ភ្នំពេញ៖ ការិយាល័យលិខិតឆ្លងដែន នឹងត្រូវបង្កើតនៅក្នុងខេត្តចំនួន ៦បន្ថែមទៀត ដើម្បីជួយសម្រួលដំណើរការធ្វើចំណាកស្រុកសាជាថ្មីសម្រាប់ពលករកម្ពុជា ដែលនឹងត្រឡប់ទៅប្រទេសថៃវិញ។ នេះបើយោងតាមមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹង។
ប្រធាននាយកដ្ឋានលិខិតឆ្លងដែននៅក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទតារា បានថ្លែងឲ្យដឹងថា រិយាល័យថ្មីកំពុងត្រូវបានបង្កើតឡើងនៅក្នុងខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង សៀមរាប កំពង់ធំ និងតាកែវ។ លោកបានមានប្រសាសន៍ថា ខេត្តទាំងនេះជាខេត្តធំៗដែលមានពលរដ្ឋជាច្រើនបានចេញទៅធ្វើការនៅក្រៅប្រទេស។ បច្ចុប្បន្ន យើងកំពុងរៀបចំសម្ភារមួយចំនួនមានដូចជា កុំព្យូទ័រ ដើម្បីបញ្ចូលព័ត៌មាន កាមេរ៉ា និងសម្ភារស្រដៀងៗនេះជាដើម”។
ពលករចំណាកស្រុកប្រហែល២៥០.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីខែមុន បន្ទាប់ពីការបង្ក្រាបលើពលករខុសច្បាប់ដោយរដ្ឋាភិបាលយោធាថៃ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានកាត់បន្ថយតម្លៃធ្វើលិខិតឆ្លងដែនពី១២៤ដុល្លារមកត្រឹម៤ដុល្លារ ដើម្បីជំរុញឲ្យពលករចំណាកស្រុកទទួលបានឯកសារស្របច្បាប់ មុនពេលត្រឡប់ទៅប្រទេសថៃ ប៉ុន្តែពលកររាប់ពាន់នាក់ត្រូវបានបញ្ជូនត្រឡប់មកព្រំដែនវិញដោយអាជ្ញាធរថៃ បន្ទាប់ពីព្យាយាមចូលដោយខុសច្បាប់ម្ដងទៀត៕
មតិយោបល់