ព័ត៌មានជាតិ

បទល្មើស​ជលផល កើត​ណែន​តាន់តាប់ នៅ​ឃុំ​ផាត់​សណ្ដាយ មន្រ្តីជលផល ឈរអោបដៃមើល

កំពង់ធំៈ ប្រជាពលរដ្ឋនៅស្រុក កំពង់ស្វាយ បានប្រាប់មក Post News ឲ្យដឹងថា បទល្មើសនេសាទបានលេចធ្លោពេញផ្ទៃទឹកដដែល ដោយខ្លះពន្លិច ចូលក្នុងផ្ទៃទឹក ដោយបណ្ដែតលើទឹក តែខ្សែរនោងរបាំងអួន ចងភ្ជាប់នឹងដើមអំបោសតែ ប៉ុណ្ណោះ ចំពោះកន្លែងនៅកណ្ដាលវាល ដូចមាត់ទន្លេសាប និងបឹងទន្លេសាប ជាដើម ចំណែកកន្លែងលាក់បំបាំងភ្នែក ដូចជា ក្នុងព្រៃ តំបន់អភិរក្សជាដើម គឺចេញរូបរាងធ្លោតែម្ដង ។

យោងតាមសេចក្ដី រាយការណ៍ពី ប្រជាពលរដ្ឋ នៅតំបន់នោះ បានឲ្យដឹងថា ឧបករណ៍បទល្មើសនេះ មិនមែនទើបដាក់ថ្មីៗនោះទេ គឺដាក់តាំងពីដើម រដូវវស្សា មកម្ល៉េះ ហើយឧបករណ៍ខ្លះទៀត នៅខួបប្រាំង ខួបវស្សាតែម្ដង ដូចជាកន្លែង ក្រឡុបបាយក្អែក ទ្វាបឹង កោះតាបរ និងកែងបឹងផ្សោត ជាដើម ។

បទល្មើសនេសាទនេះ មានរបាំងអួន រាប់រយម៉ែត្រ មានខ្លះជាង១០០០ម៉ែត្រទៀតផង ហើយបទល្មើស នេះខ្លះ ត្រូវបានបង្ក្រាបសើៗ និងខ្លះទៀត មិនត្រូវបង្ក្រាបទាំងស្រុងតែម្ដង ដោយសារតែ ល្បែងថ្ពិនភ្នែក របស់នាយផ្នែករដ្ឋបាលជលផល គឺលោក យ៉ាន់ វិសាក់ ហៅសែ ដែលគេស្គាល់ថា បិតាល្បិច និងពូកែវោហារ ជាខ្សែរបស់ថ្នាក់ដឹកនាំ អធិការដ្ឋានរដ្ឋបាលជលផល ប៉ែកខាងជើងបឹង ទន្លេសាប ។

សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនេះ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នបទល្មើសនៅឃុំ ផាត់ សណ្ដាយនេះ មានឈ្មោះ អ៊ូ ហៀង និងឈ្មោះ ពែក ជាអ្នករត់ការ ដែលមានលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែក នៅពីក្រោយខ្នង ហើយលោក អ៊ូ ហៀងនេះ ជាប្រព្រឹត្តបទល្មើសធំម្នាក់ ក្នុងចំណោមអ្នក ប្រព្រឹត្តបទល្មើសធំៗ នៅតំបន់នោះ ហើយឈ្មោះ ហៀង ក៏ជាអ្នកតំណាង អ្នកប្រព្រឹត្តបទល្មើសទាំង នៅឃុំផាត់សណ្ដាយ (ដែលតំណាងប្រជាពលរដ្ឋ) ដឹកនាំប្រជានេសាទខុសច្បាប់ទាំងនោះ មកសាលាខេត្តកំពង់ធំ ដើម្បីសុំលោកអភិបាលខេត្ត ជួយបន្ធូរបន្ថយ នូវមុខរបរ របស់ពួកគាត់ ដោយសំអាងថា ពួកគាត់មានមុខរបរតែ១ គឺនេសាទ ។

ទាក់ទិន នឹងព័ត៌មានខាងលើនេះ លោក យ៉ាន់ វិសាក់ ហៅសែ បានប្រាប់អ្នកសារព័ត៌មានថា បទល្មើសទាំងនោះ គឺគាត់ដឹង ហើយគាត់បង្ក្រាបរាល់ថ្ងៃ ។ ចំណែករឿងនេះ ក្រែងលោកហៀង គេរត់ការអស់ហើយតើ ។

លោក អ៊ូ ហៀង បានប្រាប់អ្នកសារព័ត៌មានថា គឺគាត់និងលោក ពែក ទំនាក់ទំនងអស់ហើយ ។ ចំណែក លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផល កំពង់ធំ មិនបានបំភ្លឺដូចម្ដេចនោះទេ ដោយ លោកបានប្រាប់ថា លោកមានធុរៈ ដោយឪពុករបស់លោក មានជម្ងឺធ្ងន់ធ្ងរ ហើយកំពុងស្ថិតនៅ បន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរកាល់ម៉ែត្រ ៕

នេសាទកំពង់ធំ (1) នេសាទកំពង់ធំ (2) នេសាទកំពង់ធំ (3) នេសាទកំពង់ធំ (4)

មតិយោបល់