ឱសថបុរាណដែលបានពីចំណីអាហារមួយចំនួន គេអាចយកមកប្រើប្រាស់ដើម្បីកាត់បន្ថយជំងឺលើសឈាមបានយ៉ាងល្អ។
បើអ្នកកើតជំងឺលើសឈាម ហើយចង់កាត់បន្ថយអាការនេះ គួរអនុវត្តដូចខាងក្រោម៖
– ខ្ទឹមស
ចិញ្ច្រាំខ្ទឹមសស្រស់ឲ្យបានប្រមាណកន្លះស្លាបព្រាកាហ្វេ បរិភោគជាមួយអាហារមួយថ្ងៃ២ ទៅ៣លើក។ បើមិនចង់អនុវត្តវិធីនេះទេ អ្នកអាចខាំទំពាខ្ទឹមសស្រស់ផ្ទាល់តែម្ដង។ ទោះបីជាយ៉ាងណា ការបរិភោគខ្ទឹមសមិនគួរបរិភោគពេលពោះទទេទេ ព្រោះភាពក្ដៅរបស់ខ្ទឹមអាចបង្កឲ្យក្រហាយក្រពះ។
– ឃិនឆាយ
ជ្រើសរើសដើមឃិនឆាយស្រស់យកមកបុកច្របាច់យកទឹកផឹក ឬប្រើដើមស្រស់១-២ក្ដាប់ដៃបុកឲ្យម៉ដ្ឋស្ងោរជាមួយទឹក ហើយច្រោះយកកាកចេញទុកបរិភោគម្ដង១-២ ស្លាបព្រាមុនអាហារ ឬបរិភោគជាបន្លែស្រស់លាយជាមួយអាហារក៏ផ្ដល់ផលប្រយោជន៍ដូចគ្នាដែរ។
– បញ្ញើក្អែកលើដើមស្វាយ
យកបញ្ញើក្អែកលើដើមស្វាយមកហាលឲ្យស្ងួតស្ងោរទឹកផឹកជំនួសទឹកតែ ឬហាលឲ្យស្ងួតយកមកលីងហើយឆុងទឹកផឹក។
នៅតំបន់ខ្លះ ការបំបាត់រោគលើសឈាមគេយកបញ្ញើក្អែកស្រស់ដោយបេះយកស្លឹក និងមែកមួយក្ដាប់ដៃស្ងោរជាមួយទឹក ហើយយកមកផឹក។
– ផ្កាតិចហួយ (Roselke)
យកស្រទាប់ស្ងួតមកដាំទឹក ឬឆុងទឹកក្ដៅផឹកជំនួសទឹកតែ ព្រោះវាអាចជួយកាត់បន្ថយជំងឺលើសឈាមបំបាត់ដុំក្រួសក្នុងតម្រងនោម និងកាត់បន្ថយគ្រុន។
– ស្លឹកត្រចៀកក្រាញ់
រុក្ខជាតិប្រភេទនេះជាថ្នាំប៉ូវបេះដូង បំបាត់អាការអស់កម្លាំងល្ហិតល្ហៃ បញ្ចុះទឹកនោម និងបំបាត់ក្ដៅក្នុង។
សម្រាប់លក្ខណៈពិសេសមួយទៀតរបស់រុក្ខជាតិមួយនេះ គឺគេអាចប្រើបញ្ចុះជំងឺលើសឈាមដោយយកដើមស្រស់មួយ ឬពីរក្ដាប់ដៃស្ងោរជាមួយទឹកហើយយកមកផឹក៕
មតិយោបល់