កោះកុងៈ យុវជនម្នាក់បន្ទាប់ពីមើលរឿងអាភាសតាមទូរស័ព្ទ ហើយធ្វើឱ្យតណ្ហាពុះកញ្ជ្រោលកើត មានអារម្មណ៍ចង់ខ្លាំង ហើយទប់មិនបានក៏ចាប់រំលោភក្មេងស្រីដែលមានអាយុទើបតែ៤ឆ្នាំម្នាក់ រហូតបានសម្រេច តែត្រូវបានកម្លាំងអធិការស្រុកមណ្ឌលសីមា តាមប្រមាញ់ និងចាប់វាយខ្នោះភ្លាមៗកាលពីវេលាម៉ោង១នឹង៣៥នាទី រសៀលនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង លោក សំ ឃិតវៀន បានឱ្យ Post News ដឹងនៅព្រឹកថ្ងៃទី១០មិថុនានេះថា ជនសង្ស័យមានឈ្មោះ ឈឹម រ៉ាឌី អាយុ២៥ឆ្នាំ មុខរបរកម្មករ ពុំមានទីលំនៅមិនពិតប្រាកដទេ។
ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ រ.ប.ស.ន អាយុ៤ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកស្នងការបានបន្ថែមថា ក្រោយពីទទួលបានពាក្យបណ្តឹងពី ក្រុមគ្រួសារក្មេងស្រីរងគ្រោះភ្លាម លោកបានបញ្ជាកងកម្លាំងនគរបាល គ្រប់មូលដ្ឋានទាំងអស់ ធ្វើការស៊ើបសង្កេតជាបន្ទាន់ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យឲ្យបាន រហូតដល់ម៉ោង១៣នឹង១៥នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ទើបកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួនជនសង្ស័យបាន។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងរហូតបានសម្រេចពិតមែន។
ជនសង្ស័យបានសារភាពទៀតថា មូលហេតុឱ្យខ្លួនប្រព្រឹត្តបែបនេះ មកពីខ្លួនមើលរឿងស៊ិចតាមទូរស័ព្ទដៃរបស់មិត្តភ័ក្រ ធ្វើឱ្យមានអារម្មណ៍ចង់ខ្លាំង ហើយទប់មិនបានក៏ដាច់ចិត្តធ្វើសកម្មភាពចាប់ក្មេងស្រីនោះរំលោភតែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់។
ចំណែកឯក្មេងស្រីរងគ្រោះ ក្រោយពីបានធ្វើកោសល្យវិច័យរួចមក អ្នកគ្រូពេទ្យបានបញ្ជាក់ថា ប្រដាប់ភេទរបស់នាង បានរងរបួសធ្ងន់ធ្ងរ ដោយសារជនសង្ស័យរំលោភ៕
មតិយោបល់