ខេត្តព្រះវិហារ៖គ្រោះថ្នាក់ចរាចរមួយបានកើតទ្បើងនៅលើកំណាត់ផ្លូវជាតិលេខ៦២បង្កទ្បើងដោយរថយន្ដកាមរីស៊េរី១៩៩១បើកបរដោយឈ្មោះទ្បាយសុភាពមេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះវិហារទៅបុករថយន្ដកែច្នៃ១គ្រឿងចតស្ងៀមនៅស្តាំដៃរបស់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០កញ្ញា២០១៤ស្ថិតនៅភូមិភារកិច្ចសង្កាត់ប៉ាលហាលក្រុងព្រះវិហារ។
តាមសាក្សីនៅក្បែរកន្លែងកើតហេតុការណ៍គ្រោះថ្នាក់ចរាចរបានអោយដឹងថាគ្រោះថ្នាក់ចរាចរនេះបង្កទ្បើងដោយឈ្មោះទ្បាយសុភាពបើកបរល្មើសច្បាប់ក្នុងល្បឿនបោះពួយយ៉ាងលឿនពីជើងទៅត្បូងហើយសង្ស័យស្រវឹងជោកជាំថែមទៀតផងទៅបុកពេញទំហឹងរថយន្ដកែច្នៃចតស្ងៀមក្នុងទិសស្របគ្នា។រថយន្ដបង្កហេតុពណ៌ត្រីឆ្លួញពាក់ស្លាកលេខភ្នំពេញ 2B9067 ។
សាក្សីបន្តទៀតថារថយន្ដបង្កឃើញជិះគ្នាច្រើនរួមមានប្រពន្ធនិងកូនករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលអោយជនបង្ករងរបួសរយះមុខរយះមាត់ឈាមហូរស្រោចពេញខ្លួនហើយប្រពន្ធនិងកូនរងរបួសធ្ងន់ស្រាលថែមទៀត។រីឯរថយន្ដរងគ្រោះត្រូវគេស្គាល់ថាជារបស់ឈ្មោះហេងហៅ តត ថៅកែសណ្ឋាគារហេងហេង ក្នុងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ។សាក្សីផ្សេងទៀតបានអោយដឹងថាឃើញជនបង្កឈ្មោះទ្បាយសុភាពនិងប្រពន្ធកូនបាននាំគ្នាទៅស៊ីផឹកសប្បាយនៅរមណីយដ្ឋានធម្មជាតិទំនប់៩៥នៅព្រឹកថ្ងៃទី០៩កញ្ញា២០១៤ផងដែររំលងបន្ទាប់មកក៍ឃើញគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរកើតទ្បើងតែម្ដងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃដដែលហើយរថយន្ដបង្ក១គ្រឿងនេះរងការខូចខាតស្ទើរទាំងស្រុង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថានៅព្រឹកថ្ងៃទី១០កញ្ញា២០១៤នេះកំលាំងនគរបាលចរាចរណ៍បានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ។រថយន្ដទាំង២គ្រឿងនឹងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់តាមរយះគ្រោះថ្នាក់ចរាចរនេះមជ្ឈដ្ឋានប្រជាពលរដ្ឋបាននិយាយរិះគន់ថាសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះវិហាររហូតដល់កងរាជអាវុធហត្ថថ្នាក់ខេត្តឧស្សាហ៍ឃើញបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណះជាញឹកញាប់ដើមហេតុមកពីចូលចិត្តបើកបររថយន្ដល្មើសច្បាប់ព្រហើនកោងកាចមិនខ្លាចបុកប្រជាពលរដ្ឋស្លាប់បាត់បង់អាយុជីវិតនោះទេ។
ប្រជាពលរដ្ឋបានដាក់រហស្សនាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារក្នុងសម័យលោកកងសៅគុណដឹកនាំបន្ទាយថាជាអធិរាជហើយបានខំតាំងខ្លួនឯងជាចៅហ្វាយប្រជាពលរដ្ឋទៅវិញព្រោះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារមួយចំនួនធំកំពុងបណ្តែតបណ្តោយខ្លួនអោយក្លាយទៅជាជើងកាងនៅតាមទីសាធារណះអាងអំណាចបុណ្យសក្តិជាធំសូម្បីស្ថាប័នតុលាការខេត្តព្រះវិហារក៍ខ្លាចញញើតដែរ។
ប្រជាពលរដ្ឋបានលើកទ្បើងថាកងរាជអាវុធហត្ថខេត្តព្រះវិហារសព្វថ្ងៃនេះធ្វើអ្វីតាមអំពើចិត្តតាំងខ្លួនឯងជាអធិរាជម៉ាខេត្តព្រះវិហារចង់បង្កអំពើហិង្សាបើករថយន្ដលឿនល្មើសច្បាប់បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ,ចង់ស៊ីឈ្នួលកាងផ្លូវអោយថៅកែគ្រញូងទុច្ចរិត,ចង់ជួញដូរដឹកជញ្ជូនឈើប្រណីត,ចង់ប្រមាថចាប់ចងគេឯងនិងចុងក្រោយដាក់កំលាំងតាមគោលដៅគ្រប់ច្រកល្ហកប្រមូលលុយពីឈ្មួញដឹកឈើក៍មិនខុសច្បាប់ដែរ៕
មតិយោបល់