ព័ត៌មានជាតិ

ជលផល​ខេត្ត​តាកែវ​បើកដៃ​ឲ្យ​កើតមាន​បទល្មើស​ជលផល​ពេញ​ផ្ទៃ​បឹង​ស្រុក​អង្គរ​បុរី​

តាកែវ ៖ បទល្មើស​ជលផល​កើតមាន ឬ មិន​មាន​វា​អាស្រ័យ​ទៅលើ​មន្ត្រី​ជំនាញ​ជលផល ។ តែ​បើ​មន្ត្រី​ជំនាញ​ទាំង​អនុវត្ត​ច្បាប់​ជលផល ប្រាកដ​ជា​បទល្មើស​ជល​ផល​ក៏​មិនអាច​កើត​មាន​បែប​អាណាធិបតេយ្យ​ស្អី​ដែរ ។ លុះត្រាតែ​មន្ត្រី​ជំនាញ​ទាំងនោះ​នៅ​ពីក្រោយ​ខ្នង​បទល្មើស ។​

យ៉ាងណាម៉ិញ​នៅលើផ្ទៃ​បឹង​តំបន់​អតីត​ឡូត៏​លេខ​១០.១១.១២.១៣ ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ពោរពេញ​ទៅ​ទូក​បទល្មើស​នេសាទ​ឆ្លងដែន​រាប់រយ​ទូក ។ ចំណែក​មន្ត្រី​ជំនាញ​ជលផល​ចាប់ពី​សង្កាត់​រហូតដល់​ខណ្ឌ​អធិការដ្ឋាន រដ្ឋបាល​ជលផល​ចតុមុខ សុទ្ធតែ​បាន​ដឹងថា​ពី​បទល្មើស​ទាំងនេះ​តែ​ម្នាក់ៗ​មិន​ខ្ចី​ចេញមុខ​បង្ក្រាប​គឺ​សម្ងំ​នាំគ្នា​លាក់ខ្លួន​ពួន​អាត្មា​យក​សមាគម​ន៏​ឡូត៏​នេសាទ​ធ្វើ​ជា​ដំបូលរួច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទ​ទូល​លុយ​ពី​បទល្មើស​យ៉ាង​ស្ងាត់ស្ងៀម បណ្តែតបណ្តោយ​ឲ្យ​ជន​ជា​តិ​វៀតណាម​ឆ្លងដែន​ចូល​ប្រព្រឹត្ត​បទល្មើស​ជលផល​ដោយ​សេរី ។​

យោងតាម​មាត្រា 103 ស្តីពី​ច្បាប់​ជលផល​ចំពោះ​សកម្មភាព​ដែល​ប្រព្រឹត្តឡើង​ដោយ​មន្ត្រី​រដ្ឋបាល​ជលផល​ត្រូវ​ចាត់ទុក​ជា​បទល្មើស និង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​រហូតដល់​៥០​លាន​រៀល ។ មានន័យ​ថា​មន្ត្រី​ជំនាញ​ទាំងនោះ​ផ្តល់​ការ​អនុញ្ញាត្តិ​ណាមួយ​ដែល​ផ្ទុយ​នឹង​បទ​ប្បញ្ញា​តិ្ត​នៃ​ច្បាប់​នេះ ។ ប៉ុន្តែ​ច្បាប់​ជលផល​ដែល​តាក់តែង​ឡើង​របស់​នាយកដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ហាក់​គ្មាន​ប្រសិទ្ធិ មិនដែល​ឃើញ​យក​ទៅ​ប្រើប្រាស់ ឬ អនុវត្ត​ទៅលើ​មន្ត្រីជលផល​ខិលខូច​ម្តង​ណា​ទេ ។ បាន​សេចក្តី​ថា​ច្បាប់​នេះ​បង្កើត​ឡើង​គ្រាន់​ល្អមើល តែ​ការអនុវត្ត​ន៏​ច្បាប់​ហ្សេ​រ៉ូ និង​មិន​ល្អស៊ី ។

ដោយសារ​តែ​ច្បាប់​ជលផល​ធូររលុង​នេះឯង​ទើប​ធ្វើឲ្យ​មន្ត្រី​ជំនាញ​ជលផល​នៅ​ខេត្ត​តាកែវ​តាម​បណ្តា​ស្រុក​ពាក់ព័ន្ធ​បទល្មើស​ជលផល​មិន​ខ្លាចញញើត​ថែមទាំង​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ឆ្លងដែន ចូល​មក​នេសាទ​ត្រី​ប្រើ​ឧបករណ៍​ល្មើស​ពេញ​ផ្ទៃ​បឹង​ស្រុក​អង្គរបុរី រួច​ឲ្យ​មេខ្យល់​ជនជាតិ​វៀតណាម​ពីរ​នាក់​ចេញមុខ​ដើរ​ប្រមូល​លុយ​ពី​ទូក​នេសាទ​ទាំងនោះ​យក​ចែក​គ្នា​រាប់ពាន់​ដុល្លា​ដែល​ករណី​នេះ​ជាប់​ពាក់ព័ន្ធ​ដល់​អាជ្ញាធរ​ស្រុក​-​ខេត្តតាកែវ ផងដែរ ។​

ប្រភព​មាត់ចាបមាត់ព្រាប​បាន​ខ្សឹប​ខ្សេវ​ថា មន្ត្រីជលផល​ថ្នាក់លើ​រួម​មាន​អធិការដ្ឋាន និង​នាយកដ្ឋាន រដ្ឋបាល​ជលផល​ក៏​បាន​ទទួល​លាភសក្ការៈ​ពី​បទល្មើស​ជលផល​នេះ​ផងដែរ ទើប​អ្វីៗ​ស្ងាត់ស្ងៀម​បែបនេះ ។​
គួរបញ្ជាក់​ថា​បទល្មើស​ជលផល​កំពុង​កើតមាន​លើ​ផ្ទៃ​បឹង​ក្នុងស្រុក​អង្គរបុរី​យ៉ាង​គគ្រឹកគគ្រេង​ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម​ឆ្លងដែន​រួមមាន សៃយឺន​យក្ស សៃយឺន​ស្បៃ​មុង​ខៀវ កន្ទយ​កណ្តុរ ប​ក្តាម លប​បង្កង និង​លប​ត្រី​រ៉ស់ ។​

ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​ការបំផ្លាញ​មច្ឆា​ជាតិ​មាន​ទំហំ​ធំធេង​បែបនេះ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​អង្គរបុរី​អំពាវនាវ​ស្នើសុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ចាត់វិធានការ​ចុះបង្ក្រាប​ជាបន្ទាន់ ពី​ព្រោះ​មន្ត្រី​ជំនាញ​ជលផល និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ស្រុក ខេត្ត​នេះ​ដេក​ដួល​ក្រោម​ឥទ្ធិពល​លុយ​ពី​បទល្មើស​ទើប​គ្មាន​វិធានការ​ទប់ស្កាត់​បង្ក្រាប ។ និយាយ​រួម​បទល្មើស​ជលផល​កើត​មាន​រាល់​ឆ្នាំ​នៅ​ស្រុក​អង្គរបុរី​នេះ ៕

តាកែវ

មតិយោបល់