ព័ត៌មានជាតិ

ចិន​នាំ​គ្រឿង​សម្ភារ​ពេទ្យ ៨០​តោន ផ្តល់​ប្រទេស ៣ ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ ស៊ីសាច់ អេ​បូឡា

​យោង​តាម​សារព័ត៌មាន​ស៊ីន​ហួរ​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា​យន្តហោះ​ប៊ូ​អ៊ីញ ៧៤៧ មួយគ្រឿង បាន​មក​ដល់​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ទីក្រុង Conakry ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​ហ្គី​ណេ ជាមួយនឹង​គ្រឿង​សម្ភារ​ពេទ្យ ៨០​តោន ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន សម្រាប់​ប្រទេស​ចំនួន​៣ ដែល​ត្រូវ​បាន​រង​ផលប៉ះពាល់ ដោយ​ជំងឺ​នៃ​មេរោគ​អេ​បូឡា ដូចជា ប្រទេស​ហ្គី​ណេ​, ប្រទេស Liberia និង ប្រទេស Sierra Leone​។​

​នៅ​អាកាសយានដ្ឋាន Conakry ឯកអគ្គរដ្ឋទូត​ចិន លោក Bian Jianquiang បានប្រគល់ គ្រឿង​សម្ភារ​ពេទ្យ ថ្នាំពេទ្យ និង​ថ្នាំ​សម្លាប់​មេរោគ ២៤​តោន ដែល​មាន​តម្លៃ ១០​លាន​យ័ន (​ជិត ១,៦​លាន ដុល្លារ​អាម៉េរិក​) ដល់​រដ្ឋមន្ត្រី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ហ្គី​ណេ លោក Koutoubou Sanoh​។​

​ដោយ​បាន​សម្តែង​ការ​អរគុណ​ពី​រដ្ឋាភិបាល​ហ្គី​ណេ លោក Sanoh បាន​អះអាង​បញ្ជាក់ថា​៖ «​ជំនួយ​សុខាភិបាល​នេះ គឺជា​ភ័ស្តុតាង​ពិតប្រាកដ នៃ​ការយកចិត្តទុកដាក់​ជាពិសេស ដែល​រដ្ឋាភិបាល​ចិន​គិតដល់​សុខុមាលភាព​របស់​ប្រជាជន​ហ្គី​ណេ​»​។​

​រដ្ឋមន្ត្រី​ហ្គី​ណេ បាន​គូសបញ្ជាក់ថា​៖ « ប្រទេស​ចិន គឺជា​ប្រទេស​ទី​មួយ​ដែល​បាន​ផ្តល់​អំណោយ​ដ៏​សំខាន់​មួយ​ដល់​កាកបាទ​ក្រហម​ហ្គី​ណេ និង ប្រទេស​ចិន ក៏​ជា​ប្រទេស​ទី​មួយ​ផងដែរ ដែល​បាន​បញ្ជូន​យន្តហោះ​មួយគ្រឿង សម្រាប់​ដឹក​គ្រឿង​សម្ភារ​ពេទ្យ ជា​គុណប្រយោជន៍​ដល់​ប្រជាជន​»​។​

​លោក Sanonh បាន​គូសបញ្ជាក់ថា​៖ «​ក្នុង​គ្រា​លំបាក ដែល​គេ​ស្គាល់​មិត្ត​» ដោយ​លោក​បាន​គូសបញ្ជាក់​ទៀត​ថា ប្រទេស​ចិន​នឹង​បង្ហាញ​ពី​មិត្តភាព​ដ៏​ស្មោះត្រង់​របស់ខ្លួន បន្ថែមទៀត និង​ឥត ឈប់ឈរ ចំពោះ​ប្រជាជន​ហ្គី​ណេ ដែល​កំពុង​ប្រឈមមុខ​ទៅនឹង​ស្ថានភាព​ដ៏​លំបាក​មួយ ជាមួយ​មេរោគ​អេ​បូឡា​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​ចិន​ក្នុង​ប្រទេស​ហ្គី​ណេ បាន​ពន្យល់​បញ្ជាក់ថា តាម​ការអំពាវនាវ របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ហ្គី​ណេ ប្រទេស Libéria ប្រទេស Sierra Leone និង​របស់​អង្គការ​សុខភាព ពិភពលោក (OMS) មក​នោះ រដ្ឋាភិបាល​ចិន បាន​សម្រេចចិត្ត​ផ្តល់​អំណោយ​ថ្មី​មួយ ជា​គ្រឿង សម្ភារ​ពេទ្យ ២៤​តោន ដល់​រដ្ឋាភិបាល​ហ្គី​ណេ​។​

​ម្យ៉ាងទៀត លោក​ឯកអគ្គរដ្ឋទូត បាន​បន្តទៀតថា ក្រុមការងារ​វេជ្ជសាស្ត្រ​មួយក្រុម ដែល​រួម មាន​អ្នកជំនាញការ​បី​រូប បាន​រង់ចាំ​នៅ​ក្នុង​ប្រទេស ហ្គី​ណេ ជា​កន្លែង​ដែល​ពួកគេ​នឹង​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ហ្គី​ណេ ក្នុងការ​ទប់ទល់​នឹង​ជំងឺអេបូ​ឡា​។​

​អ្នកការទូត​ចិន​បាន​និយាយថា​៖ «​ប្រទេស​ចិន និង​ប្រទេស​ហ្គី​ណេ តែងតែ​ចែករំលែក​ជោគវាសនា​ដូចគ្នា​និង​សាមគ្គី​គ្នា​ដើម្បី​អ្នក​ល្អ​ក៏​ដូច​អ្នក​អាក្រក់​»​។​
​បន្ទាប់​ពី​ប្រទេស​ហ្គី​ណេ យន្តហោះ បាន​ហោះ​ទៅកាន់​ប្រទេស Sierra Léone និង​ប្រទេស Libéria​។​
ebola-patient

មតិយោបល់