កំពង់ឆ្នាំង៖ ទីតាំងម៉ាស៊ីនជ្រៀកឈើដុះស្លែរ២កន្លែង ដែលកំពុងធ្វើសកម្មភាពជ្រៀក ឈើទាំងថ្ងៃទាំងយប់ មិនត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបនោះឡើយ ខណៈគេដឹងថា ម្ចាស់ម៉ាស៊ីនជ្រៀកឈើទាំង២កន្លែងនោះ មានសាច់ញាតិជាមន្ត្រីនៅខ័ណ្ឌរដ្ឋបាល ព្រៃ ឈើកំពង់ឆ្នាំង។ម៉ាស៊ីនជ្រៀកឈើទាំង២នោះជារបស់ឈ្មោះ វន សាមៀន ជាឈ្មួញ រកស៊ី ទិញលក់ឈើ មានទីតាំងនៅក្នុងដីឡូត៍ផ្ទះរបស់ វន សាមៀន តែម្តង ដែល ស្ថិត នៅក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ និងមួយកន្លែងទៀតជារបស់ឈ្មោះ ជៀន មានទីតាំងនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរដែរ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបាននៅក្បែរទីតាំងខាងលើអោយដឹងថា៖ម៉ាស៊ីនជ្រៀកឈើទាំង២ខាងលើនេះ បានដឹកឈើពីស្រុកលើយកមកអារជ្រៀក ដើម្បីយកទៅលក់ ចែកចាយអោយតាមដេប៉ូលក់ឈើនៅក្នុងស្រុករលាប្អៀរ និងក្នុងក្រុងកំពង់ឆ្នាំង ដែលដេប៉ូ មួយចំនួនជាក្រុមគ្រួសាររបស់មន្ត្រីរដ្ឋបាលព្រៃឈើ ព្រោះតែហេតុនេះហើយទើបគេគ្មាន ការបង្ក្រាប។
លោក ហោ ដារា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះអោយដឹងថា៖ករណីអារ ជ្រៀកឈើនៅចំណុចទាំង២ខាងលើនោះ លោកមិនបានដឹងទេ តែលោកនឹងធ្វើការស្រាវជ្រាវ និងបង្ក្រាបអោយ បាន មិនអោយខូចឈ្មោះមេព្រៃ និងមិនអោយកើតមានភាពអនាធិប្បតេយ្យបែបនេះឡើយ។
ករណីនៃបទល្មើសខាងលើនេះលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកនេះដែរថា៖ទីតាំងបទល្មើសទាំង២ទីតាំងខាងលើនេះ លោកនឹងធ្វើការស្រាវជ្រាវជាមួយសមត្ថកិច្ចជំនាញ ដើម្បីធ្វើការបង្ក្រាបអោយបាន មិនអោយពួកជនទុច្ចរឹតសម្ងំរកស៊ីបំផ្លាញព្រៃឈើរបស់ជាតិតាមចិត្តនោះឡើយ។
ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងខេត្តនឹងចាំមើលថា តើលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចជំនាញ បង្ក្រាបទីតាំងអារជ្រៀកឈើដុះស្លែរលួចលាក់ខាងលើនេះបានឬអត់ ខណៈដឹងទីតាំងពិតប្រាកដហើយនោះហើយម៉ាស៊ីនអារឈើទាំង២ខាងលើនេះ ក៍កំពុង បញ្ចេញសំឡេងរំខានដល់ប្រជាពលរដ្ឋជិតខាងជារៀងរាល់ថ្ងៃផងដែរ មិនត្រឹមតែប៉ុណ្ណោះ ការដឹកឈើលើផ្លូវនោះបានធ្វើអោយផ្លូវលំមួយចំនួនខូចខាតជាច្រើនផងទៀតដែរ៕
មតិយោបល់