ព័ត៌មានជាតិ

ទុស្សេ​ខ្សែភ្លើង​ឆេះ​នៅ​កណ្តាល​ផ្សារលើ​សំណាង​ល្អ​ជួយ​ពន្លត់​ទាន់​

​សៀមរាប​៖ នេះ​ជា​លើក​ទី​៣​ហើយ​នៅក្នុង​ឆ្នាំ​២០១៤​ដែល​ផ្សារលើ​ធំ​ថ្មី​នៃ​ខេត្ត​សៀមរាប​ទទួល​​រង​នូវ​ការគំរាមកំហែង​ដោយ​ទុស្សេ​ចរន្តអគ្គិសនី​បណ្តាលឲ្យ​ឆាបឆេះ​ខ្សែភ្លើង​មួយចំនួន​តែ​មិន​​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​តូប​លក់ដូរ​របស់​អាជីវ​ករ​ឡើយ ព្រោះ​ត្រូវ​គេ​ជួយ​ពន្លត់​ទាន់​​ពេល ហើយ​ករណី​នេះ​អាជីវករ​លក់ដូរ​នៅ​ផ្សារលើ​បាន​ធ្វើ​ការរិះគន់​អ្នកគ្រប់គ្រង​ផ្សារ​លើ​ធំ​ថ្មី​និង​អាជ្ញាធរ​ពាក់​ពន្ធ័នៃ​ខេត្ត​សៀមរាប​មិន​អើពើ​សោះឡើយ ដោយ​មួយថ្ងៃៗ​អង្គុយ​ចាំតែ​​កើប​លុយ​ប៉ុណ្ណោះ​។​

ហេតុ​ការបង្កឲ្យ​មាន​ការភ្ញា​ក់​ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​១៨​ខែកញ្ញា​នៅ​កណ្តាល​ផ្សារលើ​ធំ​ថ្មី​នៃ​ក្រុង​សៀមរាប​។​
​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុន​កើតហេតុ​ពួក​ខ្ញុំ​ប្រាប់​ជាងភ្លើង​ប្រចាំ​ផ្សារ​​នេះ​ថា កាលពី​ថ្ងៃ​ទី​១៦​ខែកញ្ញា​មាន​ករណី​ទុស្សេ​ខ្សែភ្លើង​នៅលើ​បង្គោល​កណ្តាល​ផ្សារ​ម្តង​មក​​ហើយ​ដែល​ឃើញ​ខ្សែ​រប៉ាត់រប៉ាយ​នៅតាម​សសរ​កណ្តាល ពេល​នោះ​ជាងភ្លើង​ក៏​បាន​មក​បិទ​​កុងតាក់​ភ្លើង​ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​រហូតមកដល់​ថ្ងៃកើតហេតុ ខ្សែភ្លើង​ទាំងនោះ​នៅតែមាន​​ភាព​រញ៉េរញ៉ៃ​ដដែល​។ ប្រភព​ពី​អា​ជីករ​ម្នាក់​ទៀត​បានឲ្យដឹងថា ចាប់តាំងពី​ពួកគាត់​មក​ចូល​​លក់​ដំបូង គាត់​បាន​សង្កេតឃើញថា មានការ​ទុស្សេ​ឆាបឆេះ​ខ្សែភ្លើង​ចំនួន​៣​ដង​មក​ហើយ​នៅ​​ឆ្នាំ​២០១៤​នេះ ហើយ​ករណី​នេះ​ពួកគាត់​មិនដែល​ឃើញ​អ្នកគ្រប់គ្រង​ផ្សារ​នេះ​មក​ពិនិត្យមើល​​សោះឡើយ ដោយ​ឃើញ​តែ​ដើរ​ប្រមូល​លុយ​ប៉ុណ្ណោះ​។​

​ ​សមត្ថកិច្ច​បានឲ្យដឹងថា គ្រាន់តែ​មាន​សេចក្តីរាយការណ៍​ពី​សំណាក់​អាជីវករ​ថា មាន​ករណី​ទុស្សេ​ខ្សែភ្លើង​នៅ​ក្នង​ផ្សារលើ​ធំ​ថ្មី​នេះ​ភ្លាម លោក​បានឲ្យ​កម្លាំង​ប្រចាំ​ការចូល​ទៅ​ជួយ​​ពន្លត់​។​សមត្ថកិច្ច​បាន​បន្ត​ឲ្យដឹង​ទៀតថា ក្នុង​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​នេះ​ជា​ភ័ព្វសំណាង​ទីនោះ​មាន​បំពង់​ពន្លត់​អគ្គិភ័យ​ច្រើន​ទើប​អាច​ជួយ​ពន្លត់​បាន​ទាន់​ហេតុ​ការ​មិន​បណ្តាលឲ្យ​មាន​ការរាល​ដា​ល​ដល់​តូប​លក់ដូរ​ផ្សេងៗ​ទៀតឡើយ ហើយក៏​មិន​មាន​ខូចខាត​ដល់​ទ្រព្យ​​សម្បត្តិ​ផ្សេងៗ​នោះទេ ដោយ​គ្រាន់តែ​ម្នាក់ៗ​ភ័យ​ស្លន់ស្លោ​ភ្នែក​ស​ព្រាត ខណៈពេលដែល​​ឃើញ​ហេតុ​ការ​បែបនេះ​កើតឡើង​។​
​ ​ករណីនេះ​ក្រុមអាជីវករ​បាន​ធ្វើការ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់​ពន្ធ័​ជួយ​គិតគូរ​ករណី​ហា​​និភ័យ​នៅ​ផ្សារ​លើ​ធំ​ថ្មី​នេះ​ផង ព្រោះ​ខ្លាច​មាន​ករណី​ឆាបឆេះ​ដូច​នៅ​ផ្សារ​ដើម​ក្រឡាញ់​ទៀត​៕

2014-09-19_190623

មតិយោបល់