ខេត្តព្រះវិហារ៖ ទីតាំងរុករករ៉ែមាសខុសច្បាប់ស្ថិតនៅចំណុចចំបក់បារាំងក្នុងភូមិរំដេងនិងភូមិត្រពាំងទឹមឃុំរមទមស្រុករវៀងខេត្តព្រះវិហារបានចាប់ផ្ដើមសកម្មភាពធ្វើអាជីវកម្មទ្បើងវិញហើយបន្ទាប់ពីកំលាំងចម្រុះដឹកនាំដោយស្ថាប័នតុលាការខេត្តចុះបង្ក្រាបទ្រង់ទ្រាយធំកាលពីថ្ងៃទី១៥សីហា២០១៤កន្លងមក។ ឈ្មួញដុះស្លែគ្រប់គ្រងទីតាំងរុករករ៉ែមាសខុសច្បាប់នេះមានឈ្មោះឈន សំអាត ដោយបានយកឈ្មោះថ្នាក់ដឹកនាំរដ្ឋសភាមកគំរាមកំហែងពាំងពីមុខថែមទៀតផង។ក្នុងពេលជាមួយគ្នានេះផងដែរទីតាំងរុករករ៉ែមាស១កន្លែងផ្សេងទៀតស្ថិតនៅចំណុចដីបាក់ក្នុងភូមិរំដេងគ្រប់គ្រងដោយឈ្មួញឈ្មោះថននិងឈ្មោះភុយ សុឃឿន អនុប្រធានរដ្ឋបាលសាលាស្រុករវៀងក៍ចាប់ដំណើរការគគ្រឹកគគ្រេងដូចគ្នា។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងរុករករ៉ែមាស២កន្លែងខាងលើមានឧបករណ៍ទំនើបៗសំរាប់ចម្រាញ់យកមាសក្នុង១ថ្ងៃរកបានចាប់ពី៥តម្លឹងមាសទ្បើងទៅ។ការចម្រាញ់យកមាសទាំងនេះឈ្មួញបានប្រើថ្នាំគីមីនិងទឹកអាស៊ីតដែលធ្វើអោយប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរដូចជាធនធានព្រៃឈើនិងជាតិពុលហូរតាមដងព្រែកដងអូរអាចប៉ះពាល់ដល់អាយុជីវិតមនុស្សនិងសត្វដែលយកទឹកតាមប្រភពតំបន់ទាំងនោះទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកឯ សារ៉ូ អភិបាលស្រុករវៀងបានអោយអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី០២កញ្ញា២០១៤ថាតាមការស្រាជ្រាវនិងស៊ើបសួរដល់ភូមិសាស្ដ្រខាងលើគឺទីតាំងរុករករ៉ែមាសខុសច្បាប់ដែលបង្ក្រាបកាលពីពេលថ្មីៗនេះពិតជាកំពុងធ្វើសកម្មភាពទ្បើងវិញប្រាកដមែន។លោកបន្តទៀតថានឹងសហការជាមួយប្រធានមន្ទីររ៉ែនិងថាមពលខេត្តដើម្បីចុះបង្ក្រាបទប់ស្កាត់ទីតាំងរុករករ៉ែមាសខុសច្បាប់ជាបន្តទៀត។ លោកបញ្ជាក់ថាចំពោះឈ្មួញរ៉ែមាសឈ្មោះឈន សំអាត ដែលយកឈ្មោះថ្នាក់ដឹកនាំរដ្ឋសភាមកបន្លាចគេឯងអោយខ្លាចញញើតនោះគឺលោកអះអាងថាមិនដូចពាក្យចោទប្រកាន់នោះទេថ្នាក់ដឹកនាំរដ្ឋសភាគាត់មិនមានការជាប់ពាក់ព័ន្ធទ្បើយទៅនឹងទីតាំងរុករករ៉ែមាសខុសច្បាប់ខាងលើ។
គួរបញ្ជាក់ថានៅតាមទីតាំងរុករករ៉ែមាសទាំងនេះមានការប្រើគ្រឿងចក្រជីកយកអាចម៍ដីក្លាយទៅជាស្រះធំៗនិងកម្មកររាប់សិបនាក់នាំគ្នាជីកកកាយស្នូលផែនដីក្លាយទៅជាផ្លូវរូងក្រោមដីជ្រៅៗដើម្បីស្វែងរកកំណប់រ៉ែមាសមហាសាល។ការចុះបង្ក្រាបកន្លងមកថ្មីៗនេះប៉ះចំសុទ្ធតែមន្ដ្រីយោធាជាន់ខ្ពស់និងលោកឧកញ៉ាមានកិត្តិយសខ្លាំងមួយចំនួនផងដែរដែលមានការជាប់ពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងមុខរបរខុសច្បាប់រុករករ៉ែមាស៕
មតិយោបល់