ព័ត៌មានជាតិ

រថយន្ត lexus GS-300 បើកបុករថយន្តស្ទូចពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១១ និង ២៣នាទីយប់ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២០ ត្រង់ចំណុចស្តុបសេះមាស តាមបណ្ដោយផ្លូវ ៣០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿង ប៉ះគ្នា បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ រថយន្តស្ទូច ម៉ាកHINOមួយគ្រឿង ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-9961 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ ៣០ម៉ែត្រ។ លុះមកដល់ចំណុចកើតហេតុ បានឈប់រង់ចាំភ្លើងស្តុប ពេលនោះស្រាប់តែមាននារីរូបស្រស់ម្នាក់ បើករថយន្តម៉ាក lexus GS-300 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BG-6760 ធ្វើដំណើរក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តស្ទូចពីក្រោយ ចំហៀងខាងស្តាំពេញទំហឹង បណ្ដាលឲ្យរថយន្ដស្តូច ហើបគូទមួយចំហៀងកៀបជាប់ រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ពិនិត្យឃើញ ពុំមានប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋទ្បើយ ទើបទុកតួនាទីឲ្យភាគីទាំងសងខាង សម្របសម្រួល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់