ នោះ​អូន​ពិតជា​មាន​វិប្បដិសារី​មួយជីវិត​។ មួយវិញទៀត បើសិនជា​ដល់​ពេល​កំណត់ ៣​ខែ​ហើយ​អូន​បាន​ប្រាប់​បង​ថា ស្រឡាញ់​បង នោះ​អូន​កាន់តែ​ខុស​មែនទែន​ហើយ ជា​សំណាង​ហើយ​ដែល​រឿង​នេះ​នៅ​ពេល​ខ្លី ត្រឹមតែ ១៥​ថ្ងៃ បើ​មិនចឹង​ងាប់​អូន​ហើយ​។ បង​យ៉ាងម៉េច​ហើយ ហេតុអ្វី​មិន​ឆ្លើយតប​ នឹង​អូន​ចឹង !
​ពុទ្ធោ​ព្រះ​អើយ​! ហេតុ​អ្វី​ទៅជា​យ៉ាងនេះ ផានិត​ឯង​ធ្វើ​រឿង​អ្វី​ខុស​ទៅ បានជា​ឈឺចាប់​កណ្តាលផ្លូវ​យ៉ាងនេះ ខ្ញុំ​គិត​ខ្សឹកខ្សួល​ម្នាក់ឯង​ក្នុង​ចិត្ត​។

សុធា​៖ ហេតុអ្វី​មិន​ឆ្លើយ​នឹង​អូន​?
​ផានិត​៖ មិន​អី​ទេ​អូន បង​គ្រាន់តែ​គិតថា រឿង​នេះ​មិន​នឹកស្មាន​ចប់​ពាក់កណ្តាល​ផ្លូវ​អ៊‍ីចឹង​សោះ ហាក់បីដូច​ជា​ទូក ឥត​ច្រវ៉ា នៅ​កណ្តាលទន្លេ មិន​អាច​ទៅ​ណា​រួច តែ​វា​មិន​ថ្វី​នោះទេ ព្រោះ​ថា​បង​សប្បាយចិត្ត​ណាស់ ដែល​បាន​ស្គាល់​រូប​អូន ជា​មនុស្ស​ល្អ​យ៉ាងនេះ ហើយក៏​ជា​មនុស្ស​ដែល​បង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក ។​
​សុធា​៖ បង​បន្ទោស​អូន ជេ​ស្តីថា អូន​ចុះ អូន​មិន​ប្រកាន់​ទេ
ផានិត​៖ បង​មិន​ហានជេ​អូន​ទេ ព្រោះថា​អូន​មានរឿង​អ្វី​ខុស​ទៅ ហើយ​អូន​ក៏​មិន​ចង់​ដែរ នេះ​ជា​អ្វី​ដែល​អ្នកផ្ទះ អូន​ធ្វើ​ទេ​។ ម្យ៉ាងវិញទៀត​អាយុ​អូន​ប៉ុណ្ណេះ ល្មម​នឹង​អូន​មាន​គូរ​ស្រក​រហើយ ដោយសារ​តែ​បង បាត់បង់​អនាគត​អី ពិតមែន​ណា បង​មិន​ថា​អី​ទេ សំខាន់ឲ្យ​តែ​អូន​បាន​សុខ​ទៅ​បាន​ហើយ ។​
​សុធា​៖ ហេតុអ្វី​នៅ​តែ​និយាយ​ល្អ ជាមួយនឹង​អូន​ទៀត !
​ផានិត​៖ ឲ្យ​បងថា​ស្តី មនុស្ស​ដែល​បង​ស្រឡាញ់ ស្មើ​បេះដូង ដូច​ម្តេចទៅ បើ​អូន​មិន​ខុស​អី​បន្តិច​ផង​ហ្នឹង​។ ឈប់​គិត​ទៅ​អូន បង​ក៏​អត់​អន់ចិត្ត​អ្វី​នោះ​ដែរ​។​
​ធាតុ​ពិត​ថា​មិន​អី​តែ ក្នុង​បេះដូង​ហាក់ដូចជា ដុំ​ដែកក្តៅ​មួយដុំ ដុត​ដាក់​នឹង​ដើមទ្រូង ឬ​ម្ទេស ១០​ផ្លែ នៅ​ក្នុង​មាត់​ចឹង ពិបាក​ក្រហល់ក្រហាយ ពិបាក​នឹង​ថ្លែង តែ​ទោះ​យ៉ាងណា​ក៏​មិន​ចង់​បញ្ចេញ​ឲ្យ​នាង​ដឹង​ដែរ ព្រោះ​ថា​ខ្ញុំ​ស្រឡាញ់​នាង ដូច្នោះ​ហើយ​ទើប​មិនឲ្យ​ដឹង​រឿង​នេះ​។​
​ផានិត​៖ បង​អរគុណ​ណាស់ សម្រាប់​រយៈពេល​ស្គាល់​អូន​កន្លងមក អូន​ជា​មនុស្ស​ល្អ​ណាស់ ដែល​បង​ចង់បាន ទាំង​ការបារម្ភ ពី​សុខទុក្ខ​របស់​បង នេះ​ហើយ​ជា​ចំណុច​ដែល​បង​ស្រឡាញ់​អូន ទោះបីជា​យើង​មិន​ទាន់​ស្គាល់​មុខ​គ្នា​ក្តី​មែនពិត តែ​អូន​ពិតជា​ល្អ​មែន​។​
សុធា​៖ សូម​បង​កុំ​គិត​ថា​អូន​ល្អ​យ៉ាងនោះ​អី សូម​គិតថា​អូន​ជា​មនុស្ស​ស្រី​ធម្មតា​ម្នាក់​បាន​ហើយ ដូច​គេ​ដូច​ឯង​ទៅ ។​
ផានិត​៖ ឲ្យ​បងថា​យ៉ាង​ម៉េចទៅ បើ​អ៊‍ីចឹង​មែន​។ តាំង​ពី​បង​ស្គាល់ នារី​ដូច​អូន មិន​ដែល​មាន​នរណា​ម្នាក់​បារម្ភ​សុខទុក្ខ​បង​ដូច​អូន​ឡើយ​។​
​នាង​បែរជា​និយាយ​រាង​សើច​បន្តិច មិនដឹង​ជា​ស្អី​ទេ​បង​ឯង ដឹង​គេ​អៀន​អត់​!
​ចាប់តាំងពី​ពេលនោះ​មក ទំនាក់ទំនង​របស់​យើង​ទាំង​ពីរ បែរ​ទៅ​ជា​រឿង​ផ្អែមល្អែម​ទៅវិញ ខណៈពេល​ដែល​នាង​បាន​ផ្តល់​លេខ​ទូរស័ព្ទឲ្យ​ខ្ញុំ​។ រូបភាព​ទំនាក់ទំនង​របស់​យើង​ទាំង​ពីរ​លែង​សូវ​ធ្វើតាម FB ហើយ គឺ​ទំនាក់ទំនង​តាម​ខ្សែ​ទូរស័ព្ទ​ទៅ​វិញ ដោយ​និយាយ​ពី​នោះ​ពី​នោះ សួរសុខទុក្ខ គ្នា​ធម្មតា ដូច​មុន​អ៊‍ីចឹង ទោះបី​ខ្ញុំ​ដឹង​ថា​នាង​មាន​កំណាន់ចិត្ត​ទៅ​ហើយ​ក្តី​។​
​ក្រោយៗ​មក​ទៀត​យើង​ទាំង​ពីរ​តែងតែ​និយាយ​លេង និង​ផ្ញើ​សារ​ឲ្យ​គ្មា​ជា​ធម្មតា ទៅវិញ ទៅ​មក​នឹង​លើកយក​រឿង​អតីត​មក​និយាយ​លេង ។​

ផានិត​៖ បើសិន​បង​ដឹង​រឿងនេះ ចប់​ពាក់កណ្តាល​ផ្លូវ បង​មិន​សារភាព​ថា​ស្រឡាញ់​អូន​នោះទេ​
សុធា​៖ នរណា​ដឹង​ថា​រឿង​នេះ​កើតឡើង​ទៅ ទាំង​បង និង​អូន
ផានិត​៖ ហា​ហា !​កុំ​គិត​អី បង​ថា​លេង​ទេ បង​ពិតជា​យល់​រឿង​នេះ​ណាស់ ថា​វា​យ៉ាងម៉េច​នោះ​?
​សុធា​៖ បង​ដឹង​អត់​! បង​ពិត​ជា​មនុស្ស​ល្អ​ណាស់ សូម្បី​តែ បងស្រី​របស់​អូន​ក៏​សរសើរ បង​ដែរ​ថា​បង​ជា​មនុស្ស​យ៉ាង​ម៉េច គឺ​ល្អ​ទាំង​ដឹងថា​អូន​មាន​គេ​ចូល​ចែចូវ​ហើយ បង​នៅតែ​អាច​ធ្វើ​ចិត្តបាន​ធម្មតា មិន​ដូច​មនុស្ស​ផ្សេងៗ​ទេ ឲ្យតែ​ឭ​យ៉ាងនេះ​ប្រាកដ​ជា​ជេ​រស្តី និង​មិន​ស្តី​រក​គ្នា​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត​បង​ក៏​មាន​ចំណេះដឹង​ពេញ​ខ្លួន បើសិន​ជា​នារី​ណា​បាន​បង នោះ​ពិតជា​ប្រសើរ​សម្រាប់​នាង​ជាក់​ជា​មិនខានឡើយ​
​ផានិត​៖ ណ្ហើយ​អូន​! ឈប់​និយាយ​រឿង​នេះ​ទៅ បង​មិន​ល្អ ដល់​ថ្នាក់​ដូច​ដែល​អូន​គិត​នោះ​ទេ បង​ដឹងខ្លួន ឯង​ច្បាស់​ណាស់ កុំ​បញ្ជោ​របង​អី ណា​អូន​។​
សុធា​៖ អូន​និយាយ​ពិតមែន វា​ជា​អ្វី​ដែល​អូន​បានឃើញ និង​ដឹង​។​
​បញ្ចប់​ត្រឹមនេះ​ខ្ញុំ​ក៏​បាន បង្វែរ​ការនិយាយ​ទៅ​និយាយ​រឿង​ផ្សេង​វិញ ដោយ​មិន​ចង់​ឲ្យ​ខ្នើស​ចិត្តនឹង​រឿង​ដាន​ចាស់​នោះឡើយ សួរ​ពីនេះ ពី​នោះ​ហើយ​និយាយ​អ្វីៗ​ដែល​ផ្តល់​ស្នាមញញឹម​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់នេះ​។ ម្យ៉ាងវិញទៀត​ខ្ញុំ​ខ្លាច​ណាស់​ឲ្យតែ​នាង​ពិបាក​ចិត្តម្តងៗ គឺ​ព្រឹក​ឡើង​តែងតែ​ទៅ មន្ទីរពេទ្យ​ជា​ញឹកញាប់ ត្រង់នេះ​ហើយ​ដែល​ខ្ញុំ​មិន​ចង់​ឲ្យ​នាង​ពិបាកចិត្ត និង​គិត​ច្រើន​ពី​រឿង​មួយ​នេះ​។​
​តែ​ទោះជា​យ៉ាងណា​នាង​ក៏​បាន​ប្រាប់​ដល់​ខ្ញុំ​ថា​បង​ជាប់ Shortlist ក្នុង​បេះដូង​អូន​ហើយ​ក្នុងនាម​ជា​មនុស្ស​ពូកែ​បារម្ភ​ចំពោះ​អូន អូន​ពិតជា​ពេញចិត្ត​ណាស់ និង​ទង្វើរ​ដ៏​ល្អ​របស់​បង​នេះ ហើយ​មួយវិញទៀត​ពេញចិត្ត​ណាស់ នឹង​សំណួរ​ដែល​បង​តែងតែ​សួរ​ពី​នេះ​ពី​នោះ មិន​អស់​មិន​ហើយ ដូច​ទឹក​ហូរ​នោះ អូន​ក៏​ពេញចិត្ត​នឹង​ឆ្លើយ​នោះដែរ​។​

​ផានិត​៖ ហេតុ​អ្វី​អូន​ប្រាប់​បង​ចំពោះ​រឿងនេះ តើ​អូន​មានរឿង​អ្វី ? ឬ​អូន​រំសាយ​ពិធី​ភ្ជាប់ពាក្យ​ទេ​ដឹង​?
​សំណួរ​ដែល​ខ្ញុំ​សួរ​ទៅ​នាង បានត្រឹមតែ​ធ្វើឲ្យ​នាង​សើច និង​ឆ្លើយ​តប​មក​វិញ​ថា អូន​អត់​មានរឿង​អ្វី​នោះទេ ។​
​ ​អូន​ដឹង​អត់​! ថា​រាត្រី​នេះ បង​ពិតជា​នឹក​ដល់​អូន ហើយ​គិត​សម្តី​ដែល​អូន​បាន​ប្រាប់​បង និង​ឃ្លាឃ្លោង​ទាំងនោះ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ទៀត នាង​បាន​ប្រាប់ថា នាង​បាន​ចូលរៀន​បន្ត​ហើយ​គឺ​ថ្នាក់​ភាសា​អង់គ្លេស​។​
​សុធា​៖ បើសិនជា​អូន​មិន​ចូល​រៀន​នោះទេ អូន​នឹងត្រូវ​រៀបការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​មួយវិញទៀត នឹង​ត្រៀមខ្លួន​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ផងដែរ​។​

​ពុទ្ធោ​អើយ​! ពេលនេះ​ខ្ញុំ​ទើប​តែ​យល់​ថា នាង​ពិតជា​ស្រឡាញ់​ខ្ញុំ ដោយ​ចង់​ពន្យា​ពេល បញ្ចប់​ចិត្ត​ស្រឡាញ់​របស់​ខាង​ប្រុស​។​
​ផានិត​៖ អូន​ធ្វើ​យ៉ាងនេះ​មិន​សម​ទេ អូន វា​អាច​ប៉ះពាល់​ដល់​គ្រួសារ​ទាំង​សងខាង ដែល​ធ្លាប់បាន​រាប់អាន​នឹង​គ្នា​។ ដូចគ្នា​នេះ​ផង​ដែរ​ដើម្បី​មនុស្ស​ដូច​បង ដែល​គោលដៅ​មិនទាន់​បាន​សម្រេច​នោះ ទោះ​បង​មាន​ការងារ​ធ្វើ​ចិញ្ចឹម​ជីវភាព​ខ្លួនឯង​មែនពិត តែ​មិន​ប្រាកដ​ថា​អាច​ធ្វើឲ្យ​អូន​មាន​ក្តី​សុខ​នោះឡើយ​
​សុធា​៖ អូន​មិន​យល់​ស្រប​នឹង​សម្តី ក៏ដូចជា​ឃ្លា​ដែល​បង​និយាយ​ចុងក្រោយ​នេះ​ទេ ស្នេហា​គេ​មិន​គិត​ដូច​បង​ឡើយ បើសិនជា​អាច​តស៊ូ​ជាមួយនឹង​គ្នា តាំង​ពី​ភាពក្រីក្រ​នោះ ទើប​អាច​រក្សា​ចំណង​ស្នេហ៍​រវាង​គ្នា​នឹង​គ្នា​បាន ជាក់ស្តែង​ខាង​ខ្សែស្រឡាយ​អូន ដែល​បាន​ជួប​កន្លងមក​នោះ មាន​ដូច​គ្នា ពេល​ដល់​ថ្នាក់​ហ្នឹង មិន​ស្តាប់​នរណា និង​មិន​គោរព​គ្នា​ទៀត អូន​សួរថា​អ៊‍ីចឹង​ក្តី​សុខ​នៅ​ឯណា​ទៅ​? ដោយ​មាន​រឿង​រកាំ រកូស​ជា​ញឹកញយ​នោះ​
​ផានិត​៖ អូ​ខេ បង​គាំទ្រ​ដល់​សម្តី​នេះ​តែ គួរ​គិត​ជា​ថ្មី​ណា កុំ​ខ្វល់​ពី​ស្នេហា​បង​ធ្វើ​អ្វី​។​

​ចប់​ការសន្ទនា​នេះដែរ ស្អែក​ឡើង​ថ្ងៃ​អាទិត្យ​ខ្ញុំ​ក៏​បាន​បិទ​ទូរស័ព្ទ​ពេញ​មួយថ្ងៃ ដោយ​ពិបាកចិត្ត និង​មិន​ចង់​ទទួល​ទូរស័ព្ទ​នរណា​នោះទេ ហេតុដូចនេះ​ទើប​បិទ​ទូរស័ព្ទ ការ​ដែល​ធ្វើ​បែប​នេះ បាន​ធ្វើឲ្យ​នាង​ខឹង ហើយ​បាន​បិទ​ទូរស័ព្ទ​វិញ​។​
​បើ​កបិទ បើ​កបិទ ១​ខែ​បាន​កន្លងផុត ហើយ​យប់​ថ្ងៃទី ៣០​ខែ​នេះ​ដែរ ហេតុ​អ្វី​ផ្ទៃមេឃ​ហាក់ដូចជា​គ្មាន​ពន្លឺ​សោះ​អ៊‍ីចឹង ដោយ​រសាប់រសល់ គេង​មិន​លក់ ផានិត​អើយ​! ឯង​ត្រូវតែ​ព្យាយាម​ខ​ល​ទៅ​នាង ព្រមទាំង​សុំទោស​ដល់​នាង​នូវ​ទង្វើ​របស់​ឯង​នេះ​។ អូ​ខេ ស្អែក​នឹង​ខ​ល​ទៅ​នាង​ជាក់​ជាមិនខាន​។​
​ ​ជាធម្មតា​ខ្ញុំ​តែងតែ​បើក​កុំព្យូទ័រ ធ្វើ​ការងារ​នៅ​ព្រឹក​ព្រលឹម​ម៉ោង នៅ​៧​ព្រឹក ជាប្រចាំ ។​នៅ​ថ្ងៃ​ជាមួយនឹង​គ្នា​នេះ​ដែរ ម៉ោង ១២​ថ្ងៃត្រង់ ជា​វេលា​ដែល​យើង​តែងតែ​ទំនាក់ទំនង​គ្នា ថ្ងៃនេះ​ដែរ​ក៏​ឃើញ​នាង​អន​ឡាញ​ដូច​សព្វដង លើ​ទំព័រ FB ក៏​ធ្វើ​ការសាកសួរ​ដូច​សព្វដង ។​

ផានិត​៖ ហាយ​អូន តើ​អូន​ញុំ​ា​បាយ​ថ្ងៃត្រង់​ហើយ​ឬ​នៅ​អូន​? ​ចៃដន្យ​ល្អ​នាង​ជា​មនុស្ស​ដែល​មិន​ចេះ​ខឹង​យូរ នាង​ក៏​តប​វិញ​
​សុធា​៖ អូន​ញុំ​រួចរាល់​ហើយ ចុះ​បង​វិញ​ញុំ​ា​ហើយឬ​នៅ​? ហើយ​បាន​អី​ញាំ​ដែរ​?
ផានិត​៖ បាទ បង​ញាំ​រួចរាល់​ហើយ គឺ​បាន​ម្ហូប សម្លម្ជូរ​ត្រកួន​ត្រី​។ អូន​ណា​! ឲ្យ​បងសូម​ទោស​ផង​ណា ពី​រឿង​ម្សិលមិញ​នោះ​
​សុធា​៖ រឿង​អី​ទៅ​បង​?
​ផានិត​៖ អូន​ដឹង ឬ​អូន​ធ្វើ​មិនដឹង​?
សុធា​៖ អូន​អត់​ដឹង​មែន​?
​ផានិត​៖ គឺ​រឿង​ដែល​បង​បិទ​ទូរស័ព្ទ​នោះ ហើយ​ពេល​បង​បើក​ម៉ោង ៩​យប់​ចង់ទៅ​អូន​វិញ តែ​ត្រូវ​អូន​បិទ​ទូរស័ព្ទ សងសឹក​បង​វិញ​
សុធា​៖ រឿង​នេះ​អូន​មិន​ចង់​នោះទេ តែ​អូន​ចង់​ឲ្យ​បង​ដឹងថា អារម្មណ៍​ពេល​ខ​ល​ទៅ​គេ​មិន​ចូល តើ​មាន​អារម្មណ៍​ដូចម្តេច​នោះ​? ម៉េច​ដឹង​ពី​អារម្មណ៍​នេះ​ហើយ​ឬ​នៅ​?
​ផានិត​៖ អ៊‍ីចឹង​សម្រេច​មក​អូន​ក៏បាន​ខឹង​នឹង​បង​ខ្លះ​ដែរ​
សុធា​៖ មាន​តិច​តូច​ដែរ តែ​ប្រាប់​ពី​ហេតុផល​ដែល​បិទ​ទូរស័ព្ទ​ដល់​អូន​មក​
​ផានិត​៖ បង​មិន​លាក់លៀម​ទេ គឺ​បង​ទទួល​សម្ពាធ​ពាក្យសម្តី​ពី​មិត្តភក្តិ ដោយ​មាក់ងាយ​មកលើ​រូប​បង​ដល់​ពិបាកចឹងក៏​បិទទូរ​ស័ព្ទ​ទៅ​
​សុធា​៖ ចឹង​ឈប់​និយាយ​ទៅ​បង អូន​ដឹងថា​អារម្មណ៍​បង​យ៉ាងម៉េច​ហើយ ពេលនេះ​
​ផានិត​៖ បង​អរគុណ​ចំពោះ​អូន​ណាស់ ដែល​យល់​អារម្មណ៍​ពី​បង​នាពេលនេះ អរគុណ​ច្រើនណាស់​ដែល​យល់ បើសិន​ជា​បង​បាន​ប្រាប់​អូន​មុន​ប្រហែល​មិន​កើត​ឡើងចឹង​នោះទេ​។​

​មាន​មនុស្ស​ជាច្រើន​តែងតែ​សួរថា ស្នេហា​ជា​អ្វី​? ហើយ​ស្នេហា​ចាំបាច់​មាន​ភាពជូរចត់ នឹង​ផ្អែម​ល្អែម ធ្វើ​អ្វី​ដែរ​?
​ពិត​ណាស់​សម្រាប់​មនុស្ស​លើ​លោកសន្និវាស​នេះ ពិតណាស់ តែងតែ​ជួប​រឿង​ជូរចត់ ចុះ​ផានិត​ឯង​ធ្លាប់បាន​ដឹង​ហើយ ថា​ចាន​ក្នុង​រ៉ាវ លែង​អី​នឹង​ប៉ះទង្គិច​គ្នា​នោះ​។​
​បន្ទាប់ពី​រឿងរ៉ាវ​ប៉ះទង្គិច​គ្នា​ត្រូវបាន​បញ្ចប់​នោះ ស្នេហា​ស្ថិតនៅ​ពីក្រោយ​វាំងនន​ខ្មៅ​នេះ ត្រូវបាន​ប្តូរ​រូប​មក​រក​ភាប​ព​ប្រក្រតី​វិញ​ជាធម្មតា​។ ដោយ​ទំនាក់ទំនង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក ដូច​សព្វមួយដង​នោះ​។​តែ​គិតៗ​ទៅ បើសិនជា​អាត្មាអញ​នៅតែ ធ្វើ​យ៉ាងនេះ​ប្រាកដជា​មាន​មនុស្ស​ម្នាក់​រង​រង​នូវ​ទឹកភ្នែក​ជាក់​ជា​មិនខានឡើយ​។ ប្រការ​នេះ​ដែរ​នាង​គឺជា​មនុស្ស​ម្នាក់​ដែល​កំពុង​ស្ថិត​ក្នុង​នាម​គូ​ដណ្តឹង​គេ​នៅពេល​ខាងមុខ ទោះបីជា​មិន​ទាន់​បំពាក់​ចិញ្ចៀន​ក្តី តែ​មុននឹង​ក្រោយ​ជា​របស់​គេ​។ ទោះបីជា​នាង​បាន​ប្រាប់ថា នឹង​ចាកចេញ​ពី​មាតុប្រទេស ទៅ​ស្វែងរក​ការងារ​នៅ​ក្រៅ ដើម្បី​ពន្យា​ចំណងស្នេហា​នេះ រវាង​នាង និង​គេក្តី​ដែល​ជា​ចំណុច​បន្សើមដ​ល់​បេះដូង​ខ្ញុំ តែ​វា​មិន​ល្អ​សម្រាប់​ខ្ញុំ​ឡើយ ព្រោះថា «​​» ឃើញថា​«​​» និង​ខ្មៅ​ឃើញ​ថា​ខ្មៅ​ទៅហើយនោះ​។​
​អាត្មាអញ​អើយ គួរតែ​រៀន​កាត់ចិត្ត​បន្តិច​ម្តងៗ​ទៅ វា​នឹង​អាច​ហាត់រៀន​បេះដូង ឲ្យ​ភ្លេច​នាង​ជាក់​ជា​មិនខានឡើយ កុំ​បណ្តោយ​ឲ្យ​ព្យុះ​ចិត្ត​ស្រឡាញ់ តាម​ដែល​នឹកឃើញ​។ ជាតិ​នេះ​ឯង និង​នាង គឺ​ត្រឹមតែ​ជា​និស្ស័យ​តែប៉ុណ្ណោះ គឺ​និស្ស័យ មិត្ត​មិនមែន បងប្អូន​ក៏​មិនអាច​។​
​មាន​ថ្ងៃមួយ​នោះ នាង​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​ខ្ញុំ ហើយ​ចង់​បញ្ឈឺចិត្ត​ខ្ញុំ និង​សាកល្បង​ចិត្ត ថា​ខ្ញុំ​ពិតជា​ស្រឡាញ់​នាង​អត់​នោះ​។​

សុធា​៖ អូន​មិន​ស្អាត​ទេ សូម​បង​បញ្ឈប់​ចិត្ត​ស្រឡាញ់រ​បស់បង​ទៅ ហើយ​ទៅ​រក​អ្នក​ថ្មី​ដែល​ល្អ ជាង​អូន​។​
​ទោះ​អារម្មណ៍​ចង់​បំភ្លេច​នាង តែ​ក៏​បាន​តប​ទៅ​នាង​វិញ និង​មិន​យល់ព្រម​នោះដែរ​។​
ផានិត​៖ ចិត្ត​បង គឺ​លង់​ស្រឡាញ់​អូន ៨០​ភាគរយ​ទៅ​ហើយ តើ​អាច​បំភ្លេច​អូន​ដូច​ម្តេចទៅ​?
សុធា​៖ ហា​ហា អូន​ប្រាប់​បង​យ៉ាងនេះ​គឺ​ចង់​ឲ្យ​បងរៀន​កាត់​ចិត្ត កុំឲ្យ​ជួប​ទុក្ខ​ថ្ងៃក្រោយ​។ តែ​បើ​សិន​ជា​អូន​ប្រាប់​បងហើយ បង​នៅតែ​ធ្វើ​មិន​បាន​ទៀត អូន​ពិតជា​មិនដឹង​រក​វិធី​ណា​ពន្យល់​បង​នោះ​ទេ​។​

​វា​ជា​រឿង​ពិបាក​ណាស់​សម្រាប់​ស្នេហា បើ​លង់​ហើយ ពិបាក​នឹង​កាត់ចិត្ត​ណាស់ ទោះ​មាត់​ថា​កាត់ចិត្ត តែ​បេះដូង​នៅ​កំអែល លំអង អនុស្សាវរីយ៍​ជាច្រើន​ដែល​ធ្លាប់បាន​សាង​រួមគ្នា និង​សំឡេង​ផ្អែមល្អែម​តាម​រលកធាតុអាកាស​។ ឲ្យ​បងសូម​ទោស​ផង​អូន​សំឡាញ់ ព្រោះតែ​រឿង​នេះ​ក៏​បាន​ធ្វើឲ្យ​អូន​ពិបាក​ដែរ មាត់​អូន​និយាយ​ថា​លែង​គិត​ហើយ​រឿង​នោះ បញ្ហា​នេះ​អូ​កុហក​បង​ទេ ងាយ​ឬ​កាត់ចិត្ត​ភ្លាមៗ មិន​ស្រួល​នោះទេ ។ វដ្ត​ជីវិត ទណ្ឌកម្ម​លោកិយ៍ ឲ្យ​ជួប​ហើយ​ម្តេច​ឡើយ​បំបែក​យ៉ាងនេះ​។ គេ​ថា ព្រហ្ម​លិខិត​គ្រាន់តែ​ជា​ពាក្យ​មួយ​ដែល​ស្ថិតនៅ​តាម​ក្រោយ​នៃ​ជោគជ័យ​របស់​បុគ្គល តែប៉ុណ្ណោះ តែ​ពេល​នេះ ព្រហ្ម​លិខិត​បាន​ពើប​ជ្រាយ​ខ្ញុំ​ហើយ ព្រោះ​ថា​ខ្ញុំ​បរាជ័យ​រឿង​ស្នេហា​។ អូន​ដឹង​ទេ បង​តែងតែ​ចងចាំ ពាក្យ​ថា ម៉េច​ទៀត​? ហើយ​យ៉ាងម៉េច​? ដែល​ជា​សំណូរ​សួរ​បន្ត​នៃកា​ររ៉ាយរ៉ាប​រឿង​អ្វី​មួយ​របស់​បង ដល់​អូន ឃ្លា​នេះ​តែងតែ​ស្ថិតនៅ​នឹង​ភ្នែក​បង​ជានិច្ច​។ ពាក់កណ្តាល​អធ្រាត្រ​ទៅ​ហើយ ម្តេច​ឡើយ​ខ្ញុំ​គិត​រឿង​អ្វី​ទៀត ឬ​គិត​ពី​នាង​? ពិត​ហើយ គឺ​កំពុង​គិត​ពី​នាង ថា​សុខភាព​នាង​យ៉ាង​ម៉េច​ហើយ​នោះ​? បានត្រឹមតែ​គិតពី​ចម្ងាយ តែ​គ្មាន​វាសនា នៅ​ថ្នម​ប៉ម​បី​អូន​នោះទេ​។ យប់​ជ្រៅ​ហើយ ផានិត ហើយ​ព្រឹក​ឡើង​ឯង ត្រូវ​ទៅ​រាជធានី​ភ្នំពេញ​ឆ្ងាយ​ផង ដើម្បី​បញ្ចប់​នូវ​ការងារ​របស់​ខ្លួន ហឺ​! គិត​ដល់​ណា​ទៀត​គេង​ទៅ ……​។​
​ព្រឹក​ព្រហាម សន្សើម​ព្រោងព្រាត​ដក់​លើ​ស្លឹក​ផ្កា រាន្ត​ហាល​មុខផ្ទះ ផ្កា​រីក​ស្គុះ​ស្គាយ សត្វ​ចាប ស្រែក​អឺងកង វាលស្រែ​ខៀវ​ដេរដាស់ ជាមួយនឹង​ព្រះ​ទិនករ​បញ្ចេញ​រស្មី​ថ្លា​ដូច​ពេជ្រ នា​ជើងមេឃ ធ្វើឲ្យ​ដួងចិត្ត របស់ ផានិត ពិតជា​នឹក​ដល់​នាង​ណាស់ គិត​ពី​នេះ​ពី​នោះ​មិន​អស់​មិន​ហើយ ភ្នែក​សម្លឹង​មើល​សែនឆ្ងាយ ពី​កញ្ចក់​រថយន្ត ជាមួយនឹង​សក់ខ្មៅ ស្លូតត្រង់ កាត់​ម៉ូដ​ឡុងសុង​ថៃ សម្បុរ​ស្រអែម ខ្ពស់​សង្ហារ សមជា​បុរស​សម្បូរ​ស្នេហ៍ តែ​បែរជា​អភ័ព្វ​ទៅវិញ​។ រំពេច​នោះ ក៏​មាន​អ្នករួមដំណើរ​ជាមួយនឹង ផានិត ជា​ស្ត្រី​មាន​វ័យ​អាយុ​ប្រហែលជា ៤៥​ឆ្នាំ បាន​បន្លឺសំឡេង​ឡើង​ថា «​ម៉ី​ង​ឃើញ​ក្មួយ​ឯង មុខក្រៀម​យូរហើយ តើ​គិត​ពី​អ្វី​ទៅ​ក្មួយ​?»

​ផានិត ឡើង​ភាំង​នៅពេល​ដែល​បាន​ឮ​សំណួរ​នេះ ហើយ​ឆ្លើយ​ថា ខ្ញុំ​មិន​បាន​គិត​អ្វី​ទេ​អ្នក​មីង គ្រាន់តែ​នឹក​ស្រណោះ​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ​។ នឹក​សង្សារ​មែន​ទេ​ក្មួយ​? សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​បុរស​សង្ហារ​យើង មុខ​ឡើង​ក្រហម ព្រោះ​គាត់​សួរ​ត្រង់ៗ​ពេក​។​
ផានិត អេះ​អុញ អ៊ឹះ​…..! ប្រហែល​ដូចជា​អ្នក​មីង​សួរ​ទេ​។ គាត់​បាន​សួរ​បន្តទៀត​ថា​សង្ស័យ​តែ​នឹក​កូន​មីង ហើយ​មើល​ទៅ​នោះ កុំ​ខឹង​អី​ណា មីង​និយាយ​លេង​ទេ​។
​ផានិត​៖ បាទ អត់​ខឹង​ទេ​អ្នក​មីង ព្រោះ​ថា​ខ្ញុំ​ក៏​ចូល​ចិត្ត​ពាក្យ​លេងសើច​ដែរ​
ស្ត្រី​វ័យ ៤៥​ឆ្នាំ​៖ ក្មួយ​ជា​អ្នក​នៅ​កំពង់ចាម​មែន​ទេ​?
​ផានិត​៖ បាទ គឺ​ខ្ញុំ​នៅទីនេះ ហើយក៏​ជា​ស្រុកកំណើត​ខ្ញុំ​ដែរ ចុះ​អ្នក​មីង​វិញ​នៅ​ទី​ខេត្ត​ណា​ដែរ ឬ​ជា​អ្នក​នៅ​កំពង់ចាម​ដូច​ខ្ញុំ​?
​ស្ត្រី​វ័យ ៤៥​ឆ្នាំ​៖ មីង ជា​អ្នក​នៅ​ខេត្ត កំពត់ មកលេង​បងប្អូន​ដែល​នៅ​ទី​រួម​ខេត្ត កំពង់ចាម នេះឯង​។
​ពេលឮ​ចម្លើយ​ថា នៅ​ខេត្ត​កំពត់ ពិតជា​ធ្វើឲ្យ​ដួងចិត្ត របស់ ផានិត នឹក​ដល់​នារី​ម្នាក់​ដែល​ទើបតែ​បាន​ស្គាល់​គ្នា​រយៈពេល​ខ្លី​នោះ​ចង់​លើក​ទូរស័ព្ទ​ឡើងខ​ល​ទៅ​នាង តែ​ចៃដន្យ​អី នាង​បានខ​ល​មក​តែម្តង ធ្វើឲ្យ​ដួងចិត្ត​របស់ ផានិត សប្បាយរីករាយ​ជា​ពន់ពេក​។​
​លើកឡើង​ភ្លាម ឮ​សំឡេង​ស្រួយ​ស្រេះ​ដូច​សារិកា អរុណ​សួរ​ស្តី​បង ហើយ​បង​នៅទីណា​ដែរ ក៏​ឮ​សំឡេង អឺងកង​ម្លេះ​?
ផានិត ៖ បាទ​! ពេល​នេះ​បង​កំពុង​នៅ​តាម​ផ្លូវ ចេញពី​ខេត្ត កំពង់ចាម​ទៅកាន់ រាជធានី​ភ្នំពេញ​
សុធា​៖ ហើយ​បង​ទៅ​ពី​អ​ង្កាល់ ហេតុអ្វី​មិន​ប្រាប់​អូន​ផង​?
ផានិត​៖ មក​ពី​ទាន់ហន់​ពេក​នឹង​ណា មិន​បាន​ប្រាប់​ដល់​អូន ឲ្យ​បង​សុំទោស​ណា​
​សុធា​៖ មិន​អី​ទេ …​មកពី​យើង​មិនមែន​ជា​មនុស្ស​សំខាន់​ចឹង​ហើយ ទើប​មិន​ប្រាប់​
​ផានិត​៖ ទេ កុំ​គិត​យ៉ាង​ដូច្នោះ​អី បង​មិន​បាន​គិត​ដល់​ចំណុច​នោះ​ទេ​
​សុធា​៖ អូន​ថា​លេង​ទេ​បង កុំ​ខឹង​អី​ណា​
​ផានិត ៖ មិន​អី​ទេ បង​ពិត​យើង​មិន​សំខាន់ បានជា​គេ​គិត​យ៉ាង​ដូច្នោះ​។​
​រំពេច​នោះ​ក៏​ផ្ទុះសំណើច​ឡើង ព្រោះ​ថា​អ្នក​ទាំង​ពីរ​ជា​មនុស្ស​ដែល​ចូលចិត្ត ឌឺ​ឲ្យ​គ្នា​បែប​នេះ​ទៅវិញ ទៅមក​ខណៈ​ដែល​លេង Chat លើ FB និង​តាម​ទូរស័ព្ទ​ក្តី​។​
​សុធា​៖ សូម​ឲ្យ​សំណាង​ល្អ​តាម​ផ្លូវ​ណា​បង​…..​ព្រោះ​ថា​ពេល​នេះ​អូន​មាន​ការចេញ​ទៅ​ក្រៅ​ហើយ ចាំ​បង​មក​ដល់​ភ្នំពេញ ហើយ​អូន​ទំនេរ​ចាំ​ខ​ល​ទៅលេង​បង​ទៀត បាយ​បាយ​ណា​បង​
ផានិត​៖ បាយ​បាយ​…

​ក្នុង​អារម្មណ៍​របស់ ផានិត ហាក់ដូច​មិន​ចង់​ដាក់​ទូរស័ព្ទ​សោះឡើយ ព្រោះថា​អារម្មណ៍​ចង់​ឮ​សម្តី​ដ៏​ផ្អែម​ល្អែម ទន់ភ្លន់ សម្បូរ​ទៅដោយ​ក្តីបារម្ភ​របស់​នាង​មកលើ​ខ្លួន​។ មាណវី​បណ្តូលចិត្ត​បង បង​សុំ​ត្រឹមតែ ឮ​សំឡេង​អូន នឹង​ឃើញ​រូបថត​អូន ក៏​បង​អស់ចិត្ត​ដែរ ជាតិ​នេះ​សុំ​ត្រឹមតែ​ប៉ុណ្ណេះ​ទេ មិន​ចង់បាន​អ្វី​លើសពី​នេះ​ឡើយ បើសិនជា​ចង់​បាន​លើសពីនេះ បង​ដឹងខ្លួន​ថា បង​មិន​អាច​ឈោង​ចាប់​អូន​ដល់​នោះទេ ដោយ​មូលហេតុ​អូន​មាន​ម្ចាស់​ចិត្ត​ទៅហើយ បង​ដឹងថា បង​នេះ​ពិត​ជា​មនុស្ស​ដែល​កំពុង​ស្រឡាញ់ មនុស្ស​ដែល​ជា​អនាគត​របស់​គេ ហើយ​ក៏​ដឹង​ថា ខ្លួនឯង​ខុស​ដែរ ចំពោះ​បញ្ហា​នេះ តែ​បង​បាន​គិត​ហើយ បង​មិន​ចង់បាន​អ្វី​ក្រៅ​ពី​ឮ​សំឡេង និង Chat ជាមួយនឹង​គ្នា ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ទៅ​ហើយ​។ ម្យ៉ាងវិញទៀត​ក៏​គ្មាន​បំណង​ចង់​បំបែកបំបាក់​ស្នេហា​របស់​អូន​ដែរ បង​ដឹងថា​អូន​លំបាក នឹង​ទទួល​យក​តែ​វា​ជា​សំណើរ​ចុងក្រោយ​នៃ​ក្តីស្នេហា របស់​បង​ដែល​មាន​ចំពោះ​អូន​។​
​លើ​រថយន្ត គិត​ចុះ​គិត​ឡើង ផានិត ភ្លេចខ្លួន ក៏​ដល់​ចំណត់​ឡាន ផ្សារ​ថ្មី ផានិត​ចុះ​ពីលើ​ឡាន ភ្លែត ហៅ​ម៉ូតូឌុប ជិះ​សំដៅទៅ​ផ្ទះជួល​ដ៏​កម្សត់​របស់​ខ្លួន​។ មកដល់​ផ្ទះ​ជួល នៅ​កណ្តាល​រាជធានី​ភ្លាម មិន​ទាន់​នឹង​ដោះអាវ ស្រួលបួល​ផង ក៏​បើក​កុំព្យូទ័រ​របស់ខ្លួន បំណង​បើក ហ្វេ​សប៊ុក ដើម្បី​ផ្ញើ​សារ​ប្រាប់​នាង​ថា មក​ដល់​ភ្នំពេញ​ហើយ​។ គាប់​ជូន នាង​កំពុង​អន​ឡាញ ក៏បាន ឆ្លើយតប​វិញ​ភ្លាម​តែ​ម្តង ៖

សុធា​៖ មក​ដល់​ហើយ​មែន​ទេ​បង ហើយ​ញុំ​បាយ​ថ្ងៃ​ហើយ​នៅ​ហ្នឹង​?
​ផានិត​៖ បង​នៅទេ ព្រោះថា​មិនទាន់បាន​ដាក់​សំ​ពាធ និង​ដោះ​សម្លៀក​បំពាក់​ផង ក៏​បើក​កំ​ព្យូ​រទ័រ ដើម្បី​ផ្ញើ​សារ​ទៅ​អូន​
​សុធា​៖ ទៅ​ងូតទឹក និងរ​កបាយ សិន​ទៅ​ចាំ​មកលេង​ជាមួយនឹង​អូន​
ផានិត​៖ អូ​ខេ អ៊‍ីចឹង​បង​ទៅ​ងូតទឹក​សិន​ហើយ​…..​បាយ​បាយ ជួប​គ្នា​បន្តិចទៀត​!
​​ឲ្យតែ​ពេល​ដែល​ខ្ញុំ​បាន​លេង Chat ជាមួយ​នឹង​នាង​ម្តងៗ ក្នុង​អារម្មណ៍​ពិតជា​សប្បាយរីករាយ​ក្រៃ​លែង​មាន​ពេលខ្លះ ភ្លេច​បាយ ភ្លេច​ទឹក និង​មាន​ពេលខ្លះ​នាង​សួរថា​បាយ​ឬ​នៅ​? ទោះជា​នៅ​ក៏​ហើយ​ដែរ​។ ឯង​ឡប់​ហើយ ផានិត អើយ ព្រោះ​ក្តីសង្ឈឹម​ចុង​ក្រោយ​មែនទេ ទេ​ឯង​មិន​គួរ​គិត​យ៉ាង​នេះ​ទេ ហាក់ដូចជា​ឯង​ចង់​ធ្វើ​មារ​ជ្រែក ស្នេហ៍​ក្នុង​រង្វង់​នំ​មិនធំ​ជាង​នាឡិ នោះ ដឹង​ថា​ទៅ​មិន​រួច​ហើយ តើ​នៅ​ខំ​ដល់​ណា​?​។ មាន​មូលហេតុ​ច្រើនណាស់​ដែល ផានិត កំពុង​គិត​ថា បើសិន​នៅ​ចឹង​នាងក៏​មិន​ភ្លេច​ដល់​ខ្លួន​ឡើយ ហើយ​ធ្វើបាប​ខ្លួនឯង​ទៀត ទោះបី​ធ្លាប់​សន្យា​នឹង​គ្នា​ថា សូម​តែ​ឃើញ​ការ​អន​ឡាញ់ និង​លេង​ឆាត​ជាមួយនឹង​គ្នា វា​ជា​ការ​គ្រប់គ្រាន់​ទៅ​ហើយ​ក្តី តែ​វិប្បដិសារី និង​កើតឡើង​ចំពោះ​ឯង​ជាក់​ជាមិនខាន​។​
​ឱ សុធា អូន​អើយ​! ជាតិ​នេះ​បង​អាចនិយាយបាន​ថា បងរស់​ដោយ​គ្មាន​អូន​មិន​បាន​នោះ​ទេ មិនមែន​មានន័យ​ថា​ប​ង​នេះ​គិត​ខ្លី​នោះ​ដែរ បង​គិត​ហើយ​គិត​ទៀត បងគួរ​បញ្ចប់​បិសាច​ស្នេហា ក្នុង​ចិត្ត​របស់​បង ឲ្យ​ឈប់​នឹក​ដល់​អូន​។ រវាង​យើង​ទាំងពីរ បើ​នៅ​បន្ត​ការ​អន​ឡាញ​ទៀត ហើយ​បង​ចេះ​តែ​សារភាព​នឹក​អូន​ទៀត វា​អាច​ធ្វើ​ឲ្យ​ពិបាក ណ្ហើយ​! ឈប់​ទៅ​ផានិត អើយ ។​

​ ​យប់​នេះ​ជា​ថ្ងៃ​ទី ៦០ ដែល​ជា​រាត្រី ដ៏​ខ្មៅ​ងងឹត នៃ​ការ​ផ្តាច់ទំនាក់ទំនងរ​បស់ សុធា និង ផានិត ….
​ផានិត​៖ យើង​គួរតែ​បញ្ចប់​ចិត្ត​ត្រឹម​នេះ​ចុះ ហើយក៏​មិន​បន្ត​ការ​អន​ឡា​ញ ទៀត​ដែរ សូម​ឲ្យ​ស្នេហា​របស់​យើង និង​ដាន​អកុសល​ទាំងនេះ រសាយ​តាម​ខ្យល់​ទៅ​ចុះ​
សុធា​៖ មិន​អី​ទេ អូន​នឹង​ធ្វើ​តាម​បង តែ​អូន​សូម​តែ​ម្យ៉ាង​ទេ កុំ​យំ​ព្រោះ​ស្រី​ម្នាក់​នេះ​អី វា​មិន​ល្អ​ទេ​បង​
ផានិត​៖ បង​មិន​យំ​ទេ ព្រោះថា​ទឹកភ្នែក​វា​អស់​លទ្ធភាព​នឹង​ស្រក់​ទៅហើយ
​សុធា​៖ មួយវិញទៀត អូន​នឹង​មើល​នូវ​ជោគជ័យ​របស់​បង​ពី​ចម្ងាយ ចាំ​ថា អូន​នឹង​អំណរ​សាទរ​នៅពេល​ដែល​បង​ទទួលបាន​ជោគជ័យ ចំពោះ​ការងារ និង​គោលបំណង​របស់​បង​
ផានិត​៖ អូ​ខេ ជា​អ​វសា​ន្ត សូមឲ្យ​អូនទទួលបាន​ក្តី​សុខ​គ្រប់​ប្រការ កុំឲ្យ​ជួប​រឿង​ហ្មងសៅ​បន្តទៀត ហើយ​ក៏​អស់​គុណ​ដែរ ចំពោះ​ការ​ដាក់ចិត្ត​ស្រឡាញ់ និង​ធ្វើ​ជា​សង្សារ​ដែល មាន​រយៈពេល ៦០​ថ្ងៃនេះ ឱ​សង្សារ ៦០​ថ្ងៃ​លើ ហ្វេ​សប៊ុក បង​អើយ យើង​លាគ្នា​ត្រឹម​នេះ​ចុះ សូម​ឲ្យ​សង្សារ ៦០​ថ្ងៃ​របស់​បង សំណាង​ល្អ​ជាមួយនឹង​មនុស្ស​ប្រុស​ដែល​ជា​អនាគត​របស់​អូន​នោះ ជា​ដរាប​ទៅ​អើយ​….!​។ ជា​ចុងក្រោយ​បង​គ្នា​អ្វី​ជូន​អូន​នោះទេ មានតែ​កំណាព្យ​ប៉ុន្មាន​ឃ្លា​ជា​ចំណងដៃ ស្នេហា ៦០​ថ្ងៃ​របស់​យើង​ជូន​ដល់​អូន ដែល​មាន​ចំណងជើង​ដូចខាងក្រោម​៖

​បណ្តូល​ចិត្ត ហ្វេ​សប៊ុក ៦០​ថ្ងៃ​

novels

សុធា​៖ អូន​បាន​អាន​ហើយ ពិតជា​ទឹកភ្នែក​ស្រក់​មិនដឹង​ខ្លួន​មែន ពិតជា​ពិរោះ​ណា​ស់បង និង​មាន​អត្ថន័យ​ទៀតផង លា​ហើយ​ថែខ្លួន​ណា​បង ត្រូវ​គិត​ខ្លួនឯង​ឲ្យបាន​ច្រើន​ជាង​គិត​ពី​អូន​។​

១​ឆ្នាំក្រោយ ផានិត បាន​ទទួលដំណឹង​ថា សុធា បាន​រៀបការ​ជាមួយនឹង​គូ​ដណ្តឹង​នាង ដោយ​សាង​ក្បួន​ជីវិត​មាន​សុភមង្គល​។ រីឯ ផានិត វិញ បានសម្រេច​គោលបំណង​របស់​ខ្លួន ដោយ​បាន​ក្លាយ​ជា​អ្នកនិពន្ធ ១​រូប​ថែមទាំង​មាន​ប្រជាប្រិយភាព​ទៀត​ផង​ដែរ​៕

ចប់​ដោយ​បរិបូរណ៍​

និពន្ធ​ដោយ​៖ បុរស​ដំណឹង​
ប្រលោម​ខ្នាត​ខ្លី​នេះ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ ដែល​ចេញពី​គំនិត​ច្នៃប្រឌិតរ​បស់​ស​ជិក និង​ស្ថាបនិក​គេហទំព័រ គេហទំព័រ​ដំណឹង​!!!

មតិយោបល់