ព័ត៌មានជាតិ

រថយន្ត ចែ​ដែត ដឹក​សំពីងសំពោង ក្រឡាប់​ដោយសារ​ស្គាល់ចិត្ត​សមត្ថកិច្ច​

​ត្បូងឃ្មុំ​៖ រថយន្ត​ដឹក​សំពីងសំពោង​ទាំងយប់​ទាំង​ថ្ងៃ រហូត​ដល់​ក្រឡាប់ ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់ថា ដោយសារ​ថៅកែ​រថយន្ត​ដឹកទំនិញ​ទាំងនោះ ស្គាល់ចិត្ត​ប៉ូលីស​របស់​ស្នងការ​ខេត្ត​ត្បូងឃ្មុំ ទើប​ហ៊ាន​ដឹក​បំពាន​បែប​នេះ ហើយ​បណ្តាលឲ្យ​ក្រឡាប់​ទាំង​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤ ចំណុច ជិត​ផ្សារ​ស្ទឹង​ខាងលិច ស្ថិតក្នុង​ភូមិ​ពោ​រោង​លិច ឃុំ​កោង​ការ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​
​ ​
​សមត្ថកិច្ច​ប៉ូលីស​ស្រុក​ពញាក្រែក​បានឲ្យដឹងថា រថយន្ត​ដែល​ក្រឡាប់​នោះ​មាន​ម្ចាស់​ឈ្មោះ ចែ​ដែត ផ្សារ​ក្រែក ហើយ​រថយន្ត ម៉ាក​ហ៊ី​ណូ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ យ​.០៦០០ ភ​.​ព​.៣ ដឹកទំនិញ មាន មី​សញ្ញា​ខ្លា​ឃ្មុំ សាប៊ូ ប្រដាប់ប្រដា​ក្មេង​លេង និង​ឥ​វ៉ាន់​ចាប់ហួយ យក​មក​ពី​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុង ហើយ​មក​ក្រឡាប់​ចំណុច​ខាងលើ​តែម្តង ។ ហេតុការណ៍​នេះ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ ។​

​ ​ហើយ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា គេ​ឃើញ​មាន​កម្លាំង​ប៉ូលីស​ចរាចរ​របស់​លោក ស្នងការ​ខេត្ត​ដាក់​នៅ ត្រួតពិនិត្យ​ជិត​សាលាខេត្ត​ត្បូងឃ្មុំ ជាប់​ជាប្រចាំ​ដែរ ហេតុ​អី​នៅតែ​មាន​រថយន្ត​ដឹក​សំពីងសំពោង​យ៉ាង​រលូន​ទៅវិញ ។​
​ ​លោក ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​ខេត្ត​ត្បូងឃ្មុំ​វិញ​បាន​អះអាង​ថា កន្លងមក​កម្លាំង​យើង​អនុវត្តន៍​ជា​បឋម ហើយ​មាន​ភាពទន់ភ្លន់​ទៀត​នោះ បាន​ពិន័យ​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​រាប់រយ​គ្រឿង នឹង​បាន​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹក​បែបនេះ ។ ឥលូវ​នេះ​យើង​បាន​អនុវត្តន៍​តាម​ច្បាប់​ចរាចរ យើង​បាន​ទទួល​គោលការណ៍​ពី​ឯកឧត្តម​នាយ​ឧត្តម​អគ្គស្នងកា​រ​នគរបាលជាតិ និង ឯកឧត្តម​អភិបាលខេត្ត​ហើយ គឺ​រឹតបន្តឹង​រថយន្ត​ដែល​ដឹក​សំពីងសំពោង​បែបនេះ ត្រូវ​ទំលាក់ចោល​ទាំងអស់ ហើយ​យើង​ត្រូវ​សហការ​រួម​ធ្វើ​ទាំងអស់គ្នា ៕

2014-09-13_112940

មតិយោបល់