ភ្នំពេញ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ បង្ករឲ្យសមត្ថកិច្ចចុះមកឃាត់បុរសម្នាក់ ដែលចង់បញ្ជាក់ពីចិត្តស្មោះឲ្យសង្សារមើលលោតស្ពានជ្រោយចង្វា តែសំណាងល្អ បានហែសមកច្រាំងវិញ រួចក៏ត្រូវសង្សារទះប៉ុន្មានកំផ្លៀង។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០១និង ៣០ យប់ឈានចូលថ្ងៃទី ២៥ខែកក្ដដា ឆ្នាំ ២០១៤ ត្រង់ចំណុចស្ពានជ្រោយចង្វាគោលដៅទី៣ត្រោយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
យោងទៅតាមនារីអ្នករាប់អានបុរសលោតទឹកខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រូបនាងបានចេញពីកន្លែងញ្ញុំអីនៅម្ដុំទួសសង្កែ ហើយរូបនាងបានស្គាល់បុរសលោតទឹកខាងលើ៣ឆ្នាំ ហើយដែរ តែមិនមែនជាសង្សារគ្នាទេ។ នៅថ្ងៃកើតហេតុបុរសលោតទឹកខាងលើ បានសារភាព ស្រលាញ់រូបនាង តែនាងឆ្លើយថា ខ្ញុំមិនបានស្រលាញ់បងទេ នាងគ្រាន់តែរាប់អានបងដូចជា អ្នកជិតខាងទេ ខណៈនោះបុរសខាងលើបានជិះម៉ូតូ ហុងដាឌ្រីមសេ១២៥ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្លាល 1G.9497 ជិះសំដៅមកស្ពានជ្រោយចង្វា។ ពេលមកដល់គោលដៅទី៣ ត្រោយខាងកើត បុរសនោះបាននិយាយថា បងនឹងលោតទឹកដើម្បីបញ្ជាក់ពីចិត្តស្មោះរបស់បង ហើយគ្រាន់តែនិយាយរួចក៍ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោម តែខ្លាចថប់ដង្ហើមស្លាប់ ហែសទឹកមកច្រាំងឡើងលើគោកវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើត ធ្វើការឃាត់ខ្លួនបុរសខាងលើព្រោះ ខ្លាចបុរសនេះលោតទឹកទៀត តែបុរសខាងលើបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ចបានដកសោរម៉ូតូពីបុរសនោះ តែបុរសនោះនៅតែព្យាយាមបណ្ដើរម៉ូតូរត់គេចពីកន្លែងកើត ថាខ្ញុំខ្មាស់គេណាស់លោកអើយ៕
មតិយោបល់