ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងកាលពីថ្មីៗនេះថា អ្នកដឹកនាំស្ថាប័នរដ្ឋថា អាចនឹងប្រឈមមុខពីបទពុករលួយ ប្រសិនបើរកឃើញថាបានបើកប្រាក់ខែឲ្យអ្នកដែលមិនធ្វើការពិតប្រាកដ (មន្ត្រីខ្មោច) “នេះជាការព្រមាន”។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា ACU នឹងចាប់ផ្ដើមយុទ្ធនាការរួមគ្នាជាមួយក្រសួងហិរញ្ញវត្ថុប្រឆាំងនឹងការប្រើ “បុគ្គលិកខ្មោច” ដែលបើកប្រាក់ខែរដ្ឋាភិបាលខុសច្បាប់ ជាកិច្ចប្រឹងប្រែងមួយដើម្បីធ្វើឲ្យបញ្ជីបើកប្រាក់ខែរដ្ឋត្រឹមត្រូវ។
“យើងនឹងប្រកាសនៅសប្តាហ៍ក្រោយនូវ [ផែនការ] ចាប់ខ្លួនមន្ត្រីខ្មោចពុករលួយ មានន័យថា យើងនឹងពិនិត្យកន្លែងនានាដែលមានទម្រង់ក្របខណ្ឌមន្ត្រីខ្មោច។ យើងនឹងទុកពេលឲ្យពួកគេ បីខែដើម្បីដោះស្រាយបញ្ហានេះ។ បន្ទាប់ពីរយៈពេល៣ខែនេះ យើងនឹងត្រឡប់មកវិញ”។ នេះជាសម្ដីរបស់ប្រធាន ACU បញ្ជាក់បន្ថែម។
លោក រស់ ភារុណ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ប្រតិបត្តិការរួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយគឺសំខាន់ណាស់ដើម្បីបានប្រាក់នោះមកវិញសម្រាប់ការចំណាយរបស់រដ្ឋ។ លោកបានបន្ថែមថា “រដ្ឋពិបាករកលុយ ហើយមិនអាចធ្វើអ្វីបានទេ ប្រសិនបើយើងបើកប្រាក់ខែឲ្យមន្ត្រីខ្មោចនោះ”៕
មតិយោបល់