ព័ត៌មានជាតិ

ល្បែង​តា​យ ស៊ីវ គ្មាន​ច្បាប់​កំពុង​បន្ត​បើក​លេង​យ៉ាង​ក្រ​អើត​តែ​ដដែល​ក្នុង​បរិវេណ​កាស៊ីណូ​ដឺ​វី​មាណ​

ខេត្ត​កំពត​៖ ល្បែង​តា​យ ស៊ីវ គ្មាន​ច្បាប់​ទំលាប់​ដែល​កំពុងបើក​លេង​យ៉ាង​ក្រ​អើត​ដោយ​ជ្រក​ក្រោម​ផ្លាក​យីហោ កាស៊ីណូ​ដឺ​វី​មាណ​ដែល​មាន​ទីតាំង​ក្នុង​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពុងត្រាច ខេត្ត​កំពត នោះ​ឥឡូវ​កាន់តែ​បើក​ស្វាគមន៍​ភ្ញៀវ​កាន់តែ​ទ្វេរ​ឡើង ដែល​ធ្វើ​ឲ្យ​ថៅកែ​ល្បែង​តា​យ ស៊ីវ ជា​ជនជាតិ​វៀតណាម​ម្នាក់​នោះ​កាន់តែ​ឡើង​កូដ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
ចំពោះ​ការបើក​លេង​ល្បែង តា​យ ស៊ីវ ក្នុង​បរិវេណ​កាស៊ីណូ​ដឺ​វី​មាណ​ដោយ​ចំហ​នេះ ក៏​មាន​ប្រភព​អះអាង​ថា​ថៅកែ​តា​យ ស៊ីវ មិនទាន់​រត់ការ​ច្បាប់​នៅឡើយ​ទេ​ម្យ៉ាងទៀត​ល្បែង​តា​យ ស៊ីវ ខាងលើ​បើកចាក់​ភ្នាល់​១​ដៃៗ​រាប់ពាន់​ដុល្លា ថែមទាំង​មាន​មនុស្ស​ចោមរោម​ចាក់​ស៊ីសង​ស្រែក​ហ៊ោកញ្ជ្រៀវ​ពេញ​បរិវេណ​កាស៊ីណូ ប៉ុន្តែ​បែរជា​គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ទៅ​ស្រៀស​សៃ​ម្តងសោះ​។​ប្រភព​ដ៏​ជឿជាក់​ខាងលើ​បាន​បង្ហើប​ទៀតថា ការបើក​ល្បែង​តា​យ ស៊ីវ ក្នុង​បរិវេណ​កាស៊ីណូ ដឺ​វី​មាណ បាន​ដោយ​រលូន​បែបនេះ ដោយសារ​ថៅកែ​ជនជាតិ​វៀតណាម​រូបនោះ សំអាង​លើ​ច្បាប់​របស់​កា​សី​ុ​ណូ​វីមាណ​តែ​ប៉ុណ្ណោះ​ទើប​ឆ្លៀត​ឱកាស​មក​សំងំ​បើក​លេងសីុ​សង​ក្បែរៗ​នោះ​តែម្តង ព្រោះ​គេ​គិតថា ការបើក​បន​ល្បែង​ក្នុង​បរិវេណ​កាស៊ីណូ​ពិតជា​មាន​សុវត្ថិភាព គឺ​គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ជំនាញ​ណាមួយ​មក​រំខាន​ឡើយ ពិសេស​ជាងនេះទៅទៀត គ្មាន​ខ្ទង់ចំណាយ​ដូច​ម្ចាស់​កាស៊ីណូ​នោះឡើយ ដោយ​គ្រាន់តែ​ចំណាយ​បន្តិចបន្តួច​ជូន​ដល់​អ្នក​កាង​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​។​ប្រភព​បាន​បញ្ជាក់ថា ល្បែង​តា​យ ស៊ីវ ដែល​កំពុងបើក​លេង ដោយ​ជ្រក​ក្រោម​ដំបូល​កាស៊ីណូ ដឺ​វី​មាណ នោះ ហាក់​មាន​ភាព​ក្រ​អើត​គឺ​មិន​ខ្លាច​ច្បាប់​ថែម​ទាំង​គ្មាន​ញញើត​អាជ្ញាធរ​និង​សមត្ថកិច្ច​តំបន់​បន្តិច​ឡើយ កុំ​ថា​ឡើយ​ប៉ូលិស ប៉េអឹម សូម្បី​ស្ថាប័ន​ជំនាញ​ផ្សេងៗ​ក៏​ថៅកែ​ល្បែង​តា​យ ស៊ីវ ម្នាក់​នេះ​ព្រឺ​ផង ហើយ​ប្រសិន​មាន​គេ​សួ​នាំ​មេ​តា​យ ស៊ីវ វៀតណាម​នោះ បែរ​ជា​ប្រាប់ថា ជា​របស់​កាស៊ីណូ​ដឺ​វី​មាណ​ដែល​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ តែ​ធាតុពិត​លួច​មក​ជ្រក​ក្រោម​ផ្លាក​យីហោ​គេ​សោះ ហើយ​មេ​តា​យ ស៊ីវ នេះ បើ​ចាក់​គឺ​ស៊ី​មិន​ដែល​សង​នោះ​ទេ​។​
ទន្ទឹម​នឹង​មាន​លួច​បើក​ល្បែង​តា​យ ស៊ីវ ខាងលើ ក៏​មាន​គេ​លួច​ទំលាយ​ថា នៅក្នុង​ទីប្រជុំជន​ស្រុក​កំពុងត្រាច មាន​មេ​ស៊ីសង​កន្ទុយលេខ ជិត​១០​នាក់​ដែល​ប្រកប​អាជីវកម្ម​ស្ទើ​ដុះ​ស្លែ​ទៅហើយ​តែ​ហាក់​គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប ដូច​ជា​មេ​ឆ្នោត ឈ្មោះ ហ៊ា ហ៊ ម៉ែ​បញ្ញា ចែ​ឌៀប គ្រូ ង​ន លី​និង​ពូ​ប្រុស ដែល​ផ្ទះ​ក្បែរ​សាលាឃុំ​អង្គ​សុរភី​។​
ទាក់ទិន​នឹង​ល្បែង​តា​យ ស៊ីវ ក៏ដូចជា​ល្បែង​កន្ទុយលេខ​ខាងលើ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​សមត្ថកិច្ច​ខេត្ត​កំពត គួរតែ​តម្លើង​សាច់ដុំ​ចុះ​មក​បង្ក្រាប​យក​ស្នាដៃ​ម្តង​មើល​។​បើ​សមត្ថកិច្ច​អាច​បង្ក្រាប​ល្បែង​ដូច​ខាងលើ​នេះ​បាន​មែន​ពួកគាត់​ពិតជា​សប្បាយចិត្ត លែង​មាន​ទុក្ខ​កង្វល់​ទៀតឡើយ​៕​
123

មតិយោបល់