កំពង់ឆ្នាំង ៖នៅក្នុងរឿងបណ្តឹង បុរសជាប្តីនិងជាថៅកែហាងខារ៉ាអូខេ ១៦៨ បានប្រើហឹង្សាវាយនិងបើកម៉ូតូបំបុក ស្ត្រីជាប្រពន្ឋ កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ នៅផ្លូវក្រាលកៅស៊ូ ជិតស៊ុបថ្មីដំរីស ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងកន្លងទៅនោះ មកដល់ពេលនេះ សមត្ថកិច្ច ថាទាន់មានចំណាត់ការនោះទេ ព្រោះតែភាគីដើមបណ្តឹង គឺស្ត្រីជាប្រពន្ឋបានសុំដកពាក្យបណ្តឹងវិញ ។
លោក ជា វណ្ណៈ នាយនគរបាលប៉ុស្តិកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៤ នេះថា ដោយសារស្ត្រីជាប្រពន្ឋ បានសុំដកពាក្យបណ្តឹងវិញ ទើបលោកអធិការនគរបាលក្រុង
បានប្រាប់គាត់អោយ បញ្ជូនសំណុំរឿងទៅអធិការនគរបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញានេះ ចំណែកខាងមន្ត្រីជំនាញខេត្ត ក៏បាននិយាយដែរថា បើស្ត្រីជាប្រពន្ឋសុំដកពាក្យបណ្តឹងវិញនោះ សំណុំរឿងនេះនឹងអស់ប្រសិទ្ឋភាពហើយ ហេតុនេះ សុំបញ្ជូនសំណុំរឿងរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានហើយ មិនបាច់បញ្ជូនមកខេត្តទេ តែចាំបាច់ត្រូវសុំដកបណ្តឹងពីអាជ្ញាផងដែរ ។
ប្រភពពីមន្ត្រីនគរបាលដែលសុំមិនបញ្ចេញឈ្មោះ ដែលជាអ្នកជិតស្និតជាមួយបុរសជាប្តី បាននិយាយថាៈពេលនេះ បុរសជាប្តីកំពុងរត់ការជាមួយតុលាការខេត្ត ដើម្បីដោះបណ្តឹងអាជ្ញា នោះហើយ ។
សូមបញ្ជាក់ថា៖ បុរសជាប្តីមានឈ្មោះ អ៊ុង សុផល អាយុ៥២ឆ្នាំ ជាថៅកែខារ៉ាអូខេ១៦៨ បានប្រើ
ហឹង្សាដោយចេតនា ទះកំភ្លៀង និងបើកម៉ូតូបំបុកស្ត្រីជាប្រពន្ឋឈ្មោះ ម៉ៅ ធារី អាយុ២៦ឆ្នាំ ខណៈដែលនាងកំពុងពរកូនស្រីអាយុ ១ឆ្នាំ៤ ខែ បណ្តាលអោយរងរបួសទាំងម៉ែនឹងកូន ។ រឿងប្រើអំពើហឹង្សានេះ ផ្តើមឡើងដោយសារ បុរសជាប្តីបានសុំសះជាគ្នាប្តីប្រពន្ឋវិញមិនបានបន្ទាប់ពីបានលែងលះគ្នាតែ២នាក់គ្មានអ្នកណាដឹងឮរយៈពេលជាង១ខែដោយសារមានទំនាស់ក្នុងគ្រួសារ ។
លោក ជា វណ្ណៈ នាយនគរបាលប៉ុស្តិកំពង់ឆ្នាំង បានបន្តដោយស្រង់សំដីសាក្សី ស្ត្រីជាមេការ ហាងខារ៉ាអូខេ ១៦៨ ដែលបានស្ថិតក្នុងហេតការណ៏នោះថាៈ នៅថ្ងៃកើតហេតុបុរសជាប្តី បានណាត់ប្រពន្ឋអោយ ទៅហូបស៊ុប នៅហាងយីហោស៊ុបថ្មីដំរីស ដើម្បីសម្របសម្រួលជាគ្នាវិញនិងប្រគល់មាស ទម្ងន់៥ជី អោយប្រពន្ឋតាមកិច្ចសន្យា។នៅពេលកំពុងហូបស៊ុបបណ្តើរ ប្តីក៏ផឹកស្រាបៀរ បណ្តើរប្រពន្ឋ បាននិយាយ ទារយកមាស៥ជី ដែលប្តីបានសន្យាទិញអោយ ពេលនោះប្តីបាននិយាយថា ទិញស្អីអញ គ្មានលុយអោយទេ ។ ឮដូចនោះប្រពន្ឋខឹងបានពរ កូនដើរចេញពីកន្លែងហូបស៊ុប ដើរទៅផ្ទះជួលវិញ ពេលនោះ ប្តីបានជិៈម៉ូតូតាមនិងបានអង្វរថាសុំជាគ្នាវិញទៅ តែប្រពន្ឋមិនព្រម ក៏ធ្វើអោយប្តីខឹងនិងបានឈប់ម៉ូតូ ហើយបានចុះមកទះកំភ្លៀង ២-៣ដៃ និងបានយកដំបងមករកវ៉ៃប្រពន្ឋ ដោយនិយាយថាអញ វ៉ៃអោយងាប់ អញសុខចិត្តចូលគុក ។តែមិនបានវ៉ៃទេបានបោះដំបង ចោលហើយស្រាប់តែឡើងជិៈម៉ូតូបំបុកប្រពន្ឋ ដែលកំពុងពរកូននៅដៃពីក្រោយ បណ្តាលអោយដួល បោកទៅថ្នល់កៅស៊ូ ចំណែកកូនដូចគេបោះទៅលើដី រងរបួសទាំងម្តាយនិងកូន។ ចំណែកប្តីក៏បានដួលម៉ូតូ រងរបួសដែរ ក្រោយពេលកើតហេតុប្តីបានលើកម៉ូតូជិៈគេចខ្លួនបាត់ ខណៈដែលមន្ត្រីនគរបាលប៉ុស្តិ៍កំពុងតាមរកចាប់ខ្លូនខ្វែងខ្វាត់ ក្រោយពីប្រពន្ធបានប្តឹង តែរកមិនឃើញឡើយ។
ក្នុងរឿងខាងលើនេះ លោក អុង សុផល ជាប្តីដែលរងការចោទប្រកាន់ មិនអាចសុំការបំភ្លឺបានទេព្រោះតែអ្នកយកព័ត៌មានយើងទូរសព្ទ័មិនចូលរហូតក្រោយពេលមានរឿងខាងលើនេះ៕
មតិយោបល់