ព័ត៌មានជាតិ

ជលផល​ក្រចេះ​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះបង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ ត្រី​រ៉ស់​ល្មើសច្បាប់ នៅ​ស្រុក​ឆ្លូង​

ក្រចេះ ៖ កូន​ត្រី​ឆ្តោ​ប្រមាណ​ជិត​៤​ម៉ឺន​ក្បាល​ដែល​លួច​ចិញ្ចឹម​ក្នុង​បែរ​ជា​ច្រើន​តាម​ដង​ទន្លេមេគង្គ ត្រូវបាន​កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ ដឹកនាំ​ដោយ​លោក ម៉ុក ពន្លក នាយេង​ខណ្ឌ រួមសហការ​ជាមួយ​អជ្ញាធរ​ខេត្ត អជ្ញាធរ​ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ និង​សហគមន៍​នេសាទ ចុះ​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប​រយះពេល​២​ថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃ​ទី​៤-៥ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ឃុំ​ពង្រ និង​ឃុំ​ខ្សាច់​អណ្តែត ឃុំ​កញ្ជរ ឃុំ​ព្រែក​សា​ម៉ាន់ និង​ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បានឲ្យដឹងថា កិច្ច​ប្រតិបត្តិការ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​នេះ​គឺ​ធ្វើឡើង​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ឡុង គន នាយ​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​មេគង្គ និង​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ ហើយ​ជា​លទ្ធផល​ទទួលបាន គឺ​សមត្ថកិច្ច​ចម្រុះ​រឹបអូស​និង​ចាក់​លែង​កូន​ត្រី​ឆ្តោ​ប្រមាណ​ជិត​៤​ម៉ឺន​ក្បាល​ដែល​លួច​ដាក់​ចិញ្ចឹម​ក្នុង​បែរ​ចំនួន​៤៧​បែរ នៅក្នុង​ឃុំ​ទាំង​៥​នៃ​ស្រុក​ឆ្លូង ។​

​លោក​នាយ​រង​ខណ្ឌ បាន​ឲ្យដឹង​បន្ត​ទៀត​ថា សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោ ត្រី​រ៉ស់ គឺ​ត្រូវបាន​ច្បាប់​ហាមឃាត់​តាំងពី​ឆ្នាំ​២០០៤​រហូតមកដល់​បច្ចុប្បន្ន​នេះ ជា​ពិសេស​ពេល​ថ្មីៗ​នេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​ចេញ​នូវ​សេចក្តីជូនដំណឹង លេខ​៣១៨៤ ក​សក ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ ស្តីពី ការចាត់វិធានកា​រយ៉ា​ង​តឹងរឹង​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉​ស់ ដោយ​ត្រូវ​ពិន័យ ឬ​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​ស្តីពី​ជលផល​ជា​ធរមាន ។​

​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ​បានឲ្យ​ដឹង​ដែរថា ដោយ​អនុវត្តន៍​តាម​ច្បាប់​ស្តីពី​ជលផល និង​បទបញ្ជា​លេខ​០២​បប របស់​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង​លេខ​៣១៨៤ ក​សក របស់​ក្រសួង​កសិកម្ម ពិសេស​ដោយ​មាន​ការ​មាន​ការណែនាំ​ពី​ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល និង​ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ ក្នុងនាម​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ លោក​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ក្រោម​ឧិវាទ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​ដូច​ភ្លៀងរលឹម ជាពិសេស​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉​ស់ នៅក្នុង​ខេត្ត​ក្រចេះ​ទាំងមូល ។​

​លោកនាយ​ខណ្ឌ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្ត​កុំ​បន្ត​ចិញ្ចឹម​ប្រភេទ​ត្រី​ឆ្តោ និង​ត្រី​រ៉​ស់ ដែល​ច្បាប់​កំពុង​ហាមឃាត់​នោះ​អី ព្រោះ​ត្រី​ទាំង​២​ប្រភេទ​នេះ​វា​ជា​ត្រី​ដែល​ស៊ី​សុទ្ធតែ​ចំណី​កូន​ត្រី​ទាំងអស់ ជា​ហេតុ​បណ្តាល​ឲ្យ​កើតមាន​បទល្មើស​នេសាទ​កើនឡើង ពិសេស​បទល្មើស​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធន​ធាន​ជលផល​នៅក្នុង​ធម្មជាតិ​របស់​យើង​៕​
IMG_5439

មតិយោបល់