ព័ត៌មានជាតិ

តុលាការ ខេត្តបន្ទាយមានជ័យ ឃុំខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធរឿងលក់អាវុធខុសច្បាប់!

ភ្នំពេញៈ លោក សុក កែវបណ្ឌិត អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងតាម Telegram នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះថា ក្នុងនាមលោក ជាតំណាងអយ្យកាន់សំណុំរឿង លោក បាន ចោទប្រកាន់៖

១- ឈ្មោះ ជឹម លីន អាយុ៣៦ឆ្នាំ នៅភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកទិញ និងនាំយកទៅលក់បន្តឲ្យជនជាតិថៃ ធ្លាប់ជប់គុករឿងរកស៊ីជួញដូរអាវុធចំនួន ២លើក។
២- ឈ្មោះ យឹម សាវី អាយុ៣៨ឆ្នាំ នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នកជួយជញ្ជូនអាវុធចេញឆ្លងដែន។
៣- ឈ្មោះ អប់ វីវៈ ហៅឡេង អាយុ៤៨ឆ្នាំ មុខរបរជាបុគ្គលិកស៊ីម៉ាក់ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកស្វែងរកអាវុធ និងលក់អាវុធ។

ពីបទ ផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ យោងតាមមាត្រា ៤៨៨ ក្រមព្រហ្មទណ្ឌ។

លោកបន្ដថា លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទទាំង៣នាក់ខាងលើជាបណ្តោះអាសន្នហើយកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។

គួររំលឹកថា ជនត្រូវចោទទាំង៣នាក់ខាងលើត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ដោយសង្ស័យថាបានពាក់ព័ន្ធការជួញដូរអាវុធ ទៅប្រទេសថៃ។

សូមបញ្ជក់ថា កាលពីពេលថ្មីៗ កម្លាំងសមត្ថកិច្ចថៃ បានឃាត់ខ្លួន ក្រុមជួញដូរអាវុធជនជាតិថៃចំនួន ៥នាក់ និងដកហូតបានវត្ថុតាងមួយចំនួន រួមមាន កាំភ្លើង DK 82mm ចំនួន២ដើម, កាំភ្លើង DK 81mm ចំនួន១ដើម,គ្រាប់ 82mm ចំនួន៣គ្រាប់, ឧបករណ៍បង្កៃគ្រាប់បែក ចំនួន៣ឈុត រួមជាមួយរថយន្តចំនួន៣គ្រឿង និងទូរស័ព្ទចំនួន៦គ្រឿង ដែលជនសង្ស័យអះអាងថា ទិញពីប្រទេសកម្ពុជា៕

មតិយោបល់