ខេត្តព្រៃវែង៖ តាមការអោយដឹងពីប្រធានការិយាល័យបុគ្គលិកនៃស្នងការខេត្តព្រៃវែងអោយដឹងថា នៅក្នុងឆ្នាំ២០១៤នេះ មានមន្ត្រីប៉ូលីសចំនួន ៣៥នាក់ កំពុងធ្វើបែបបទថ្មីបញ្ជូនទៅក្រសួងដែលត្រូវចូលនិវត្តន៍ ក្នុងនោះ ១៨នាក់ត្រូវបានទទួលសេចក្តីជូនដំណឹងធ្លាប់មកពីក្រសួងមកដល់ស្នងការហើយ ព្រោះពួកគាត់បានបំពេញការងារបំរើបុព្វហេតុជាតិមាតុភូមិតាំងពីឆ្នាំ ១៩៧៩មកម្ល៉េះ។ មានន័យថាមន្ត្រីប៉ូលីសចាស់ដល់ថ្ងៃត្រូវ ចូលនិវត្តន៍ទុកឳកាសអោយក្មេងស្រករក្រោយបន្តចូលបំរើជាតិមាតុភូមិនៃយើងនេះ ។
ទន្ទឹងនឹងការចូលនិវត្តន៍នេះផងដែរ មានមន្ត្រីប៉ូលីសមួយចំនួន គាត់មានចិត្តចង់សំរាកពីការងារ ។ ប៉ុន្តែ មន្ត្រីប៉ូលីសខ្លះមិនចង់ចូលនិវត្តន៍នោះទេ ទោះបីក្រសួងមហាផ្ទៃសំរេចអោយចូលនិវត្តន៍ក៏ដោយចុះ ។
យ៉ាងណាមិញ ដូចជាមន្ត្រីប៉ូលីសមួយរូបនៅក្នុងស្នងការខេត្តព្រៃវែង នៅមានចិត្តរារែកមិនចង់ចូលនិវត្តន៍ ក៏ចំណាយលុយផ្ទាល់ខ្លួនអស់ប្រមាណ ៣០០ដុល្លាអាមេរិក អោយអនុប្រធានការិយាល័យបុគ្គលិកនៃស្នងការ ខេត្តព្រៃវែងរត់ការពន្យា កុំអោយចូលនិវត្តន៍ តែលទ្ធផលក្រសួងមហាផ្ទៃបានចេញសេចក្តីសំរេចត្រូវ ចូលនិវត្តន៍ ធ្វើអោយរូបគាត់ខាតបង់អស់លុយប្រមាណ ៣០០ដុល្លាអាមេរិក ក្រោមគំនិតខិលខូចរបស់មន្ត្រីអនុប្រធានការិយាល័យបុគ្គលិក។
ទោះបីដឹងថា សេចក្តីសំរេចរបស់មន្ត្រីប៉ូលីសរូបនោះ ត្រូវចូលនិវត្តន៍មិនអាចពន្យាបានក៏មិនព្រមបង្ចិលលុយទៅអោយសាម៉ីខ្លួនគេវិញនោះទេ ។ ក្នុងពេលនេះ អាថ៌កំបាំងត្រូវបានបែកធ្លាយចេញមកក្រៅស្អុយច្រាស់ ខ្យល់មិនដឹងជាលោកស្នងការខេត្តព្រៃវែងមានបានជ្រាបដែរទេក្នុងរឿងនេះ ។
ជៀសវាងកុំអោយជះអទ្ធិពលអាក្រក់នៅក្នុងអង្គភាពនៃស្នងការ គួរតែលោកស្នងការចាត់ការបោសសំអាតមន្ត្រីខិលខូចលួចប្រព្រឹត្តអំពើពុករលួយនេះ ចេញទុកជាគំរូល្អសំរាប់កូនចៅដទៃទៀត ។
ពាក់ព័ន្ធនៃការចោតប្រកាន់នេះផងដែរ ភ្នាក់ងារយើងទាក់ទងសុំការបំភ្លឺពីលោក ឯក ពេញ អនុប្រធាន ការិយាល័យបុគ្គលិកនៃស្នងការនគរបាលខេត្តព្រៃវែង ក្នុងរឿងយកលុយ ៣០០ដុល្លាអាមេរិក រត់ការពន្យា កុំឲ្យមន្ត្រីរូបនោះចូលនិវត្តន៍ លោកឆ្លើយបដិសេធថា អត់បានទទួលលុយរត់ការស្អីទេ ។
ចំណែកមន្ត្រីដែលពាក់ព័ន្ធឲ្យលោក ឯក ពេញ ជួយរត់ការពន្យាការចូលនិវត្តន៍ បានបញ្ជាក់យ៉ាងច្បាស់ថា គឺពិតជាបានចំណាយលុយ ៣០០ដុល្លាអាមេរិក ប្រាកដមែន ៕
មតិយោបល់