ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងសំរាប់ដឹកអែតចាយចតទុកនៅមុខផ្ទះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះ សំណាងល្អម្ចាស់ផ្ទះឃើញទាន់ក៏រុញរថយន្តចេញអោយផុតផ្ទះ រួចយកទឹកមកបាញ់ពន្លត់ទាន់ពេល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចក្បែរផ្ទះសំណាក់ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទួលច័ន្ទ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
បើតាមសម្ដីរបស់ម្ចាស់ផ្ទះនិងជាម្ចាស់រថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុគឺគាត់បានយករថយន្តមកចតទុកមុខផ្ទះដូចសព្វដង ហើយក៏ចូលទៅក្នុងផ្ទះសំរាក លុះនៅពេលយប់ជ្រៅក៏ធុំក្លិនឈ្ងៀម គាត់ក៏ចេញមកមើលឃើញមានអណ្តាតភ្លើងឆាបឆេះរថយន្តគាត់ គាត់ក៏បានដាស់អ្នកនៅក្នុងផ្ទះអោយចេញមកជួយពន្លត់ដោយរុញរថយន្តអោយផុតផ្ទះព្រោះខ្លាចឆេះដោយទាំងផ្ទះថែមទៀត ហើយក៏បានតទុយោទឹកបាញ់ពន្លត់ទាន់ពេលហើយភ្លើងក៏រលត់បាត់ទៅ សំណាងល្អរថយន្តគ្រាន់តែរងការខូចខាតឆេះរោលដោយសារភ្លើងបន្តិចបន្តួចតែប៉ុណ្ណោះ។
គាត់បាននិយាយបន្តទៀតថា ការឆេះនេះអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីក្នុងរថយន្តក៏មិនដឹង ឬមួយក៏មានគេលួចដុត (នេះជាការសង្ស័យរបស់ម្ចាស់រថយន្ត) ។
នៅកន្លែងកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យមើលផងដែរ៕
មតិយោបល់