ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​ជន​ស្គាល់​ពីរ​នាក់ កាប់ពីក្រោយ​ ​៣​ពូថៅ​រងរបួស​ធ្ងន់ធ្ង​រ​

​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​មាន​គ្នា​២​នាក់ បើក​ម៉ូតូ​មួយ​គ្រឿង​មក​ហក់​កាប់​ពីក្រោយ​ចំនួន​៣ ថៅ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ហើយ​ជនសង្ស័យ​បាន​បើក​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា ម៉ោង ៩​និង​៥០​នាទី​យប់ ថ្ងៃទី ២១ កក្កដា ២០១៤​នៅ​ចំណុច​គល់ស្ពាន​អាកាស​ក្បាលថ្នល់ តាម​ផ្លូវជាតិ​លេខ​២ ស្ថិតនៅក្នុង​ភូមិ​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ជនរងគ្រោះ​មានឈ្មោះ ថន អាយុ ២៨​ឆ្នាំ មានផ្ទះ​នៅ​ខាងក្រោយ​សាលាសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជន​មិន​ស្គាល់​មុខ ២​នាក់ បាន​ជិះ​ម៉ូតូ​ហុង​ឌ្រី​ម សេ​១២៥ មួយគ្រឿង មិន​ចាំ​ស្លាក​លេខ តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ដែល​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​បន្ថយ​ល្បឿន​ម៉ូតូ ដោយ​អ្នក​ជិះ​ពីក្រោយ​ហក់ មក​កាប់​ជនរងគ្រោះ​ចំនួន​៣​ពូថៅ ខណៈ​កំពុង​ដើរ​តាម​ផ្លូវ បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែងកើតហេតុ ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែម្តង ។ ហើយ​បាន​បើ​តាម​ការនិយាយ​ព្រោះ​ជនរងគ្រោះ អាចនិយាយបាន​ថា​គាត់​មិន​ដែល​មាន​បញ្ហា​ជាមួយ​អ្នក ណា​នោះ​ទេ ហើយ​ចំណែក​ជន​មិន​ស្គាល់​មុខ​ទាំង​ពីរ​នាក់​នេះ​ក៏​គាត់​មិន​ដែល​ស្គាល់​ដែល ។ បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ របស់​មន្ទីរពេទ្យ​៧០០២ មក​ទទួលយក​ទៅ​សង្គ្រោះបន្ទាន់ ហើយ​ចំណែក​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ក៏​កំពុង​ធ្វើ​ការសាកសួរ​នៅ​កន្លែង ហេតុ​ផង​ដែល​៕​
1

មតិយោបល់