ថៃ ៖Thongdee Yeerum គឺជាឪពុករបស់តារាល្បីល្បាញ Tony Jaa ក្នុងខ្សែភាពយន្តក្នុងប្រទេសថៃ ដោយបានស្លាប់កាលពីថ្ងៃសុក្រ កន្លងទៅ នេះ ។
ប្រភពព័ត៌មាន បាងកកប៉ុស្តិ៍ បានចុះផ្សាយឲ្យដឹងថា លោក Thongdee Yeerum ដែលជាខ្មែរសុរិន្ទ បានស្លាប់ នៅ អាយុ ៦៩ ឆ្នាំ ដោយសារតែបញ្ហាបេះដូង នៅមន្ទីរពេទ្យ សុរិន្ទ ក្នុងខេត្ត សុរិន្ទ ប្រហែលម៉ោង ២ ទៀបភ្លឺ ។ នេះបើតាមសម្តី ក្រុមគ្រួសារសពបានប្រាប់ដល់អ្នកសារព័ត៌មាន ។
សាច់ញាតិបានឲ្យដឹងថា លោក Thongdee Yeerum ដោយមិនបានឃើញកូនប្រុសរបស់ខ្លួន Tachakorn Yeerum ក្រោយមកប្តូរឈ្មោះ Ja Phanom បច្ចុប្បន្នកាលជា Tony Jaa ជាងមួយឆ្នាំ ទើបធ្វើឲ្យលោក មានសុខភាពមិនប្រក្រតី ខណៈដែល ផ្ទុកជំងឺបេះដូង យ៉ាងរ៉ារ៉ៃ នោះ ។
ប្រភពបានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ ដោយសារតែ Tony Jaa និង ប្រពន្ធរបស់គាត់មានជម្លោះជាមួយនឹងឪពុក ហើយគ្រួសារនេះក៏បានចែកចាន ចែកឆ្នាំង តែម្តងទៅ ។
ថ្មីៗនេះដែរ ដោយសារតែមានព័ត៌មាន រិះគន់ច្រើនពេក ឥឡូវនេះគេក៏ឃើញ Tony Jaa តារាក្បាច់គុណម្នាក់នេះបានចូលរួមបុណ្យសពឪពុករបស់ខ្លួនហើយ។
ទោះជារងការរិះគន់យ៉ាងនេះក្ដី ចុងក្រោយចាភ្នំបានចេញមុខបកស្រាយតាមរយៈសារព័ត៌មាន ថា លោករវល់ជាប់មមាញឹកក្នុងការសម្ដែង តែទោះយ៉ាងណាលោកច្បាស់ជាត្រលប់ទៅអុជធូបក្រាបសំពះសពឪពុកលោកជាលើកចុងក្រោយ។
បញ្ជាក់ផងដែរថា Tony Jaa ឬ ចាភ្នំ យឺរ៉ាំ គឺជាសិល្បៈករក្បាច់គុនអប់រំសម្ព័ន្ធរាងកាយ តារាសម្តែង គ្រូបង្ហាត់រាំ ។ ខ្សែភាពយន្តដែលធ្វើឲ្យលោកល្បី មាន Ong-Bak Muay Thai Warrior និង Tom Yum Goong (The Protector) ៕
មតិយោបល់