ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជើងខាងឆ្វេងម្ខាង ដោយកំពុងជិះម៉ូតូ ហើយត្រូវ រថយន្តកាមរីឆ្លាម បើកបុកយ៉ាង ពេញទំហឹង កាលពីវេលាម៉ោង ៩និង៥០នាទី យប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចស្តុបទេផន តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវលេខ១៨២ ស្ថិតនៅក្នុងសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក វិវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1A-3788 ជិះដោយបុរសម្នាក់បានធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់ តែមានរថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2D-5471 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើត ទៅលិច ក៏ជ្រុលទៅបុកម៉ូតូ ពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ជើងម្ខាង ហើយរថយន្តបង្កបានព្យាយាមបើកគេចខ្លួនរហូតដល់ចំណុចមុខសាលា សុវណ្ណ ភូមិ ក៏ត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗតែម្តង ។
ហើយចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកមន្ទីរពេទ្យភ្លាមៗ ហើយសមត្ថកិច្ចបានចុះវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅខណ្ឌទួលគោកដើម្បីធ្វើការដោះតាមផ្លូវច្បាប់៕
មតិយោបល់