បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករថយន្ត ក្រោយមកបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ សាំង វ៉ិត ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកវីវ៉ាពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប ១C.១៩៩៥ ។
លោកអធិការបានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ អ្នកបើកម៉ូតូបានធ្វើដំណើរពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿនសង្ស័យបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ពេលមកដល់ចំណុចកើតហេតុចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ បានរេចង្កូតទៅបុករថយន្តម៉ាក KAIPRONTIER ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ២.O ១៨០២ ដែលធ្វើដំណើរផ្ទុយទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ បាក់ជើងស្តាំ និងបែកក្បាល រងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិតខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
អ្នកបើករថយន្តមិនត្រូវបានគេស្គាល់ឈ្មោះ ។ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងរថយន្តនិងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕
មតិយោបល់