ព័ត៌មានជាតិ

តោះមកដឹងរឿងលម្អិត ក្នុងករណីឃាតកម្មប្រពន្ធចាក់សម្លាប់ប្តីជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក

សៀមរាបៈ កាលពីចន្លោះវេលាម៉ោង៣យប់ រហូតដល់ម៉ោង៤ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប្រទះឃើញ សពជនរងគ្រោះឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ និងដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាបដឹកនាំដោយ លោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សានិងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ ។

លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច។ ដោយឡែកសម្ភារៈទ្រព្យសម្បត្តិរបស់ជនរងគ្រោះមិនមានការបាត់បង់ឡើយ ដូច្នេះករណីនេះសមត្ថកិច្ចសន្និដ្ឋានថាករណីនេះ ជាករណីគំនុំ។

លោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីរូបលោក បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៧ម៉ោង នៅវេលាម៉ោង១រសៀលថ្ងៃដដែល មន្ត្រីនគរបាលយុត្តិធម៌ បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយកមកធ្វើការសាកសួរ។

ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ។

ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង១២និង២៥នាទីយប់ឆ្លងចូលថ្ងៃទី១៥ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបជនសង្ស័យបាន យកទូរសព្ទខលទៅជនរងគ្រោះ ឈ្មោះហ៊ឹម វណ្ណារ៉ូ ដើម្បីឲ្យមកជួយយកកូន ទៅមន្ទីរពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ។ លុះដល់វេលាម៉ោង១និង១៣នាទី ជនសង្ស័យបានធ្វើការខលទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា បងឆាប់មកៗកូនយើងកាន់តែមិនស្រួលមែនទែនហើយ ជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យនិងកូនទៅមន្ទីពេទ្យ។ លុះដល់វេលាម៉ោង១និង៣០នាទី ជនសង្ស័យក៏ខលមកជនរងគ្រោះម្តងទៀត សួរថា “បងដល់ណាហើយ?” ជនរងគ្រោះបានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយជនរងគ្រោះបានប្រាប់ជនសង្ស័យថា អោយចេញមកនៅចាំមុខផ្ទះ។ ជនសង្ស័យបានចេញមកចាំដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នា ហើយ ក៏នាំគ្នាជូនកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ពេលទៅដល់ ហើយជនសង្ស័យបានអោយទូរសព្ទទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីរពេទ្យ ។លុះចេញពីមន្ទីរពេទ្យវិញ ជនរងគ្រោះ(ស្រវឹង)និងជនសង្ស័យ បាននាំគ្នាជិះម៉ូតូ នាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោម ឲ្យប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញ​ តែជនរងគ្រោះមិនព្រម ។ ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២ ម៉ោង៣ ជនសង្ស័យ បាននិយាយថា “ធ្វើប្តីអាចមន៍អី គ្រាន់តែកូនឈឺមិនជួយមើល” រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះឲ្យឈប់ម៉ូតូ ដើម្បីចុះដើរពរកូន ពេលនោះជនរងគ្រោះបានបានយកកាំបិតចិតបន្លែរ មករុញបម្រុងចាក់ជនសង្ស័យ បណ្តាលឲ្យជនសង្ស័យដួល ទៅលើដី រីឯជនរងគ្រោះក៏ដួលផងដែរពេលនោះដែរកូនរបស់ពួកគេ បានស្រែកយំខ្លាំង ដោយឃើញជនរងគ្រោះដួលដែរ ជនសង្ស័យ បានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលឲ្យមុត ម្រាមមេដៃឆ្វេង។ ក្រោយបានកាំបិតហើយជនសង្ស័យ ក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោក ដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូន ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះ បន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។ បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ ។លុះដល់វេលាម៉ោង៥ ជនសង្ស័យ បានយកសម្លៀកបំពាក់ដែលស្លៀកពីយប់នោះទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំឲ្យគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចឡើយ។

យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់